Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចេញលិខិតបំភ្លឺ ពាក់ព័ន្ធពាក្យបណ្តឹងរបស់ចាងហ្វាយកាសែតខ្មែរជាយដែន ប្តឹងថ្នាក់ដឹកនាំនគរបាលខេត្តបន្ទាយមានជ័យ ទៅកាន់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលជាការចោទប្រកាន់គ្មានមូលដ្ឋាន

22-07-2025 22:45

(បន្ទាយមានជ័យ)៖ អ្នកនាំពាក្យ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ Cambodia Express News បានចុះផ្សាយថាលោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែន បានដាក់ពាក្យប្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្ត ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ ជូនអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីមេត្តាពិនិត្យ និងផ្តល់យុត្តិធម៌ដល់រូបលោកចំពោះករណីចាប់ឃុំខ្លួនលោកក្នុងទ្រុងដែក ដោយភ្ជាប់ខ្លឹមសារ នៃពាក្យបណ្តឹងមកជាមួយ។

ក្រោយពីទទួលព័ត៌មានការចុះផ្សាយនេះ អ្នកនាំពាក្យ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមបញ្ជាក់ថា កាលពីពេលកន្លងទៅមានបុគ្គលចំនួន២នាក់ គឺលោក ព្រហ្ម ពិសិដ្ឋ បានប្តឹងលោក អ៊ុង ថាប់រាំង ចាងហ្វាយកាសែតជាយដែន នៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោក ស៊ូ វណ្ណា បានដាក់ពាក្យប្តឹងលោក អ៊ុង ថាប់រាំង នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ពីបទ «បរិហារកេរ្តិ៍ និងបទញុះញង់ឱ្យមានការរើសអើងតាមប្រព័ន្ធបណ្តាញសង្គម»។

ក្រោយទទួលបានពាក្យបណ្តឹងនេះ កម្លាំងនគរបាលជំនាញខេត្ត បានកោះហៅលោក អ៊ុង ថាប់រាំង ចំនួន២លើក ដោយលើកទី១មិនចូលខ្លួន (សុំពន្យារពេល) និងលើកទី២ លោកបានចូលខ្លួនមកបំភ្លឺនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ក្រោយពីសាកសួរបំភ្លឺរួចមក ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញគោលការណ៍ឱ្យឃាត់ខ្លួនលោក រួចកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្តថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ តែដោយធ្វើការសាកសួរមិនទាន់ចប់ ព្រះរាជអាជ្ញារងបានផ្ញើលោក អ៊ុង ថាប់រាំង មកកាន់ស្នងការដ្ឋាននគរបាលខេត្តវិញ ដោយឃាត់ទុកក្នុងបន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ន។

លុះនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ព្រះរាជអាជ្ញារង បានសាកសួរបន្តរហូតដល់ចប់ រួចបានសម្រចអនុញ្ញាតឱ្យលោក អ៊ុង ថាប់រាំង ត្រឡប់ទៅលំនៅដ្ឋានជាបណ្តោះអាសន្ន ដោយបានស្ម័គ្រចិត្តទទួលស្គាល់កំហុស និងធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាពប៉ះពាល់ដល់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងអធិការនគរបាលក្រុងប៉ោយប៉ែត ដោយលោកសុខចិត្តធ្វើលិខិតសុំទោស និងកែតម្រូវ។

អ្នកនាំពាក្យ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ទៀតថា តែក្រោយពីបានត្រឡប់ទៅលំនៅដ្ឋានវិញលោក អ៊ុង ថាប់រាំង ស្រាប់តែបន្តប្រើពាក្យពេចន៍វាយប្រហារតាមបណ្តាញសង្គមមកលើអង្គភាព និងថ្នាក់ដឹកនាំរបស់ស្នងការដ្ឋាននគរបាលខេត្តដដែល ទាំងដែលសំណុំរឿងលោក អ៊ុង ថាប់រាំង កំពុងមានចំណាត់ការនៅឡើយនៅស្ថាប័នច្បាប់។

អ្នកនាំពាក្យ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយពុំបានយល់ច្បាស់ពីនីតិវិធី មកលើថ្នាក់ដឹកនាំរបស់ស្នងការដ្ឋាន និងសំដែងការសោកស្តាយយ៉ាងខ្លាំងចំពោះពាក្យបណ្តឹងរបស់លោក អ៊ុង ថាប់រាំង ដែលធ្វើឡើងបណ្តាលឱ្យមានការភាន់ច្រឡំដល់សាធារណជន ប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់បុគ្គល និងអង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទាំងមូល ជាពិសេសអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត៕