Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្លូវ១ខ្សែនៅជាប់​បន្ទាយ​ទ័ពអាកាស​៩១ ត្រាំទឹក​ជាច្រើនខែ និងរថយន្ត​កិនចិញ្ច្រាំរាល់ថ្ងៃ, ពលរដ្ឋស្នើ​ដល់អាជ្ញាធរ​ចុះមើលផង! (Video inside)

13-12-2016 18:30

(ភ្នំពេញ)៖ ផ្លូវបេតុង១ខ្សែ មានទីតាំងនៅជាប់បន្ទាយកងទ័ពអាកាស៩១ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានរងនូវការខូចខាតខ្ទេចខ្ទី ស្ទើទាំងស្រុង ដោយសារតែត្រាំទឹកអស់ជាច្រើនខែ និងរថយន្តដឹកធន់ធ្ងន់ឆ្លងកាត់ ហើយចិញ្ច្រាំរាល់ថ្ងៃតែម្តង។

ប្រជាពលរដ្ឋដែលធ្វើដំណើរ និងមានទីលំនៅដ្ឋាននៅតាមបណ្តោយផ្លូវមួយនេះ សូមទទូចដល់អាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធ ចុះទៅអើតមើលផង តើការលំបាក នៃការធ្វើដំណើររបស់ពួកគាត់ ជាពិសេសកូនសិស្សមានផលលំបាកយ៉ាងណាខ្លះ?

ប្រជាពលរដ្ឋដែលរស់នៅជាប់ផ្លូវខាងលើ បានលើកឡើងនូវការរិះគន់ ទៅលើអាជ្ញាធរខណ្ឌថា មិនដែលរវីរវល់ នឹងបញ្ហាផ្លូវ១ខ្សែនេះបន្តិចណាសោះ។ ផ្លូវបេតុងមួយនេះ គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទៅមក ជារៀងរាល់ថ្ងៃ ពិសេសនោះ ផ្លូវ១ខ្សែនេះ ត្រូវទឹកជន់លិចដល់លំនៅដ្ឋានប្រជាពលរដ្ឋថែមទៀត ធ្វើឲ្យពួកគាត់មានការភ័យខ្លាចនឹងកូនតូចៗលង់ទឹក ហើយនៅពេលសិស្សសាលាទៅរៀន ត្រូវជិះវៀងឆ្ងាយ។

ប្រជាពលរដ្ឋបានបន្តថា រថយន្តបែនដឹកដីធុនធំៗ បានបើកឆ្លងកាត់ផ្លូវនេះ យ៉ាងគគ្រឹកគគ្រេងអនាធិបតេយ្យមួយថ្ងៃៗ រាប់សិបគ្រឿង តែគ្មានអាជ្ញាធរមូលដ្ឋានណា គិតគូរពីបញ្ហានេះឡើយ បណ្ដាយឲ្យផ្លូវបេតុងនេះ ប្រែក្លាយទៅជាគ្រលុកធំៗ ទឹកជន់លិចដូចផ្ទៃបឹងផ្ទៃទន្លេអស់គ្មានសល់។

ពលរដ្ឋបានរិះគន់បន្តទៀតថា ផ្លូវ១ខ្សែនេះ មិនមែនទើបតែលិច និងខូចខាតនោះទេ គឺរាប់ខែមកហើយ ពួកគាត់កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ពីបញ្ហាសុខភាពពួកគាត់ និងកូនតូចៗ ដែលងាយទទួលរងនូវការឆ្លងជំងឺផ្សេងៗ។

ប្រជាពលរដ្ឋ បានស្នើយ៉ាងទទូចដល់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ជួយគិតគូរពីបញ្ហាផ្លូវមួយនេះ ឲ្យបានឆាប់រហ័ស ព្រោះពួកគាត់កំពុងជួបការ ពិបាកខ្លាំងណាស់ ទាំងការរស់នៅ និងការធ្វើដំណើរ៕