ក្មេងក្រីក្រ៥នាក់ ដែលឪពុកម្តាយទៅធ្វើការនៅថៃ មិនឃើញត្រឡប់មកផ្ទះវិញ ទទួលអំណោយពីសប្បុរសជនខ្មែរនៅបារាំង
08-12-2016 11:33
(ពោធិ៍សាត់)៖ លោក ថន បុរី មេធាវីប្រចាំខេត្តពោធិ៍សាត់ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ បានធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយ និងលំបាកលំបិនមួយទៅកាន់ភូមិទួលខ្មែរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយនាំយកអំណោយសប្បុរសជនខ្មែរ នៅប្រទេសបារាំង ទៅចែកជូនក្រុមគ្រួសារក្មេងក្រីក្រ០៥នាក់ រស់នៅជាមួយជីដូនចាស់ជរា កំពុងមានជំងឺ ដោយសារតែឪពុកម្តាយរបស់ពួកគេ ទៅធ្វើការរកស៊ីនៅប្រទេសថៃ មិនឃើញត្រឡប់មកផ្ទះវិញ។
លោក ថន បុរី និងក្រុមកាងារបស់លោក បានទៅដល់លំនៅដ្ឋាននៃក្មេងទាំងនោះ តែបានជួបក្មេងតែ៣នាក់ជាប្អូន ឯបងស្រី២នាក់ បានទៅសាលារៀនបាត់ហើយ។ ក្នុងនោះស្រ្តីឈ្មោះ ជិន យ៉េង អាយុ៦៤ឆ្នាំ ដែលត្រូវជាជីដួនក្មេងៗ បាននិយាយថា ចៅៗរបស់គាត់មានគ្នា៥នាក់ គឺស្រី៣នាក់ ប្រុស២នាក់។ ស្រីបងអាយុ១៣ឆ្នាំ ឯប្រុសពៅអាយុ១ឆ្នាំកន្លះ ឪពុកពួកគេឈ្មោះ ហៀន ជា អាយុ៤៣ឆ្នាំ ម្តាយឈ្មោះ តែ ផា អាយុ៣៣ឆ្នាំ។
ស្ត្រីឈ្មោះជិន យ៉េង បានបន្តថា ដោយសារតែភាពក្រីក្រ និងជំពាក់បំណុលគេផងនោះ បានធ្វើឲ្យកូន និងកូប្រសារបស់គាត់ចាកចេញពីផ្ទះ ចោលកូនទៅក្រៅប្រទេស ដើម្បីផ្គត់ផ្គង់គ្រួសា និងសងបំណុលគេ។ ស្ត្រីឈ្មោះ ជិន យ៉េង និយាយទៀតថា ទោះយ៉ាងណាចៅរបស់គាត់មិនបានបោះបង់ចោលសាលារៀនទេ ពេលទំនេរពីការរៀនសូត្រចៅស្រីបង២នាក់ បានឈ្លៀតទៅច្រូតកគួ(ស្រូវដុះសា)ដើម្បីបំពេញការខ្វះខាត។
អំណោយសប្បុសជនដែលលោក ថន បុរី យកទៅផ្តល់ជូននោះរួមមាន៖ អង្ករ៥០គីឡូក្រាម ម៉ី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ និងឃីត១កញ្ចប់ ក្នុងនោះមានប៊ីចេង អំបិល ស្កស ក្រម៉ា ប្រេងកូឡា-ល- ។
លោក ថន បុរី បានឲ្យដឹងថា នេះជាអំណោចដ៏តិចទួចក៏ពិតមែន ប៉ុន្តែវាជាផ្នែកមួយនៃមនុស្សធម៌ដល់ជនក្រីក្រ។ ទុក្ខលំបាក និងភាពក្រីក្រនៃគ្រួសារមួយនេះ វាជាផ្នែកមួយនៃគ្រួសារជាច្រើនទៀត ដែលកើតមានឡើងនៅគ្រប់តំបន់ក្នុងប្រទេសកម្ពុជា ដែលគួរតែយកចិត្តទុកដាក់ជួយគ្នា៕