Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួនជាង១ពាន់គ្រួសារ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា

25-11-2016 17:04

(កំពង់ស្ពឺ)៖​ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត ដែលទទួលបានការចាត់តាំងពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការីនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ​បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូន​ចាស់គ្មានទីពឹង​ និងគ្រួសារទីទ័លក្រ​​ និងគ្រួសាររងគ្រោះដោយសារគ្រោះរាំងស្ងួត នារដូវវស្សាកន្លងមក ចំនួន ១.៤០៨គ្រួសារ មកពីឃុំទាំង១៥ នៃស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ។

លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត បានលើកឡើងថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនបានផ្ដាំផ្ញើដល់ ប្រជាពលរដ្ឋទាំងអស់ សូមពិសារទឹកស្អាតជាប្រចាំ និងជៀសវាងឲ្យបាននូវការប្រើអំពើហឹង្សាក្នុងគ្រួសារ ព្រមទាំងជៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ។  

សូមបងប្អូន ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើលរាល់ពេលធ្វើដំណើរត្រូវមានស្មារតី ប្រុងប្រយ័ត្នជានិច្ច ដើម្បីជៀសវាងកុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។ ជាពិសេសសូមបងប្អូនការពារខ្លួនកុំឲ្យឆ្លងមេរោគអេដស៍ និង កុំរើសអើងអ្នករស់នៅជាមួយមេរោគអេដស៍។

អំណោយដែលត្រូវចែកជូនក្នុងគ្រួសារនីមួយៗទទួលបាន​ ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សារុង១ មុង១ ភួយ១ ក្រមា១ ទឹកសុទ្ធ១ដប និងនំបុ័ង ១ដើម។

គួរបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចកាលតែងតែយកព្រះទ័យ និងយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបការលំបាក ជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ៕