វិភាគអន្តរជាតិ៖ នៅហ្កាហ្សា មនុស្សប្រថុយស្លាប់នឹងគ្រាប់កាំភ្លើងអ៉ីស្រាអែល ដើម្បីគេចពីការស្លាប់ដោយសារភាពអត់ឃ្លាន
22-07-2025 21:15
(ញូវយ៉ក)៖ កាលពីជាងមួយឆ្នាំកន្លះមុន ក្រុមអ្នកជំនាញបានព្រមានថាបរាជ័យរបស់អ៉ីស្រាអែល ក្នុងការរៀបចំផែនការសម្រាប់អំណាចអន្តរកាលមួយនៅក្នុងតំបន់ហ្កាហ្សា អាចនឹងបង្កទៅជា ភាពចលាចលធ្វើឱ្យពិបាកផ្ដល់ជំនួយ ក៏ដូចជាបំផ្លាញកិច្ចប្រឹងប្រែងវាយបំបាក់ក្រុមហាម៉ាស។ ការបាញ់សម្លាប់មនុស្សជាបន្តបន្ទាប់ក្នុងតំបន់ហ្កាហ្សាដោយទាហានអ៉ីស្រាអែល កាលពីចុងសប្ដាហ៍ កន្លងទៅ បានគូសបញ្ជាក់ថាការព្រមាននេះបានក្លាយជាការពិត។ កាលពីថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ទាហានអ៉ីស្រាអែលបានបាញ់ប្រហារលើជនស៊ីវិលនៅក្បែរទីតាំងចែកចាយស្បៀងអាហារមួយ កន្លែងដំណើរការដោយក្រុមអ្នកម៉ៅការឯកជនគាំទ្រដោយអ៉ីស្រាអែល។ កាលពីថ្ងៃអាទិត្យ ទី២០ ខែកក្កដា ទាហានអ៉ីស្រាអែលបានបាញ់លើជនស៊ីវិលដែលប្រមូលផ្ដុំគ្នា នៅក្បែរក្បួនរថយន្ដដឹក ស្បៀងអាហាររបស់អង្គការសហប្រជាជាតិ (UN) ឆ្ពោះទៅកាន់តំបន់គ្រប់គ្រងដោយក្រុមហាម៉ាស។
យោធាអ៉ីស្រាអែលបានអះអាងថាទាហានរបស់ខ្លួនបានបាញ់ព្រមានដើម្បីកំញើញមនុស្សដែលបង្កការគំរាមកំហែង។ ក្រុមអ្នកគាំទ្រប្រព័ន្ធចែកចាយជំនួយរបស់អ៉ីស្រាអែលបានប្រើប្រាស់ព្រឹត្តិការណ៍ កើតឡើងកាលពីថ្ងៃអាទិត្យ ដើម្បីគូសបញ្ជាក់ពីបរាជ័យនៃប្រព័ន្ធចែកជំនួយរបស់ UN។ ចំណែក ក្រុមអ្នកគាំទ្រប្រព័ន្ធរបស់ UN បាននិយាយថាការបាញ់សម្លាប់ប្រជាជនប៉ាឡេស្ទីន បានបង្ហាញពីបរាជ័យ នៃប្រព័ន្ធចែកជំនួយរបស់អ៉ីស្រាអែល។ អ៉ីស្រាអែលបានអះអាងពីភាពចាំបាច់ ក្នុងការចែកចាយស្បៀងនៅក្នុងតំបន់មិនស្ថិតក្រោមការគ្រប់គ្រងរបស់ហាម៉ាស សំដៅរារាំងកុំឱ្យក្រុមអ្នកប្រយុទ្ធហាម៉ាស និងពួកជនអន្ធរពាល ឬជនឆ្លៀតឱកាសពីការលួចឆក់ប្លន់ស្បៀង។ ក្រុមអ្នករិះគន់វិធីសាស្ត្របែបនេះបាននិយាយថាវាបានបង្ខំឱ្យជនស៊ីវិលដែលកំពុងអត់ឃ្លានហ៊ានប្រថុយជីវិត ឆ្លងខ្សែបន្ទាត់គូសដោយ ទាហានអ៉ីស្រាអែល។
ក៏ប៉ុន្តែ ការរិះគន់មិនត្រូវចំបញ្ហានោះទេ។ ពោលគឺបរាជ័យនៃប្រព័ន្ធចែកស្បៀងរបស់អ៉ីស្រាអែល និង UN គឺដោយសារតែបរាជ័យរបស់អ៉ីស្រាអែលក្នុងការបង្កើតផែនការសម្រាប់អំណាចអន្តរកាលមួយ ក្នុងតំបន់ហ្កាហ្សា។ នេះបើតាមក្រុមអ្នកវិភាគ និងអ្នកជំនាញស្ដីពីការចែកចាយជំនួយ។ អ៉ីស្រាអែលបានទម្លាក់គ្រាប់បែកកម្ទេចហ្កាហ្សាស្ទើរតែទាំងស្រុង បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សម្លាប់មេដឹកនាំហាម៉ាស និងបំផ្លាញសមត្ថភាពរបស់ហាម៉ាសក្នុងការផ្ដល់សេវាសង្គមនានា និងការអនុវត្តច្បាប់ស្ទើរទូទាំងហ្កាហ្សា។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ក៏បានសម្រេចចិត្តម្ដងហើយម្ដងទៀតផងដែរប្រឆាំងនឹងការបង្កើតប្រព័ន្ធអភិបាលកិច្ចអន្តរកាលមួយ មិនថាបង្កើតឡើងតាមរយៈការកាន់កាប់ដោយយោធាអ៉ីស្រាអែលជាផ្លូវការ ឬក៏ផ្ដល់អំណាចទៅឱ្យ អាជ្ញាធរប៉ាឡេស្ទីនណាមួយជំនួសឱ្យហាម៉ាសនោះឡើយ។
ជាពិសេស លោកថែមទាំងបានរារាំងការវិលត្រឡប់របស់អាជ្ញាធរប៉ាឡេស្ទីន ដែលធ្លាប់គ្រប់គ្រងតំបន់ហ្កាហ្សារហូតដល់ហាម៉ាសដណ្ដើមអំណាចបាន ក្នុងឆ្នាំ២០០៧។ ជាលទ្ធផល ជិត២ឆ្នាំនៃសង្រ្គាម ផ្នែកជាច្រើននៃតំបន់ហ្កាហ្សាគ្មានប្រព័ន្ធដំណើរការអភិបាលកិច្ចដែលបង្កឱ្យមានភាពចលាចលស្ទើរទូទាំងហ្កាហ្សា ទាំងនៅតាមទីតាំងចែកជំនួយគាំទ្រដោយអ៉ីស្រាអែល និងនៅតាមផ្លូវប្រើប្រាស់ដោយ ក្បួនរថយន្ដ UN។ ទាហានអ៉ីស្រាអែលត្រូវបានគេរាយការណ៍ជាបន្តបន្ទាប់ថាបានប្រើប្រាស់គ្រាប់កាំភ្លើងពិត ជំនួសឱ្យការប្រើវិធីសាស្ត្រមិនបណ្ដាលឱ្យមនុស្សស្លាប់ ដើម្បីគ្រប់គ្រងការប្រមូលផ្ដុំមនុស្ស។ នៅចំពោះមុខការខ្វះខាតស្បៀងអាហារ បន្ទាប់ពីការបិទខ្ទប់របស់អ៉ីស្រាអែលកាលពីចន្លោះខែមីនា និងខែមេសា ជនស៊ីវិលប៉ាឡេស្ទីនសុខចិត្តប្រថុយស្លាប់ដោយសារគ្រាប់គ្រាប់ភ្លើងរបស់អ៉ីស្រាអែល ដើម្បីគេចពីការស្លាប់ដោយសារភាពអត់ឃ្លាន។
លោកស្រី Shira Efron ជាអ្នកជំនាញម្នាក់ស្ដីពីប្រព័ន្ធចែកចាយជំនួយក្នុងតំបន់ហ្កាហ្សាមកពី Israel Policy Forum ជាស្ថាប័នស្រាវជ្រាវមួយក្នុងទីក្រុងញូវយ៉ក បាននិយាយថា «វាជាការទម្លាក់កំហុស ដាក់គ្នាទៅវិញទៅមក ហើយគ្រប់គ្នាកំពុងសម្លឹងទៅកាន់បញ្ហាបច្ចេកទេស និងថាតើជំនួយត្រូវបានចាយចែកយ៉ាងដូចម្ដេច? ប៉ុន្តែ បញ្ហាធំ នោះគឺភាពគ្មានច្បាប់ទម្លាប់ និងការដួលរលំនៃប្រព័ន្ធអភិបាលកិច្ច»។ លោកស្រីបន្ថែមថាជាង ២២ខែនៃសង្រ្គាម វាជាភាពអាណាធិបតេយ្យក្នុងតំបន់ហ្កាហ្សា ហើយដោយមិនអាចដោះស្រាយបញ្ហាស្នូលនៃអ្វីដែលគួរតែកើតឡើងបន្ទាប់ក្នុងតំបន់ហ្កាហ្សា វានឹងមិនមាន ដំណោះស្រាយទេ។ បរាជ័យក្នុងការស្វែងរកដំណោះស្រាយ បានធ្វើឱ្យរដ្ឋាភិបាលអ៉ីស្រាអែលមើលទៅកាន់ឯកោខាងការទូត។ កាលពីថ្ងៃចន្ទ ទី២១ ខែកក្កដា ប្រទេសចំនួន២៥ ក្នុងនោះរួមមាន ចក្រភពអង់គ្លេស បារាំង និងជប៉ុន បានចាត់ទុកការប្រព្រឹត្តរបស់អ៉ីស្រាអែលជារឿងមិនអាចទទួលយកបាន និងទាមទារឱ្យអ៉ីស្រាអែលបិទបញ្ចប់សង្រ្គាមជាបន្ទាន់។
លោក Netanyahu បាននិយាយថាអ៉ីស្រាអែលត្រូវតែកម្ទេចហាម៉ាសទាំងស្រុង មុននឹងផ្ដល់សេចក្ដីលម្អិតពីផែនការសម្រាប់ក្រោយសង្រ្គាមបញ្ចប់។ ក្រុមអ្នករិះគន់នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះ ក្នុងនោះ មានទាំងនៅក្នុងស្រុក បានលើកឡើងថាវាជារឿងដ៏ពិបាកមួយដើម្បីកម្ទេចហាម៉ាស ដោយមិនមានផែនការច្បាស់លាស់ដើម្បីរកអ្នកផ្សេងមកជំនួសហាម៉ាសទេនោះ។ តាមពិតទៅ ក្រុមមន្ត្រីអាមេរិក និងឧត្តមសេនីយ៍អ៉ីស្រាអែលមួយចំនួនបានជំរុញឱ្យលោក Netanyahu បង្កើតផែនការក្រោយសង្រ្គាមតាំងតែសប្ដាហ៍ដំបូងនៃសង្រ្គាមកាលពីឆ្នាំ២០២៣មកម្ល៉េះ។ ប៉ុន្តែនៅក្រោមសម្ពាធពីសម្ព័ន្ធមិត្ត ស្ដាំនិយមជ្រុលក្នុងក្រុមចម្រុះរបស់លោក ដែលចង់ឱ្យអ៉ីស្រាអែលគ្រប់គ្រងហ្កាហ្សាឡើងវិញ លោក Netanyahu មិនហ៊ានប្រកាន់ជំហរច្បាស់លាស់លើផែនការណាមួយដែលមានពាក់ព័ន្ធនឹងការផ្ដល់អំណាច ឱ្យអាជ្ញាធរប៉ាឡេស្ទីនឡើយ។
កាលពីខែមីនា ឆ្នាំ២០២៤ លទ្ធផលកើតចេញពីការសម្រេចចិត្តបែបនេះបានលេចចេញជារូបរាងយ៉ាងច្បាស់នៅចំពោះមុខការកើនឡើងភាពចលាចល និងគ្រោះទុរភិក្ស ទាហានអ៉ីស្រាអែលបានបាញ់សម្លាប់ ជនជាតិប៉ាឡេស្ទីន ដែលកំពុងព្យាយាមដណ្ដើមស្បៀងអាហារពីក្បួនរថយន្ដជំនួយមួយនៅភាគខាងជើងហ្កាហ្សា។ នៅពេលនោះហើយ ក្រុមអ្នកជំនាញប៉ាឡេស្ទីន និងអ៉ីស្រាអែលបានព្រមានថាស្ថានភាព គ្មានអំណាចគ្រប់គ្រងក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យស្ថានការណ៍បាញ់សម្លាប់ជនស៊ីវិលនឹងបន្តកើតឡើង។ ពួកគេក៏បានព្រមានដែរថាដោយមិនមានអំណាចគ្រប់គ្រងអន្តរកាលមួយ ចន្លោះទំនេរនៃអំណាច នៅហ្កាហ្សាអាចនឹងត្រូវបានបំពេញដោយពួកជនលួចប្លន់ និងជនអន្ធរពាល ឬដោយក្រុមហាម៉ាស។ មួយឆ្នាំក្រោយមក ខណៈស្ថានភាពគ្មានអំណាចគ្រប់គ្រងនៅតែបន្ត អ៉ីស្រាអែលបានព្យាយាមគ្រប់គ្រង ស្ថានការណ៍ដោយការបិទខ្ទប់ស្បៀងអាហារ និងការដឹកជញ្ជូនប្រេងឥន្ធនៈចូលក្នុងតំបន់ហ្កាហ្សា រហូតបង្កទៅជាវិបត្តិខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរចំពោះមុខការព្រមានពីគ្រោះទុរភិក្ស។ នៅពេលដកចេញ ការបិទខ្ទប់នេះ កាលពីចុងខែឧសភាកន្លងទៅ អ៉ីស្រាអែលបានធ្វើវាជាមួយការបង្កើតយន្ដការចែកជំនួយថ្មីមួយគាំទ្រដោយអាមេរិក ដែលកំពុងបង្កើតជាភាពចលាចលថ្មីមួយ។ អ៉ីស្រាអែលអនុញ្ញាតឱ្យ Gaza Humanitarian Foundation ដែលជាក្រុមការងារចែកចាយជំនួយគឺជាអ្នកទទួលបន្ទុកលើការចែកជំនួយមួយភាគធំជំនួសប្រព័ន្ធរបស់ UN ដែលបានផ្ដល់ស្បៀងអាហារចេញពីទីតាំងរាប់រយកន្លែង នៅក្បែរផ្ទះរបស់ប្រជាជនប៉ាឡេស្ទីន។
ដើម្បីទៅដល់កន្លែងចែកជំនួយថ្មីគ្រប់គ្រងដោយអ៉ីស្រាអែល ប្រជាជនប៉ាឡេស្ទីនត្រូវធ្វើដំណើររាប់សិបគីឡូម៉ែត្រ និងបង្កឱ្យមានភាពចលាចលដោយការប្រជ្រៀតគ្នាដណ្ដើមស្បៀង ដោយម្នាក់ៗខ្លាចយក ស្បៀងអាហារមិនទាន់គេ។ ដើម្បីទប់ស្កាត់ ទាហានអ៉ីស្រាអែលបានបាញ់រះទៅលើជនស៊ីវិលដោយគ្មានញញើតដៃ បណ្ដាលឱ្យមនុស្សស្លាប់ស្ទើររៀងរាល់ថ្ងៃ៕