Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរងខេត្តតាកែវ ព្រលះអនុប្រធានមន្ទីរសាធារណការ និងមន្រ្តី២នាក់ទៀតកណ្ដាលអង្គប្រជុំ ដោយសារជជែកគ្នាលេង មិនស្តាប់លោកថ្លែងសុន្ទរកថា

07-12-2016 15:57

(តាកែវ)៖ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ លោក ជា ហុង ត្រូវបានលោកអភិបាលរងខេត្តតាកែវលោក អ៊ូច ភា ស្ដីឲ្យឡើងស្ពឹកមុខ នៅកណ្ដាលអង្គប្រជុំ បន្ទាប់ពីលោកអនុប្រធានមន្ទីរសាធារណការរូបនេះ បានជជែកគ្នាលេងយ៉ាងរំភើយ នៅពេលដែលលោកកំពុងថ្លែងសុន្ទរកថា។

ការស្តីបន្ទោសទៅលើអនុប្រធានសាធារណការខាងលើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីពីការជម្រុញផែនការ រៀបចំដែនដី ប្លង់គោល និងផែនការប្រើប្រាស់ដីនៅក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ ដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តតាកែវជាអ្នករៀបចំ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីមន្រ្តីជាន់ខ្ពស់ របស់ក្រសួងដែនដី និងមន្រ្តីរាជការដែលជាប្រធានមន្ទីរ អនុប្រធានមន្ទីរ អភិបាលស្រុក អភិបាលរងក្រុង-ស្រុក របស់ខេត្តតាកែវជាច្រើននាក់ផងដែរ។

នៅពេលកិច្ចប្រជុំកំពុងដំណើរការនោះ ស្រាប់តែមន្រ្តីទាំងអស់មានភាពស្រឡាំងកាំង បន្ទាប់ពីលោកអភិបាលរងខេត្តតាកែវ អ៊ូច ភា បានស្ដីបន្ទោសឲ្យលោក ជា ហុង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ និងមន្រ្តីពីរនាក់ទៀតដែលជជែកគ្នាលេងយ៉ាងរំភើយ ខណៈពេលដែលលោកអភិបាលរងខេត្តកំពុងតែថ្លែងសុន្ទរកថា។

លោក អ៊ូច ភា បានស្ដីបន្ទោសថា «ខ្ញុំមិនបាច់ថ្លែងសុន្ទរកថាទេ បើលោកឯងជជែកគ្នាលេងបែបនេះ។ ខ្ញុំមើលមុខលោកឯងពីរបីដងហើយ លោកឯងគ្មានកោតក្រែងអីសោះ។លោកឯងមិនចេះខ្មាស់ អ្នកមកពីភ្នំពេញទេឬ? បានជាលោកឯងជជែកក្នុងពេលប្រជុំបែបនេះ»

តាមការលួចបង្ហើបពីអ្នកចូលរួមប្រជុំ មន្រ្តីមួយចំនួននៅក្នុងខេត្តតាកែវ ពេលមានកិច្ចប្រជុំអ្វីមួយ ពួកគេមិនសូវយកចិត្តទុកដាក់នៅពេកប្រជុំនោះទេ ពួកគេតែងតែជជែកគ្នាលេងយ៉ាងរំភើយ ឬពេលខ្លះលេងហ្វេសប៊ុក ហើយមានពេលខ្លះទៀតពួកគេ បើកយូធូបមើលរឿងអាសអាភាសថែមទៀតផង។

ស្ថានភាពបែបនេះបានបង្ហាញថា មន្រ្តីខេត្តតាកែវខ្លះជាមនុស្សដែលគ្មានវិន័យនៅក្នុងខ្លួន និងជាមន្រ្តីដែលគ្មានកោតក្រែងចំពោះថ្នាក់ដឹកនាំ ដែលចូលរួមប្រជុំ។ ជាក់ស្ដែងលោក ជា ហុង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានជជែកគ្នាលេងនៅកណ្ដាលអង្គប្រជុំ ទាល់តែលោកអភិបាលរងខេត្តព្រលះមួយរយៗ ទើបបានបាត់មាត់ដូចគេចុក៕