Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិស្សប្រឡងបាក់ឌុប ឆ្នាំ២០២៥ ដែលទទួលបានពិន្ទុខ្ពស់ជាងគេបំផុត នឹងទទួលបានរថយន្តអគ្គិសនីមួយគ្រឿង មានតម្លៃ ១៥ ៩៩០ដុល្លារ

22-07-2025 15:22

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន TF MOTORS (CAMBODIA) Co.,LTD។

ជំនួបនេះផ្ដោតទៅលើការផ្តល់ជូនរថយន្តអគ្គិសនី Leapmotor TO3 ជូនដល់សិស្សានុសិស្ស ដែលទទួលបានកម្រិតពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ពស់ជាងគេ ប្រចាំប្រទេស (តែម្នាក់គត់) សម្រាប់សម័យប្រឡង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ខាងមុននេះ។

គួរបញ្ជាក់ផងដែរថា រថយន្ត Leapmotor T03 គឺជាប្រភេទរថយន្ត city car ទ្វារ-5 អគ្គិសនីសុទ្ធ100% ដែលអាចបើកបរបាន ៣១០Km សម្រាប់ការសាកថាមពលមួយពេញ និងមានលក្ខណៈពិសេសទំនើបដ៏សំបូរបែបជាច្រើន ដែលមានតម្លៃ $១៥ ៩៩០។

គោលបំណងនៃការផ្ដល់ជូនរថយន្តអគ្គិសនី Leapmotor TO3 នេះគឺដើម្បី (១) ចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការលើកស្ទួយវិស័យអប់រំឱ្យកាន់តែរីកចម្រើន និងស្របតាមការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្នុងការគាំទ្រឱ្យប្រជាពលរដ្ឋខ្មែរ ងាកមកប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីចូលរួមថែទាំដល់បរិស្ថាន និងកាត់បន្ថយនៅឧស្ម័នពុល ដែលប៉ះពាល់ដល់បរិយាកាស (២) លើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែង រៀនសូត្រដើម្បីទទួលបាននូវលទ្ធផលល្អ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខនេះ។

តបនឹងការលើកឡើងខាងលើ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានសម្តែងការកោតសរសើរ និងថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះរបស់ក្រុមហ៊ុន TF MOTORS (CAMBODIA) Co.,LTD ដែលបានចូលរួមចំណែកក្នុងការលើកទឹកចិត្ត ដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងជំរុញឱ្យប្រជាពលរដ្ឋខ្មែរ ប្រើប្រាស់រថយន្ដអគ្គិសនីដើម្បីចូលរួមថែទាំដល់បរិស្ថាន និងកាត់បន្ថយនៅឧស្ម័នពុល ដែលប៉ះពាល់ដល់បរិយាកាសដែលស្របតាមការលើកទឹកចិត្ត របស់រដ្ឋាភិបាលនីតិកាលទី៧នេះ៕