Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ១៦គ្រួសារនៅខេត្តស្វាយរៀង ទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា (Video inside)

22-07-2025 13:05

(ស្វាយរៀង)៖ នៅក្នុងរដូវស្សាធ្លាក់ភ្លៀង លាយខ្យល់កន្ដ្រាក់ បានឈានចូលមកដល់, គ្រោះធម្មជាតិនេះបោកបក់បណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន១៦ខ្នងផ្ទះ រស់នៅក្នុងស្រុកចន្ទ្រា ចំនួន ៨ខ្នង និងស្រុកកំពង់រោទិ៍ ចំនួន ៨ខ្នង ដោយក្នុងនោះ ៨ ខ្នងស្ទើរតែខូចខាតផ្ទះទាំងស្រុង, ៥ខ្នងទៀតរងគ្រោះមធ្យម និងរងការខូចខាតតិចតួច ចំនួន៣ខ្នង។

ក្នុងនាមកាកកាកបាទក្រហមកម្ពុជា ជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើការងារមនុស្សធម៌ ពេលបានទទួលដំណឹងនេះ ក៏មិនអង្អង់យូរ ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋទាំង១៦គ្រួសារនោះ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ដែលដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង, លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការីជាច្រើនរូបទៀត។

គ្រួសាររងគ្រោះខាងលើនេះ គឺត្រូវខ្យល់កន្ត្រាក់បោកបក់ឱ្យខូតខាតផ្ទះសម្បែងកាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ឆ្លើយតបទៅនឹងស្ថានភាពនេះលោកស្រី ដួង វណ្ណា បានសម្ដែងនូវការអាណិតអាសូរដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយបានខិតខំប្រកបរបររកស៊ីចិញ្ចឹមជីវិតមានជីវភាព នឹងផ្ទះសម្បែងរស់នៅសមរម្យ តែដោយគ្រោះធម្មជាតិមួយ រយៈពេលខ្លីប៉ុណ្ណោះ បណ្តាលឱ្យខ្យល់កន្ត្រាក់បំផ្លាញខូចខាត បែកបាត់ផ្ទះសម្បែងបាត់បង់ជម្រក។

ក្នុងឱកាសនោះលោកស្រី ដួង វណ្ណា ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែធ្វើការ ណែនាំដល់សាខាទាំងអស់នៅទូទាំងប្រទេស ត្រូវចុះពិនិត្យជាក់ស្តែង និងធ្វើការឆ្លើយតបភ្លាមៗ ដើម្បីយកជំនួយជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះឲ្យបានទាន់ពេលវេលា បើទោះបីសម្ភារៈដែលបានចែក មិនអាចឆ្លើយតបទៅតាមទំហំនៃការខូចខាតក៍ពិតមែន តែជាការចែករំលែកនៅពេលជួបគ្រោះមហន្តរាយ។

ទន្ទឹមនេះលោកស្រីក៏ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទ ទូរទស្សន៍ ទូរស័ព្ទ និងរកកន្លែងដែលមានសុវត្ថិភាពនៅពេលមានភ្លៀងធ្លាក់ រួមទាំងត្រូវមានអនាម័យស្អាតជានិច្ចនៅក្នុងការរស់នៅជាប្រចាំ ដើម្បីការពារពីជំងឺដង្កាត់ផ្សេងៗដែលបង្ករដោយការកង្វះអនាម័យ។ ទន្ទឹមនឹងនោះសូមឱ្យអាជ្ញាធរ ជួយរៀបចំផ្ទះពួកគាត់ឡើងវិញដើម្បីស្នាក់នៅបន្ត។

សូមជម្រាបថាអំណោយដែលបានចែកជូនដល់គ្រួសាររងគ្រោះដោយគ្រោះមហន្ដរាយធម្មជាតិនេះ ដោយក្នុង ១គ្រួសារទទួលបាន៖ អង្ករ ៣០គីឡូ, មី១កេស, ទឹកស៊ីអ៊ីវ ៦ដប, ត្រីខ ១០កំប៉ុង, កន្ទេលជ័របត់ ១, ឃីត ១កញ្ចប់ មានមុង១ ភួយ១ ក្រម៉ា១ សារុង១ និងថវិកា ៥ម៉ឺនរៀល។ ក្នុងនោះគ្រួសាររងគ្រោះស្ទើរតែទាំងស្រុង ទទួលបានបន្ថែម៖ កៅស៊ូតង់ ១, ធុងទឹកជ័រ ១, ឆ្នាំងបាយ សម្ល ២ និងថវិកា ២០ ម៉ឺនរៀល ដោយឡែកគ្រួសាររងគ្រោះតិចតួចទទួលបានថវិកា ៦ម៉ឺនរៀល សម្រាប់ទិញសម្ភារៈជួសជុលផ្ទះឡើងវិញ៕