Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខដឹកនាំកម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ថែរក្សាសុខសន្តិភាព និងពង្រីកទំហំពាណិជ្ជកម្ម ឲ្យកើនដល់៥ពាន់លានដុល្លារ

21-12-2016 08:12

(ភ្នំពេញ)៖ ប្រមុខដឹកនាំនៃប្រទេសកម្ពុជា និងវៀតណាម បានប្តេជ្ញារួមគ្នា ពង្រឹងនូវកិច្ចសហប្រតិបត្តិការឲ្យបានល្អ ដើម្បីថែរក្សាសុខសន្តិភាព និងពង្រីកទំហំពាណិជ្ជកម្មឲ្យកើនឡើងដល់៥ពាន់លានដុល្លារ នេះបើតាមការចុះផ្សាយរបស់ Facebook សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ។

ព័ត៌មានដដែលបានសរសេរថា កាលពីយប់មិញនេះ នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វ៊ុក បានរៀបចំពិធីលៀងសាយភោជន៍ ជូនជាកិត្តិយសដល់សម្តេចតេជោ ហ៊ុន សែន នាករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកំឡុងទស្សនកិច្ចជាផ្លូវការ រយៈពេល២ថ្ងៃនេះ។

Facebook សម្តេចតេជោ បានសរសេរទៀតថា «ជាប្រទេសដែលនៅជិតខាងគ្នា គឺប្រមុខដឹកនាំនៃប្រទេសទាំងពីរ បានប្តេជ្ញាពង្រឹងនូវកិច្ចសហប្រតិបត្តិការឲ្យបានល្អ ដើម្បីថែរក្សានូវសុខសន្តិភាព និងពង្រីកទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរឲ្យកើនឡើង៥ពាន់លានដុល្លារ ដើម្បីប្រទេសជាតិកាន់តែរីកចម្រើនទៅមុខ»

នៅព្រឹកថ្ងៃទី២១ ខែធ្នូនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញបន្តដំណើរ ទៅកាន់ទីក្រុងហូជីមិញ ដើម្បីបញ្ចប់ទស្សនកិច្ចផ្លូវការចុងក្រោយ ហើយនឹងអញ្ជើញវិលត្រឡប់ ទៅកាន់កម្ពុជាវិញនៅពេលល្ងាចនេះ៕