រដ្ឋមន្ត្រីការបរទេសឡាវ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃ
22-07-2025 17:45
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ លោក ថងសាវណ្ណ ភូមវិហាន (Thongsavanh PHOMVIHANE) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ និងភរិយា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជារយៈពេល២ថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដែលដំណើរទស្សនកិច្ចផ្លូវការនាពេលខាងមុខនេះ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការធ្វើឱ្យ កាន់តែស៊ីជម្រៅនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាងប្រជាជនទាំងពីរ។
ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោក ថងសាវណ្ណ ភូមវិហាន នឹងមានព្រះរាជសវនាការ ជាមួយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងចូលជួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីការបរទេសឡាវ ក៏នឹងមានជំនួបទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកម្ពុជា-ឡាវ៕