Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាណាព្យាបាលសិស្ស ចោទគ្រូសាលាបឋមសិក្សាចំការកៅស៊ូ និងអនុវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើយកលុយពីកូនសិស្ស

08-12-2016 07:51

(ព្រះសីហនុ)៖ អាណាព្យាបាលសិស្ស ដែលមានកូនចៅរៀន នៅសាលាបឋមសិក្សាចំការកៅស៊ូ និងអនុវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើនៅក្រុងព្រះសីហនុ បានធ្វើការចោទប្រកាន់ថា គ្រូៗនៅសាលាទាំងពីរនេះ​បានយកប្រាក់ពីកូនចៅរបស់ពួកគាត់រាល់ថ្ងៃ ដែលប្រការនេះបានធ្វើអោយប៉ះពាល់ដល់ជីវភាព របស់ពួកគាត់យ៉ាងខ្លាំង។

អ៊ុំស្រីម្នាក់រស់នៅខាងក្រោយសាលាបឋមសិក្សាចំការកៅស៊ូ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា សព្វថ្ងៃនេះគាត់ និងប្តីរបស់គាត់បានរ៉ាប់រងចិញ្ចឹមចៅចំនួន៣នាក់ ដោយតារបស់ពួកគេរត់ម៉ូតូឌុប និងរូបគាត់លក់ដូរបន្តិចបន្តួច ចំណែកកូនស្រីរបស់គាត់ជាស្ត្រីមេម៉ាយ រត់តុនៅតាមភោជនីយដ្ឋានបានកំរៃបន្តិចបន្តួច ចិញ្ចឹមខ្លួនឯងស្ទើរមិនចង់រស់ផង ដូច្នេះកូនស្រីទាំងបីរបស់កូនគាត់ត្រូវធ្លាក់បន្ទុក មកលើគាត់ទាំងស្រុង។

អ៊ុំស្រីបានបន្តអោយដឹងទាំងទឹកភ្នែករលីងរលោងអួលដើមកថា ចៅស្រីទី១របស់គាត់រៀនថ្នាក់ទី១១ នៅអនុវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ ក្រុងព្រះសីហនុ ហើយជារៀងរាល់ថ្ងៃពួកគាត់ត្រូវចំណាយ អោយទៅរៀនមួយពេលព្រឹកប្រាំពាន់រៀល និងពេលរសៀលប្រាំពាន់រៀល ហើយប្រាក់ទាំងនេះចៅរបស់គាត់តែងតែបង់ឲ្យ គ្រូអស់មួយចំនួនធំ ហើយនៅសល់បន្តិចបន្តួចទុកសំរាប់ចាយខ្លួនឯងប៉ុណ្ណោះ។ ជាងនេះទៅទៀតគាត់ត្រូវរ៉ាប់រងចំណាយ៦ដុល្លារបន្ថែមទៀត សំរាប់រៀនភាសាអង់គ្លេសក្រៅម៉ោងផងដែរ ហើយការធ្វើដំណើរទៅរៀនគឺទៅដោយសារគេទេ ព្រោះគាត់គ្មានលទ្ធភាពទិញកង់ ឬម៉ូតូសំរាប់ចៅរបស់គាត់ឡើយ។ ដោយឡែកចៅស្រីពីរនាក់ទៀតនៅតូចៗនៅឡើយ រៀននៅសាលាបឋមសិក្សាចំការកៅស៊ូ ដែលនៅក្បែរផ្ទះរបស់ខ្លួន ក៏ត្រូវបង់អោយគ្រូៗក្នុងម្នាក់ៗចំនួន៥០០រៀល ជារៀងរាល់ថ្ងៃផងដែរ។ ទង្វើនេះបានធ្វើអោយពួកគាត់ប្រឈមការលំបាកខ្លាំងណាស់ក្នុងការផ្គត់ផ្គង់ជីវភាពផង និងការសិក្សារបស់ចៅស្រីទាំងបីនាក់របស់គាត់ផង។

ជុំវិញបញ្ហានេះលោក ព្រំ ឌឿន នាយកសាលាបឋមសិក្សាចំការកៅស៊ូ បានសារភាពថា គ្រូៗនៅសាលារបស់គាត់ ពិតជាបានយកប្រាក់ពីកូនសិស្សពិតប្រាកដមែន ហើយឥឡូវនេះសាលាកំពុងតែធ្វើការស្រាវជ្រាវ ។ ប៉ុន្តែអាណាព្យាបាលសិស្សបានធ្វើការចោទប្រកាន់ថា បើមិនមានការបើកដៃពីនាយកសាលាទេ ក៏សកម្មភាពយកលុយពីសិស្សនេះមិនអាចបន្ត សកម្មភាពរហូតមកដល់ពេលនេះបានឡើយ ខណៈដែលបាតុភាពនេះបានកើតឡើងជាយូរឆ្នាំមកហើយ។

អាណាព្យាបាលសិស្សស្នើដល់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលល្បីខាងធ្វើការកំណែទំរង់វិស័យអប់រំ សូមធ្វើការត្រួតពិនិត្យសាលាទាំងពីរនេះផង ព្រោះកូនសិស្សដែលរៀននៅសាលាទាំងពីរនេះ សុទ្ធតែជាកូនអ្នកទីទ័លក្រខ្លាំងណាស់ ដោយឪពុកម្តាយរបស់ពួកគេ ជាកម្មករសំណង់ កម្មកររោងចក្រ រត់ម៉ូតូឌុប និងខ្លះទៀតជាកូនកំព្រាទៀតផង៕