Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូល​សាខាខេត្តព្រៃវែង រកឃើញ​ទំនិញ​ជាច្រើនមុខ ហួស​កាលបរិច្ឆេទ លក់​ក្នុងផ្សារ​កំពង់ត្របែក​

20-12-2016 15:07

(ព្រៃវែង)៖ មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង ដឹកនាំដោយលោក តូច ចៅកុយ អនុប្រធានកាំកុងត្រូលនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នគរបាលសេដ្ឋកិច្ច និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យនិងណែនាំ ដល់អាជីវករលក់ដូរទំនិញ នៅផ្សារកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយរកឃើញទំនិញជាច្រើនមុខ ហួសកាលបរិច្ឆេទ ហើយបានដកហូតយកមកទុកដុកកំទេចចោល។

លោក តូច ចៅកុយ អនុប្រធានសាខាកាំកុងត្រូលខេត្តព្រៃវែង បានឲ្យដឹងថា ក្រុមការងាររបស់លោក បានធ្វើការត្រួតពិនិត្យ តាមផ្ទះលក់ទំនិញនានា នៅផ្សារ កំពង់ត្របែកនេះ បានរកឃើញទំនិញខូចគុណភាពចំនួន១៩ មុខដាក់លក់ហួសកាលបរិច្ឆេទ ខូចគុណភាពទ្រង់ទ្រាយដើម និងបានធ្វើការដកហូត យកទៅទុកដុតកំទេចចោល។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ  និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលប៉ះពាល់ ដល់សុខភាព ដែលបណ្តាលមកពីបរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយ បន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ។

ទន្ទឹមនឹងនេះ ក្រុមការងារបានធ្វើការណែនាំ ដល់អាជីវករឲ្យជៀសវៀង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំ អាជីវករឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាសផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ជៀសវៀងនូវការដាក់តាំង លក់ទំនិញហួស កាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រែះស៊ីស និងទំនិញដែលមានសារធាតុគីមីហាមឃាត់។

មន្រ្តីកាំកុងត្រូល ក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរនិងចែកចាយ តែទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕