ឃាតកម្មប្លន់សម្លាប់និស្សិតឆ្នាំទី៣ម្នាក់ តុលាការសម្រេចផ្តន្ទាទោស ជនដៃដល់ទាំង៣នាក់ ដាក់ពន្ធនាគារអស់មួយជីវិត
16-12-2016 13:53
(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោកចៅក្រម អ៊ី ថាវរ: នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ បានប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ ជនជាប់ចោទ៣នាក់ អស់មួយជីវិត នៅក្នុងរឿងឃាតកម្មប្លន់សម្លាប់និស្សិតឆ្នាំទី៣ម្នាក់។
សូមបញ្ជាក់ថា អំពើឃាតកម្មប្លន់សម្លាប់ជនរងគ្រោះនេះ កើតឡើងកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនរងគ្រោះជានិស្សិតឆ្នាំទី៣ម្នាក់ ដោយជនល្មើសប្រើឈើជ្រុងយ៉ាងធំវាយទៅលើក្បាលរហូតស្លាប់ រួចមកកម្លាំងអាវុធហត្ថ ការិយាល័យស្រាវជ្រាវប្រឆាំងបទល្មើសព្រហ្មទណ្ឌរាជធានីភ្នំពេញសហការជាមួយអាវុធហត្ថខណ្ឌសែនសុខ និងអាវុធហត្ថខេត្តកណ្ដាល ចុះបង្ក្រាបជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៣នាក់ ចំថ្ងៃប្រារព្ធបុណ្យ៧ថ្ងៃ របស់ជនរងគ្រោះតែម្ដងរួមជាមួយនឹងវត្ថុតាងមកជាមួយផងដែរ។
មន្ត្រីអាវុតហត្ថបញ្ជាក់ថា ជនល្មើសម្នាក់ឈ្មោះ ពង់ វុទ្ធី (ហៅ បាប៊ូ) អាយុ២៣ឆ្នាំ (ជនដៃដល់) បានលាក់ខ្លួននៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល និងបក្ខពួក២នាក់ទៀតមានឈ្មោះ យាំ ភឿន អាយុ២៩ឆ្នាំ(ជនដៃដល់) និងម្នាក់ទៀតឈ្មោះ ជិន ភក្តី អាយុ១៩ឆ្នាំ (អ្នកចាំមើលផ្លូវ) នៅភូមិអន្លង់បាន ឃុំបូរីជលសា ស្រុកបូរីជលសា ខេត្តតាកែវ។
ជនដៃដល់ទាំង៣នាក់នេះធ្លាប់បានប្រាប់សមត្ថកិច្ចថា កន្លងមកពួកគេធ្លាប់ធ្វើសកម្មភាព លួច ឆក់ ប្លន់ជាច្រើនដងមកហើយ ហើយលុយដែលធ្វើសកម្មភាពបាននោះ គឺយកទៅចែកគ្នាដើរស៊ីចាយ និងជក់គ្រឿងញៀនក្នុងនោះឈ្មោះពង់ វុទ្ធី (ហៅ បាប៊ូ) ក៏ធ្លាប់ជាប់គុកកាលពីឆ្នាំ២០០៨ផងដែរ៕