គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក៖ ពានរង្វាន់សុវត្ថិភាពចរាចរណ៍ ផ្លូវគោកអន្តរជាតិ ព្រះអង្គម្ចាស់ម៉ៃឃើល គឺជាជោគជ័យធំធេងសម្រាប់កម្ពុជា
22-12-2016 08:15
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចាត់ទុកថា ការទទួលបាន «ពានរង្វាន់សុវត្ថិភាពចរាចរណ៍ ផ្លូវគោកអន្តរជាតិ ព្រះអង្គម្ចាស់ម៉ៃឃើល» ឆ្នាំ២០១៦ គឺជាជោគជ័យដ៏ធំធេងសម្រាប់កម្ពុជា ដែលកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នារបស់ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក កម្លាំងមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមចំណែក ដោយមិនអាចខ្វះបានពីបងប្អូនប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ផ្លូវ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍។
ជាមួយគ្នានេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏អំពាវនាវដល់ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាខិតខំបន្តទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត លើការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា។
សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញទទួលពានរង្វាន់ «ពានរង្វាន់សុវត្ថិភាពចរាចរណ៍ ផ្លូវគោកអន្តរជាតិ ព្រះអង្គម្ចាស់ម៉ៃឃើល» ឆ្នាំ២០១៦ ដោយផ្ទាល់នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស៕