Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អេង ឆៃអ៊ាង៖ មេឃុំ ស៊ាង ចែត មកពីគណបក្ស សម រង្ស៊ី អាចនឹងមានសេរីភាពនៅថ្ងៃនេះ

07-12-2016 14:01

(ភ្នំពេញ)៖ លោក អេង ឆៃអ៊ាង មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ នៅទំព័រ Facebook របស់លោក នៅមុននេះបន្ដិចនារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះថា «មេឃុំ ស៊ាង ចែត មកពីគណបក្ស សម រង្ស៊ី អាចនឹងទទួលបានសេរីភាពនៅថ្ងៃនេះ»

សូមជំរាបថា លោក​ កោ​ វណ្ឌី​ អនុប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​ធ្នូ​នេះ​ បានប្រកាស​សាលក្រម​ផ្តន្ទា​ទោស​លោក​ ស៊ាង​ ចែត​ មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្ស​សម រង្ស៊ី ដាក់​ពន្ធនាគារ​រយៈពេល​៥ឆ្នាំ​ ពី​បទ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​៥៤៨នៃ​ក្រម​ព្រហ្មទណ្ឌ​។​ លោក ស៊ាង ចែត ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី ដើម្បីកុំឱ្យនិយាយការពិតប្រាប់សមត្ថកិច្ច ពាក់ព័ន្ធរឿងសញ្ចារកម្ម ដែលកើតចេញពីរឿងអាស្រូវរបស់ លោក កឹម សុខា និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។

សូមបញ្ជាក់ថា លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម កូតាមកពីគណបក្សសមរង្ស៊ីនោះ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទៅតាមចម្លើយ ដែលអះអាងនៅក្នុងលិខិតចំហររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ៕