រឿងទំនាស់បិទផ្លូវនៅក្រុងច្បារមន៖ អាជ្ញាធរខេត្តសម្រេចឲ្យភាគីជម្លោះ ដាក់ប្រាក់ជូនអាជ្ញាធរមូលដ្ឋានម្នាក់៤លានរៀល សម្រាប់ជួសជុលកន្លែងដែលខូចខាត
21-12-2016 14:34
(កំពង់ស្ពឺ)៖ ជម្លោះរឿងផ្លូវដឹកដីរវាងក្រុមហ៊ុនចំនួន២ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពី៣ថ្ងៃកន្លងទៅ លោក ព្រុំ វណ្ណៈ អភិបាលរងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ បានណែនាំឲ្យភាគីទំនាស់ដាក់ប្រាក់ក្នុងម្នាក់៤លានរៀល ជូនចៅសង្កាត់ច្បារមន សម្រាប់ជួសជុលកន្លែងដែលរងការខូចខាតនានា ក្នុងមូលដ្ឋាន។
ករណីទំនាស់គ្នានេះកើតឡើងនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រវាងលោកស្រី សុខ សៀមស្រូយ និងលោក គួង ហេង តំណាងក្រុមហ៊ុនតាំងសុធា។
បន្ទាប់ពីបានស្តាប់ចម្លើយ របស់គូទំនាស់ទាំងពីររួចមក លោក ព្រុំ វណ្ណៈ បានណែនាំឲ្យភាគីពាក់ព័ន្ធស្រុះស្រួលគ្នា ក្នុងនាមជាអ្នកប្រើប្រាស់ផ្លូវដូចគ្នា ត្រូវជួយគ្នាថែរក្សា ដោយបានណែនាំឲ្យភាគីទាំងពីរ ដាក់លុយជូនចៅសង្កាត់ច្បារមន ក្នុងម្នាក់ៗ៤លានរៀល ដូចគ្នា។
ភាគីទាំងពីរបានយល់ព្រមទៅនឹងសំណើរខាងលើ និងបានសន្យាថា នឹងប្រើផ្លូវនេះបណ្តើរ ជួសជុលបណ្តើរ មិនឲ្យខូចទៀតនោះទេ ហើយចាប់ពីពេលនេះតទៅ ការប្រើប្រាស់លែងមានទំនាស់ និងគ្មានការបិទផ្លូវទៀតឡើយ៕