Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឃួង ស្រេង ណែនាំឱ្យស្នងការរាជធានី-អភិបាលខណ្ឌទាំង១៤ ដាក់ផែនការឱ្យច្បាស់លាស់ ដល់មេភូមិ-ចៅសង្កាត់ តាមដានទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)

22-07-2025 16:20

(ភ្នំពេញ)៖ ដើម្បីរួមគ្នាដោះស្រាយ សំខាន់ឱ្យការងារបង្ក្រាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះ ទទួលបានជោគជ័យ ទៅតាមបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, លោក ឃួង ស្រេង បានណែនាំឱ្យស្នងការរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១៤ ត្រូវដាក់ផែនការឱ្យបានច្បាស់លាស់ដល់មេភូមិ ចៅសង្កាត់ តាមដានទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះ។ ការងារនេះ នៅតែបន្តធ្វើដោយភាពម៉ឹងម៉ាត់ និងគ្មានទីបញ្ចប់ រហូត ONLINE SCAMS អស់ពីរាជធានីភ្នំពេញ។

ការស្នើរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំដកស្រង់បទពិសោធន៍ នៃការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានណែនាំឱ្យស្នងការរាជធានីភ្នំពេញ រៀបចំផែនការបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យបានម៉ឹងម៉ាត់បំផុត និងបានណែនាំឱ្យអភិបាលខណ្ឌទាំង១៤ ចុះសង្កេត ហើយបង្ក្រាបឱ្យទទួលបានជោគជ័យទៅតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោក ឃួង ស្រេង បានលើកឡើងថា ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅរាជធានីភ្នំពេញ ជាបទបញ្ជារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដូច្នេះមន្ត្រី និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់បំផុត ដើម្បីឱ្យការងារនេះទទួលបានជោគជ័យ បើទោះបីយើងអនុវត្តបានល្អប្រសើរមួយកម្រិតហើយក្តី។

លោក ឃួង ស្រេង បានបន្តថា ការងារនេះជាការងារ ដែលដាច់ខាតត្រូវរួមគ្នាធ្វើ ដូចពាក្យមួយគេនិយាយថា កង្កែបក៏ប្រឹង ពស់ក៏ប្រឹង យើងត្រូវប្រឹងប្រែងទាំងអស់គ្នា សង្កេតឃើញកន្លែងណាសង្ស័យ ត្រូវបង្ក្រាបកន្លែងណុង ពិសេសគឺយកភស្តុតាងឱ្យបាន។

លោកថា ក្នុងនាមអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ខ្លួនយើងស្អាតស្អំ គឺមិនទាន់គ្រប់គ្រាន់ទេ លុះត្រាតែយើងបង្ក្រាបលុបបំបាត់ ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួន ទើបគ្រប់គ្រាន់។ សូមពិនិត្យទីតាំងស្នាក់នៅរួម របស់ជនបរទេសឱ្យបានម៉ត់ចត់ និងម៉ឹងម៉ាត់ បើពួកគាត់ស្របច្បាប់ សុំកុំរំខានពួកគាត់ សូមធ្វើអ្វី ដោយភាពត្រឹមត្រូវ។

លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ ក៏បានណែនាំឱ្យលោកស្នងការរាជធានីភ្នំពេញ រៀបចំផែនការបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យបានម៉ឹងម៉ាត់បំផុត និងបានណែនាំឱ្យអភិបាលខណ្ឌទាំង១៤ លើកយកពីបញ្ហាប្រឈមនានា។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងផងដែរថា ចាប់ពីថ្ងៃទី០២ កក្កដា ២០២៥ រហូតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បានចំនួន១៦ទីតាំង និងឃាត់មនុស្សបាន៧៣៤នាក់ ចាប់ពីថ្ងៃទី០៣ ខែកក្កដា ដល់ថ្ងៃទី២១ ខែកក្កដា ក្នុងចំនួននេះ មានជនសង្ស័យមួយចំនួនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានបញ្ជាក់ផងដែរថា ក្នុងចំនួនទីតាំងដែលបង្ក្រាបបាននេះ មានចំនួន២ទីតាំង ដែលយើងបង្ក្រាបចំគោលដៅ នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះតែម្តង ដោយដកហូតបានវត្ដុតាងមួយចំនួនធំ៕