រដ្ឋបាលខេត្តកំពង់ចាម និងសមាគម អង្កការសង្គមស៊ីវិល ជួបជុំគ្នាក្នុងវេទិកាពិគ្រោះយោបល់រួមមួយ ដើម្បីស្តាប់នូវលទ្ធផលការងារផ្សេងៗ នៅក្នុងខេត្តកំពង់ចាម
22-07-2025 18:44
(កំពង់ចាម)៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ បណ្ដាសមាគម និងអង្គការសង្គមស៊ីវិលជាច្រើនបានចូលរួមក្នុងវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត និងសមាគម អង្កការសង្គមស៊ីវិល ប្រចាំខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ខ្លូត ចិន្ដា អភិបាលរងខេត្តកំពង់ចាម ដែលជាតំណាងរបស់លោក អ៊ុន ចិន្តា អភិបាលខេត្ត។
វេទិការនេះមានការចូលរួមពីសំណាក់ មន្រី្តរាជការរដ្ឋបាលសាលាខេត្ត ក្រុងស្រុក និងប្រធានតំណាងអង្គការសមាគម ជុំវិញខេត្តកំពង់ចាមសរុបប្រមាណ៨៥រូប ក្នុងនោះក៏មានលោក ទូច វណ្ណេត និងលោក លី ដេវីត តំណាងមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមចូលរួមផងដែរ។
គោលបំណងនៃការបង្កើតវេទិការនេះឡើងគឺ ដើម្បីស្តាប់នូវលទ្ធផលការងារផ្សេងៗ ដែលសមាគម អង្គការសង្គមស៊ីវិលនៅក្នុងខេត្តកំពង់ចាម បានធ្វើនាពេលកន្លងមក និងសំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានាដែលសមាគម អង្គការសង្គមស៊ីវិល បានជួបប្រទះនៅពេលដែលបំពេញការងារ និងជាវេទិកាសម្រាប់បង្កើនទំនាក់ទំនងថែមទៀតរវាងរដ្ឋបាលខេត្ត និងសមាគម អង្គការសង្គមស៊ីវិល ដើម្បីរួមគ្នាក្នុងការអភិវឌ្ឍនៅក្នុងមូលដ្ឋាលខេត្តកំពង់ចាម។
នៅក្នុងឱកាសបើកវេទិកាពិគ្រោះយោបល់នេះ លោក ខ្លូត ចិន្ដា អភិបាលរងខេត្តកំពង់ចាម បានលើកឡើងអំពីបញ្ហាជម្លោះព្រំដែន និងបានបញ្ជាក់ថែមដែរថា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ រដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំទៅជួបសួរសុខទុក្ខជាមួយកងទ័ពជួរមុខ ដែលការពារព្រំដែននៅមុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដើម្បីយកស្បៀងអាហារជូនកងទ័ព។
បន្ថែមលើកនេះទៀត លោក ខ្លូត ចិន្តា ក៏មានចំណាប់អារម្មណ៍ទាក់ទងទៅនឹងវិបត្តសេដ្ឋកិច្ចពិភពលោកដែលបានធ្វើឱ្យសមាគម អង្គការសង្គមស៊ីវិលមានបញ្ហាហិរញវត្ថុកើតឡើងផងដែរ។ យ៉ាងណាមិញ លោកអភិបាលរងខេត្តកំពង់ចាម បានកោតសរសើរសមាគម អង្គការសង្គមស៊ីវិលទាំងអស់ ដែលបានចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ចាមនៅក្នុងការងារសង្គម ព្រឹត្តិការណ៍នានាដែលរដ្ឋបាលខេត្តបានរៀបចំនាពេលកន្លងមក ជាពិសេសក្នុងការអភិវឌ្ឍន៍ខេត្តកំពង់ចាមទាំងមូល។
ក្នុងនាមតំណាងមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម លោក លី ដេវីត បានលើកឡើងពីសកម្មភាពការងារមួយចំនួនរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តកំពង់ចាម ដូចជា ការរៀបចំកម្មវិធីពិនិត្យសុខភាពបឋមជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ការរៀបចំវេទិកាអន្តរជំនាន់រវាងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម វេទិកាថា្នក់រៀនប្រវតិ្តសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងការងារមួយចំនួនទៀតទាក់ទងនឹងការអភិវឌ្ឍសហគមន៍ និងការអប់រំក្រៅប្រព័ន្ធជាដើម៕