Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គលេខាធិការ AIBD ជំរុញឱ្យអ្នកសារព័ត៌មាន រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ផ្សាយព័ត៌មានពិត មានក្រមសីលធម៌ វិជ្ជាជីវៈ ដែលផ្តល់ផលប្រយោជន៍ដល់សាធារណជន

22-07-2025 15:20

(សៀមរាប)៖ លោកស្រី Philomena Gnapragasam អគ្គលេខាធិការ/នាយកលេខាធិការដ្ឋានវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក (AIBD) បានជំរុញឱ្យអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាំងអស់ រួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលកំពុងតែរីករាលដាល នៅដំណាក់កាលរីកចម្រើនផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺត្រូវផ្សាយព័ត៌មានពិត មានក្រមសីលធម៌ វិជ្ជាជីវៈ ដែលមានផលប្រយោជន៍ដល់សាធារណជន។

ការជំរុញបែបនេះរបស់លោកស្រី Philomena Gnapragasam បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញថ្លែងសន្ទរថា បើកជាផ្លូវការនូវកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។

ជាមួយគ្នានេះដែរ លោកស្រីអគ្គលេខាធិការ/នាយកលេខាធិការដ្ឋាន វិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក (AIBD) បានថ្លែងថា ក្នុងអំឡុងពេលដ៏សំខាន់នេះ នៅទីនេះ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗ និងឱកាសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ការកើនឡើងនៃព័ត៌មានមិនពិត និងបញ្ហាដែលបង្កើតឡើងដោយ Al អាចធ្វើឱ្យធ្លាក់ចុះការជឿទុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយ។

លោកស្រីអគ្គលេខាធិការ វិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក បានបន្តទៀតថា ដូច្នេះក្នុងនាមជាអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ ត្រូវតាំងចិត្តឡើងវិញ ចំពោះតួនាទីរបស់ខ្លួន ក្នុងការអនុវត្តសសរស្តម្ភទី៤ នៃលទ្ធិប្រជាធិបតេយ្យ ដោយរក្សាក្នុងការផ្សព្វផ្សាយព័ត៌មានពិត មានក្រមសីលធម៌វិជ្ជាជីវៈ ដែលមានផលប្រយោជន៍ដល់សាធារណជន។

សម្រាប់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ពិតជាមានមោទនភាព និងកិត្តិយស ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលលើវិស័យព័ត៌មាននេះ។ តាមរយៈការផ្តួចផ្តើមគំនិតនេះ កម្ពុជានឹងអង្គុយជាមួយអ្នកឯកទេសទាំងអស់ ដើម្បីរកវិធីនៃកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ។ មួយវិញទៀត កម្ពុជានឹងប្រើប្រាស់មធ្យោបាយការទូតព័ត៌មាន ដើម្បីធ្វើយ៉ាងណាលើកតម្កើងលើកកម្ពស់កិត្យានុភាពកម្ពុជាជាសំខាន់។

លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា បានបញ្ជាក់នៅក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការថា «កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ យើងនឹងអង្គុយជាមួយដែលមានថ្នាក់រដ្ឋមន្រ្តី អ្នកជំនាញគោលនយោបាយ អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និងអ្នកសារព័ត៌មាន អ្នកឯកទេសទាំងអស់ ដើម្បីយើងរកវិធីនៃកិច្ចសហប្រតិបត្តិការ ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយនេះជារឿងសំខាន់ទី១»

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រសួងព័ត៌មានកម្ពុជាកន្លងទៅថ្មីៗ បានបើកយុទ្ធនាការយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងនូវព័ត៌មានក្លែងក្លាយ ហើយព័ត៌មានក្លែងក្លាយដែលយើងបានក្តាប់ជាប់ទាក់ទងជាមួយនឹងបញ្ហាសំខាន់ៗដែលជាអាយុជីវិតរបស់ប្រទេសជាតិ ពាក់ព័ន្ធជាមួយនឹងសន្តិសុខជាតិ សេដ្ឋកិច្ច ទេសចរណ៍ បញ្ហានយោបាយ និងកិច្ចការងារពាក់ព័ន្ធផ្សេងៗទៀតដែលមានភាពរសើប។ ការគាំទ្ររបស់ AIBD និងដៃគូអន្តរជាតិទាំងអស់ការគម្រាមកំហែងដ៏ធ្ងន់ធ្ងរមួយដែលកំពុងប្រឈមមុខនឹងយើងទាំងអស់គ្នាគឺការកើនឡើងនៃព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ដែលជាបញ្ហាប្រឈមដែលមិនស្គាល់ព្រំដែន គ្មានភាសា និងគ្មានមនោគមវិជ្ជា៕