Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចាប់បានទៀតហើយ! ហេតុអ្វីសាច់បង្កកអត់ច្បាប់ពីវៀតណាម ឆ្លងដែនចូលមកកម្ពុជា ស្រួលម្ល៉េះ? ហេតុអ្វីចាប់បានរហូត តែអត់ឃើញចាប់ឈ្មួញលួចនាំចូល?

22-07-2025 10:34

(ភ្នំពេញ)៖ សាច់បង្កកអត់ច្បាប់ប្រមាណជា ៤តោនទៀត​ហើយ ត្រូវបានដឹកពីវៀត​ណាម ចូលមកប្រទេសកម្ពុជា ដើម្បីចែកចាយក្នុងរាជធានីភ្នំពេញ។ តែត្រូវមន្ត្រី​ជំនាញ​​របស់ក្រសួងកសិកម្មចាប់បានពេលដឹកតាមផ្លូវក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

នៅវេលាម៉ោង ៨៖៣០នាទីយប់នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រុម​អន្ត​រាគមន៍​បង្ក្រាប​​បទ​ល្មើស​ចលនា​សត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម សហការ​ជាមួយ​​ការិយា​ល័យ​ផលិត​កម្ម និងបសុព្យាបាល​ខេត្តកំពង់ចាម បាន​ចុះឃាត់រថយន្ត ១គ្រឿង ម៉ាក SSANGYONG ISTANA កំពុងដឹកសាច់បង្កក។

ក្នុងរថយន្តនេះ ដឹកសាច់សត្វបង្កកសរុបចំនួន ៣៧៩៨គីឡូក្រាម ចំនួន ១៨៧កេសក្រដាស ស្មើ​នឹង​២២៤៨​គីឡូក្រាម ( ស្បែកជ្រូក ជើងជ្រូក) និងហតដកសាច់មាន់ចំនួន ៣១បាវស្មើនឹង ១៥៥០​គីឡូ​ក្រាម​។

ក្រុមការងារបានឃាត់រថយន្តនេះ ​លើផ្លូវបេតុង ឃុំជីហែ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ រថយន្ត​ខាង​​លើបាន​ដឹកសាច់សត្វបង្កកទាំងនេះ ចេញពីប្រទេសវៀតណាម ឆ្ពោះមកលក់ចែក​ចាយ​នៅ​រាជ​ធានី​ភ្នំពេញ​ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍​ទៅតាម​នីតិវិធីច្បាប់។

សូមបញ្ជាក់ថា ក្នុងមួយរយៈចុងក្រោយនេះមន្ត្រីជំនាញរបស់ក្រសួងកសិកម្ម បានចុះចាប់រថយន្តលួចដឹកសាច់បង្កពីវៀតណាម គ្មានច្បាប់អនុញ្ញាតជាបន្តបន្ទាប់។

ការបណ្តែតបណ្តោយទំនិញ សាច់បង្កកលួចនាំចូលកម្ពុជា ដោយគ្មានច្បាប់ គ្មានការត្រួតពិនិត្យច្បាស់លាស់ គេមិនអាចដឹងពីគុណភាពទំនិញ ឬសាច់បង្កកនោះឡើយ។

ចំណីអាហារជាប់ពាក់ព័ន្ធយ៉ាងសំខាន់ចំពោះសុខភាពប្រជាពលរដ្ឋ។ អាហារល្អសុខភាពល្អ អាហារមានបញ្ហានាំឱ្យប្រជាពលរដ្ឋកើតជំងឺតម្កាត់ផ្សេងៗ។ ជំងឺ នឹងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ ប៉ះពាល់នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។

ការបណ្តែតបណ្តោយឱ្យទំនិញ សាច់បង្កកចូលកម្ពុជា ដោយគ្មានច្បាប់ ក៏ធ្វើឱ្យបាត់ប្រភពចំណូលរបស់ជាតិ តាមរយៈការប្រមូលពន្ធគយផងដែរ។

ប្រជាពលរដ្ឋបានលើកជាចម្ងល់ថា ហេតុអ្វីសាច់បង្កកគ្មានច្បាប់អនុញ្ញាត ត្រូវបានឆ្លងដែនចូលមកកម្ពុជាងាយស្រួលម្ល៉េះ តើមន្ត្រីធ្វើការងារនៅតាមព្រំដែនមិនបានដឹងរឿងនេះទេឬ?

ប្រជាពលរដ្ឋក៏ងឿងឆ្ងល់ផងដែរថា តាមរយៈការចាប់សាច់បង្កកទាំងនេះ គេមិនអាចរកឃើញឈ្មួញដែលខិលខូចទេឬ ទើបការចាប់ជាបន្តបន្ទាប់នេះ មិនដែលរកឃើញមុខឈ្មួញសោះ?