កុមារីកើតជំងឺមហារីកគ្រាប់ភ្នែក បណ្ដាលឲ្យលៀនចេញក្រៅ កំពុងទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យកុមារអង្គរ ខេត្តសៀមរាប
22-07-2025 17:07
(កណ្ដាល)៖ លោក មាន កុសល ត្រូវជាឪពុករបស់កុមារី ដែលមានអាយុ ៤ឆ្នាំ មានទីលំនៅភូមិលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលកើតមហារីកភ្នែកធ្ងន់ធ្ងរ បានឲ្យដឹងថា បច្ចុប្បន្ននេះកូនរបស់លោកកំពុងទទួលបាន ការព្យាបាល យ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។
លើកឡើងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃ ២២ ខែកក្កដា ឆ្នាំ២០២៥ លោក មាន កុសល បានឱ្យដឹងទៀតថា កូនរបស់គាត់មានអាការៈបញ្ហាភ្នែកដំបូង តាំងពីអាយុ ១ខួបកន្លះ មកម្ល៉េះ ហើយលោកក៏បានយកទៅ មន្ទីរពេទ្យជាច្រើនដូចជា មន្ទីរពេទ្យព្រះអង្គឌួង, គៀនឃ្លាំង និងមន្ទីរពេទ្យភ្នែកខេត្តតាកែវ ហើយគ្រូពេទ្យបានប្រាប់ថា កូនគាត់កើតមហារីកបាតភ្នែក ដូច្នេះមានតែមន្ទីរកុមារអង្គរទេទើបអាចព្យាបាលបាន លោកក៏បានយកកូនគាត់ទៅមន្ទីរពេទ្យនេះចុងក្រោយគេ។
លោកថា ដោយសារតែលោកខ្វះខាតថវិកា និងមានបណ្ណសមធម៌ ខាងមន្ទីរពេទ្យពុំបានយកថវិកាពីលោកឡើយ ហើយព្យាបាលដោយការចាក់ថ្នាំគីមីចំនួន ១១ដង (លើកទី១១ នៅឆ្នាំ២០២៤ )។ លោកអះអាងថា ពេទ្យបានជូនយោបល់ឲ្យវះកាត់យកគ្រាប់ភ្នែកចេញ ព្រោះភ្នែកកើតមហារីកតាំងពីយូរមកហើយ ដើម្បីចៀសវាងមានគ្រោះថ្នាក់ធ្ងន់ធ្ងរជាងមុន។ ម៉្យាងទៀតដោយសារលោកមើលឃើញថា កូនគាត់បានធូរស្បើយច្រើនហើយ ទើបលោកនិងប្រពន្ធ ពិគ្រោះគ្នាមិនទទួលយកការវះកាត់ឡើយ និងទុកកូនជិត ១ឆ្នាំ ដោយគិតថាកូនគាត់នឹងមិនកើតអ្វីទៀតទេ ប៉ុន្តែក្រោយមកអាការៈភ្នែកកូនគាត់ស្រាប់តែរើឡើងវិញថ្មីៗនេះ រហូតដល់ដំណាក់កាលធ្ងន់ធ្ងរបែបនេះ។
លោក មាន កុសល បន្តទៀតថា ដោយទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល, ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកណ្ដាល ,មន្រ្តីសុខាភិបាលថ្នាក់មន្ទីរ និងស្រុកប្រតិបត្តិ ព្រមទាំងអាជ្ញាធរ ភូមិ ឃុំ ស្រុក បានជួយឧបត្ថម្ភសម្ភារៈ ថវិកាផងនោះ, លោកក៏សម្រេចយកកូនមកមន្ទីរពេទ្យកុមារអង្គរម្ដងទៀត ក្រោមការជួយជ្រោមជ្រែងឡានដឹកជូនពីក្រុមគ្រូពេទ្យប៉ុស្តិ៍សុខភាពសម្ដេចមហាសង្ឃរាជ បួរ គ្រី ក្រោមការគ្រប់គ្រងរបស់សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា បានជូនមកដល់មន្ទីរពេទ្យកុមារអង្គរនាល្ងាច (ម៉ោង៦:៣០ នាទី )ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៥ ម្សិលមិញនេះ ។
លោកបន្តថា ក្រុមការងារមន្ទីរពេទ្យកុមារអង្គរ បានយកចិត្តទុកដាក់ខ្ពស់ចំពោះកូនស្រីរបស់គាត់ណាស់ និងសូមថ្លែងអំណរគុណជាអនេកកប្បការ ដ៏ខ្ពង់ខ្ពស់ចំពោះការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល , ថ្នាក់ដឹកនាំខេត្តកណ្ដាល ,ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ,និងថ្នាក់ភូមិ ឃុំ ស្រុក ដែលបានយកចិត្តទុកដាក់ជួយជ្រោមជ្រែងករណីកូនស្រីរបស់គាត់។
បើតាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលខេត្តកណ្ដាល ដែលបានចុះទៅពិនិត្យ និងជួបពិគ្រោះផ្តល់យោបល់ជាមួយក្រុមគ្រួសារកុមារីរងគ្រោះ បានបញ្ជាក់ថា ប្រវត្តិអ្នកជំងឺ គឺបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរក្នុងឆ្នាំ២០២៣ ដោយបានចាក់ថ្នាំគីមីចំនួន ១១ ដង (ស្មើនឹង៤០ម្ជុល ) ។ បន្ទាប់មកគ្រូពេទ្យបាន ពន្យល់ឲ្យធ្វើការវះកាត់យកគ្រាប់ភ្នែកចេញ តែគាត់សុំពិភាក្សាគ្នាសិន ។ តាំងពីពេលនោះមកគាត់ពុំបានត្រឡប់ទៅជួបគ្រូពេទ្យតាមការណាត់ទេ ហើយភ្នែករបស់កូនគាត់ក៏មិនទាន់មានសភាពដូចឥឡូវនេះដែរ ។
ទើបតែនៅពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៥ នេះ ភ្នែកកូនគាត់ចាប់ផ្ដើមហើម ហើយលៀនចេញមកបន្តិចម្ដងៗ គាត់គិតថាយកទៅមន្ទីរពេទ្យគន្ធបុប្ផា តែដោយគ្រូពេទ្យនៅកុមារអង្គរ បានទូរស័ព្ទមកឲ្យគាត់យកកូនទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងដោយមានការចុះទៅពិនិត្យ ពិគ្រោះដល់ផ្ទះ និងណែនាំពីគ្រូពេទ្យភ្នែកនៃមន្ទីរពេទ្យខេត្តជ័យជំនះ ឲ្យគាត់យកកូនទៅជួបគ្រូពេទ្យ នៅពេទ្យកុមារអង្គរវិញ ( ព្រោះគាត់ធ្លាប់ទទួលការព្យាបាលនៅទីនោះ ) ។
ក្រោយការពន្យល់ណែនាំរួចមក គាត់ក៏យល់ព្រម និងសម្រេចចិត្តយកកូនទៅមន្ទីរពេទ្យកុមារខេត្តសៀមរាបតាមការណែនាំរបស់គ្រូពេទ្យ ហើយដើម្បីជួយសម្រួលក្នុងការធ្វើដំណើរ និងការចំណាយផ្សេងៗលោកវេជ្ជៈបណ្ឌិត លី មករា ប្រធានមន្ទីរពេទ្យជ័យជំនះ បានជួយថវិកា ចំនួន ១០០ដុល្លារ ដល់កុមារីផងដែរ និងបានជួយបញ្ជូនដោយដឹកតាមឡានពេទ្យរបស់ប៉ុស្ត សុខភាពសម្ដេចសង្ឃបួរ គ្រី ។ បច្ចុប្បន្នកុមារីកំពុងទទួលបានការយកចិត្តទុកដាក់ ព្យាបាល ពីសំណាក់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គរហើយ៕