Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh Exclusive: បញ្ឈប់ល្បែង «បៀមឈាមព្រួសដាក់លើអ្នកដទៃ» និងកុំបំពានបន្ទាត់ក្រហមឱ្យសោះ! (Video inside)

22-07-2025 18:19

(ភ្នំពេញ)៖ សកម្មភាពបំពានរបស់ថៃមកលើដែនអធិបតេយ្យភាពជាតិកម្ពុជា ជាមួយនឹងសម្តីចោទប្រកាន់មិនពិតថា កម្ពុជាមិនបានបំពានមកលើប្រទេសថៃនោះ បានប្រញាប់ឱ្យនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរសារព្រមាននិងដាស់តឿនដល់ភាគីថៃ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានព្រមានថៃសូមបញ្ឈប់ល្បែង «បៀមឈាមព្រួសដាក់លើអ្នកដទៃ» និងសូមថៃ កុំបំពានបន្ទាត់ក្រហមឱ្យសោះ៖

នៅក្នុងពេលដែលប្រទេសជិតខាងមួយ កំពុងព្យាយាមលាងកំហុសរបស់ខ្លួនឯង ដោយការបង្វែរកំហុសនោះ ទម្លាក់មកលើប្រទេសដែលរងគ្រោះ ទង្វើនោះត្រូវបានគេចាត់ទុកថាវាជាល្បែងដ៏ស្មោគគ្រោកនៃអំពើ «បៀមឈាមព្រួសដាក់មកលើអ្នកដទៃ» ហើយ។

ករណីដែលមានទាហានថៃបីនាក់ បានរងរបួសដោយជាន់គ្រាប់មីន នៅថ្ងៃទី១៦ ខែកក្កដា ក្នុងព្រឹត្តិការណ៍ផ្ទុះគ្រាប់មីនក្នុងតំបន់ព្រំដែន នៃទឹកដីកម្ពុជាក្នុងខេត្តព្រះវិហារ បានក្លាយជាអំពើ «បកស្បែក» ថៃយ៉ាងច្បាស់លាស់នូវទង្វើទុច្ចរិតនយោបាយរបស់រដ្ឋាភិបាលក្រុងបាងកក ដើម្បីឱ្យពិភពលោកកាន់តែស្គាល់មុខមាត់អ្នកដឹកនាំថៃ នៅលើឆាកអន្តរជាតិ។ ភស្តុតាងដែលមិនអាចបដិសេធបាននោះគឺ ការជាន់មីនក្នុងទឹកដីកម្ពុជា ដោយទាហានថៃនោះតែម្តង ដែលបានឆ្លុះបញ្ចាំងការពិតមិនអាចប្រកែកបាន នូវទង្វើឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា បើទោះបីថៃ ចង់កាឡៃការពិតនៃរឿងនោះ ដើម្បីព្យាយាមបិទបាំងកំហុសរបស់ខ្លួនយ៉ាងណាក៏ដោយ។ ភាគីថៃ ចង់បង្វែកំហុសរបស់ខ្លួន ដោយចោទថា វាជាមីនបង្កប់ថ្មីៗធ្វើឡើងដោយភាគីកម្ពុជា ដែលជាការចោទប្រកាន់គ្មានមូលដ្ឋាន និងមានបំណងចង់បង្កើនភាពតានតឹងកាន់តែខ្លាំងតាមបណ្តោយព្រំដែន និងជភាពគេចវេសមួយ ដោយបដិសេធការទទួលស្គាល់កំហុសលួចឆ្លងព្រំដែនចូលមកក្នុងទឹកដីកម្ពុជាតែប៉ុណ្ណោះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្នុងសារដ៏ខ្លី៥ចំណុច ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ក្នុងចំណុចទី៤ថា៖ «វិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ មិនមែនជាវិធីសាស្រ្ត ដែលមានសីលធម៌ និងសុចរិតភាពនោះទេ។ វិធីសាស្ត្របែបនេះ មិនត្រូវប្រើទេ បើយើងពិតជាចង់កសាងនូវទំនុកចិត្តរវាងគ្នានិងគ្នា»

យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឧប្បទ្ទវហេតុផ្ទុះមីននោះ បានកើតឡើងនៅក្នុងភូមិតេជោមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់មួយស្ថិតនៅក្នុងដែនដីកម្ពុជាដែលមានការទទួលស្គាល់ជាអន្តរជាតិ។ ដែនដីនេះត្រូវបានកំណត់ ដោយផែនទីខ្នាត ១/២០០ ០០០ ដែលផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម អនុលោមតាម អនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ផែនទីទាំងនេះត្រូវបានរដ្ឋាភិបាលកម្ពុជា និងថៃ ទទួលស្គាល់ជាយូរមកហើយថា ជាមូលដ្ឋានសម្រាប់ការងារវាស់វែងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ។ ផែនទីទាំងនេះក៏ជាឯកសារយោងសម្រាប់តុលាការយុត្តិធម៌អន្តរជាតិ សម្រេចចេញសាលក្រមឆ្នាំ១៩៦២ ពាក់ព័ន្ធនឹងករណីប្រាសាទព្រះវិហារ និងការបកស្រាយសាលក្រមនេះក្នុងឆ្នាំ២០១៣។

សាររបស់សម្តេចបវរធិបតី ដែលព្រមានថៃបញ្ឈប់ទង្វើ «បៀមឈាមព្រួសដាក់អ្នកដទៃ» បានទន្ទឹមនឹងមានសេចក្តីរាយការណ៍ជុំវិញទង្វើជាឯកតោភាគីរបស់ថៃ ក្នុងតំបន់ជម្លោះដែលមានការអះអាងមិនទាន់ដាច់ស្រេចរវាងភាគីកម្ពុជា និងថៃ។ សេចក្តីរាយការណ៍បានបង្ហាញនូវសកម្មភាពបញ្ជួនកម្លាំងកងទ័ព, សកម្មភាពឈូសឆាយដីធ្លីបង្កើតជាលេណដ្ឋានក្នុងតំបន់ដែលប្រទាញប្រទង់ និងសកម្មភាពនានាដទៃទៀតដែលកំពុងបំពានច្បាប់ដែលប្រទេសទាំង២បានចុះហត្ថលេខា។

សាររបស់សម្តេចបវរធិបតី នៅលើបណ្តាញសង្គម បានកត់សម្គាល់ថា «មួយរយៈនេះ ខ្ញុំបានឃើញថ្នាក់ដឹកនាំនយោបាយ កងទ័ព និងបណ្ដាញសារព័ត៌មានថៃ បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាលូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់មីន ព្រមទាំងបានធ្វើការគម្រាមដាក់ចេញនូវវិធានការ ជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ រួមមានតំបន់មុំបី និងប្រាសាទតាមាន់ធំ។ល។»។ សាររបស់សម្តេចបវរធិបតី បានព្រមានភាគីថៃមិនត្រូវឆ្លងកាត់ខ្សែបន្ទាត់ក្រហមឡើយ។

យោងតាមក្រសួងការបរទេសកម្ពុជា, សកម្មភាពដ៏គគ្លើនរបស់ភាគីថៃ នៅក្នុងតំបន់កំពុងមានជម្លោះ រួមទាំងការចល័តទ័ព ការឈូសឆាយដីធ្វើលេណដ្ឋាន និងទង្វើរឹតបន្តឹងអ្នកទេសចរពីកម្ពុជា ជុំវិញការធ្វើទស្សនកិច្ចប្រាសាទតាមាន់ធំ ដែលជាការរំលោភបំពានយ៉ាងច្បាស់លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ រវាងប្រទេសទាំងពីរ។ MoU នោះហាមដាច់ខាតសកម្មភាពឯកតោភាគីនៅក្នុងតំបន់គ្មានព្រំដែន។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានព្រមានថៃថា កម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឆាំងនឹងអំពើរំលោភបំពាន។

សារក្នុងចំណុចទីមួយ និងទីបីរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរប្រាប់ភាគីថៃថាដោយបញ្ជាក់ថា៖

១៖ តំបន់ឬទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសណាមួយ គឺគ្មានភាគីណា មានសិទ្ធិធ្វើសកម្មភាព ឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ឬទីកន្លែងនោះ។ រាល់វិធានការនានា ដែលអាចអនុវត្តបាន ត្រូវមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន។
២៖ បន្ទាត់ក្រហមនៅតែជាបន្ទាត់ក្រហម មិនមានការប្រែប្រួលទេ។ សូមកុំបំពាន។
៣៖ កម្ពុជា មិនរំលោភបំពានលើអ្នកណាទេ ប៉ុន្តែកម្ពុជាក៏មិនឲ្យអ្នកណាមួយរំលោភបំពានលើខ្លួននោះដែរ។ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ និងបានត្រៀមខ្លួនជាស្រេចក្នុងការការពារខ្លួននិងការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយទាំងអស់ប្រឆាំងនឹងការរំលោភបំពាន។
សារដដែលរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងចំណុចទី៥ ចុងក្រោយបង្អស់បានសរសេរថា «កម្ពុជានៅតែរក្សាជំហរក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ ដោយមធ្យោបាយអហឹង្សាឲ្យបានឆាប់រហ័ស ប្រកបដោយភាពច្បាស់លាស់និងចីរភាព។»។

កម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលជិត៣០ឆ្នាំ ដោយអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ រួមទាំងគ្រាប់មីន សេសសល់បង្កប់នៅក្នុងដី នៅមិនទាន់ដោះអស់ទាំងស្រុងនៅឡើយទេ ហើយជាពិសេសនៅតំបន់ព្រំដែនភាគខាងលិច និងឧត្តរប្រទេស ដែលអតីតក្រុមទ័ពព្រៃខ្មែរក្រហម និងក្រុមតស៊ូដទៃ ធ្លាប់យកធ្វើជាទីតាំង រស់នៅក្នុងការធ្វើសង្គ្រាមប្រឆាំងអតីតរដ្ឋាភិបាលក្នុងស្រុកនាជំនាន់នោះ។ ហើយភាគីថៃ មិនអាចមិនដឹងថាលើទឹកដីកម្ពុជាក្នុងតំបន់ជាយដែនភាគខាងលិចនិងឧត្តរ ជាតំបន់ដែលគ្មានគ្រាប់យុទ្ធភណ្ឌសេសសល់បង្កប់ក្នុងដី ដែលមិនទាន់បានដោះសព្វគ្រប់ឡើយ។ ការផ្ទុះមីននោះ ត្រូវបានកម្ពុជា បញ្ជាក់ដែរថា វាជាអតីតមីនដែលសេសសល់ពីសម័យសង្គ្រាមដែលស្ថិតនៅលើទឹកដីកម្ពុជា ប៉ុន្តែថៃនៅតែចោទថា ជាមីនទើបបង្កប់ថ្មី។

ប្រធានអង្គការស៊ីម៉ាក់នៃប្រទេសកម្ពុជា លោក ហេង រតនា បានថ្លែងថា៖ «កម្ពុជាបានបញ្ជាក់ថា គ្រប់ភាគីជម្លោះ បានប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស មានចំនួនប្រមាណពី៤ទៅ៦លានគ្រាប់។ ហើយគិតមកទល់ពេលនេះ កម្ពុជាបានបោសសម្អាត និងកម្ទេចចោលចំនួនជាង១លាន២សែនគ្រាប់ ដែលភាគច្រើនស្ថិតនៅតំបន់ខាងក្នុងផ្ទៃប្រទេស សម្រាប់បម្រើសុខសុវត្ថិភាពប្រជាពលរដ្ឋ និងអភិឌ្ឍន៍ប្រទេសឡើយវិញ»

ប្រធានអង្គការស៊ីម៉ាក់ដដែល បានបូកសរុបថា៖ «គិតមកដល់ពេលនេះ កម្ពុជាបានបោសសម្អាត និងកម្ទចចោលទាំងគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សរុបបានចំនួនជាង៤លាន៤៦ម៉ឺនគ្រាប់ហើយ។ គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនានា ដែលសេសសល់មិនទាន់ដោះបញ្ចប់អស់ទាំងស្រុង គឺភាគច្រើនស្ថិតក្នុងតំបន់នៃអតីតសមរភូមិភាគខាងលិច និងឧត្តរ នៃប្រទេសកម្ពុជានេះ»

ក្រសួងការបរទេសកម្ពុជា ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនបានសរសេរថា៖ «វាជាការសោកស្ដាយយ៉ាងខ្លាំង ដែលកម្លាំងយោធាថៃបានចូលទៅក្នុងតំបន់នេះដោយរំលោភ លើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ដែលមានចែងយ៉ាងច្បាស់អំពីការងារខណ្ឌសីមាព្រំដែនរួមគ្នា និងការហាមឃាត់មិនឲ្យមានសកម្មភាពឯកតោភាគីនៅក្នុងតំបន់ដែលមិនទាន់បានកំណត់ខ្សែព្រំដែនរួច»

ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ថៃ ដែលនិយាយអះអាងថាវាជាមីនថ្មីទើបបង្កប់នោះ, អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បច្ចុប្បន្នជាសមាជិករដ្ឋសភា បានសរសេរសារលើបណ្តាញសង្គម រំលេចនូវភាពងឿងឆ្ងល់មួយពាក់ព័ន្ធនឹងសម្តីនាយទាហានថៃ ដែលហាក់ដូចជាមិនធ្លាប់ចូលសាលាហ្វឹកហ្វឺនទាហានឡើយ។ លោកបានសរសេរថា៖ «សូមឆ្ងល់មែនទែនមួយទៀត! ថៃថា បានជាដឹងថា មីនដាក់នេះ ជាមីនថ្មី ព្រោះមិនមានដើមអីថ្មីដុះលើទេ ពោលគឺវាល។ និយាយអ៊ីចឹង ប្រហែលបោកបានថៃណា ដែលមិនស្គាល់សង្គ្រាម ប៉ុន្តែអ្នកដើរសង្គ្រាមបោកមិនបានទេ»។

លោក ខៀវកាញារីទ្ធ ដែលធ្លាប់ឆ្លងកាត់សមរភូមិក្នុងអតីតកាលសង្គ្រាម បានសរសេរបង្ហាញនូវបទពិសោធន៍ក្នុងសង្គ្រាមឱ្យគេដឹងថា៖ «ពេលសង្គ្រាម បើកឡានលើផ្លូវកៅស៊ូ បើឃើញមានស្នាមកៅស៊ូថ្មី គេចៀសហើយ ព្រោះជាសញ្ញាបង្កប់មីនថ្មី រីឯនៅក្នុងព្រៃដែលមានស្មៅ កូនឈើស៊ុបទ្រុប បើឃើញវាលមួយកូនដុំ ឬកូនស្មៅទើបលាស់ គេចៀសហើយ ព្រោះសុទ្ធតែសញ្ញាមីនកប់ថ្មី។ ឬមួយទាហានថៃ មិនដែលចូលសាលា ឬ មួយគេបូជាជើងដៃកូនទាហានគេ ដើម្បីទម្លាក់ថ្មលើយោធាខ្មែរ?»។

ករណីផ្ទុះគ្រាប់មីន នៅក្នុងដែនដីរបស់កម្ពុជា និងដែលបានធ្វើឲ្យទាហានថៃរងរបួសក្នុងព្រឹត្តិការណ៍ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានផ្ដល់ភាពដ៏ច្បាស់លាស់បង្ហាញថា តើនរណាជាអ្នករំលោភព្រំដែន និងតើនរណា ដែលជាអ្នកនិយាយនូវការពិតអំពីការបំពានព្រំដែន។ ការពិតដ៏ច្បាស់លាស់កំពុងបង្ហាញមកនេះគឺថា ភាគីថៃដែលមានទាហានរបស់ខ្លួនរងគ្រោះ បានព្យាយាមចង់បង្វែរកំហុសនោះទម្លាក់មកលើកម្ពុជា និងបង្កជាលេសថ្មីដើម្បីលួចបន្តធ្វើសកម្មភាពជាឯកតោភាគីលើទឹកដីដែលកំពុងមានជម្លោះ។

ប្រទេសថៃ ដែលតាំងខ្លួនជាប្រទេសស៊ីវិល័យ មិនត្រូវលេងល្បែង «បៀមឈាមព្រួសដាក់លើអ្នកដទៃ» នេះទេ និងថៃត្រូវហ៊ានប្រឈមមុខចំពោះការពិតនៃទង្វើរបស់ខ្លួនដែលកំពុងរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជា។ កម្ពុជាបានប្រកាស និងប្តេជ្ញាប្រាប់ពិភពលោករូចមកហើយថា បើទោះបីកម្ពុជាប្រកាន់ជំហរលើមូលដ្ឋានច្បាប់អន្តរជាតិក៏ពិតមែន ប៉ុន្តែកម្ពុជារក្សាសិទ្ធិក្នុងការតបត និងត្រៀមខ្លួនជាស្រេចក្នុងការការពារខ្លួន និងការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយទាំងអស់ប្រឆាំងនឹងការរំលោភបំពានពីសត្រូវ។ សូមអ្នកកុំបំពាន និងកុំឆ្លងបន្ទាត់ក្រហមឱ្យសោះ!៕