តុលាការកោះហៅ ស្រ្តីបឹងកក់៣នាក់ ឱ្យចូលបំភ្លឺជុំវិញករណីហិង្សា នៅក្បែរវិមានឯករាជ្យ ឆ្នាំ២០១៣
01-12-2016 18:03
(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក នូ វាសនា នាថ្មីៗនេះ បានចេញដីកាកោះហៅ ស្រ្តីបឹងកក់ចំនួន៣នាក់ ឱ្យចូលបំភ្លឺនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ ពាក់ព័ន្ធនឹងករណី ហិង្សានៅខាងកើតវិមានឯករាជ្យ កាលពីឆ្នាំ២០១៣។
តាមរយៈដីកាកោះ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា ស្រ្តីបឹងកក់៣នាក់ដែលតុលាការកោះហៅនោះ រួមមាន ទី១ឈ្មោះ ប៊ូ ឆវី, ទី២ឈ្មោះ គង់ ចន្ថា និងទី៣ ឈ្មោះ ង៉ែត ឃុន ហៅយាយ មាំ មី ។
សូមបញ្ជាក់ថា សំណុំរឿងនេះ តុលាការក៏បានសម្រេចឃុំខ្លួនស្រ្តីម្នាក់ឈ្មោះ ទេព វន្នី ម្នាក់ផងដែរ។ អ្នកស្រី ទេព វន្នី ត្រូវបានតុលាការចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ ៕