ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បដិសេធការចោទប្រកាន់របស់ថៃថា កម្ពុជាប្រើប្រាស់មីនប្រឆាំងមនុស្ស
21-07-2025 22:57
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ដោយបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់ថៃថា កម្ពុជាប្រើប្រាស់មីនប្រឆាំងមនុស្ស។
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេសថៃ បានចេញសេចក្តីថ្លែងការណ៍ ដោយដាក់ចំណងជើងថា «ការតវ៉ាប្រឆាំងនឹងការប្រើប្រាស់មីនប្រឆាំងមនុស្ស» ដែលចោទប្រកាន់កម្ពុជាថា បានដាក់មីនថ្មីប្រឆាំងមនុស្ស ដោយរំលោភលើអនុសញ្ញាស្តីពីការហាមឃាត់មីនប្រឆាំងមនុស្ស (អនុសញ្ញាទីក្រុង អូតាវ៉ា) ដែលបានបណ្តាលឲ្យទាហានរបស់ខ្លួនរងរបួសកាលពីពេលថ្មីៗនេះ។
ចំពោះការចោទប្រកាន់ទាំងនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងនេះ។
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា៖
សេចក្តីថ្លងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
នៃព្រះរាជាណាចក្រកម្ពុជា បដិសេធការចោទប្រកាន់ថាកម្ពុជាប្រើប្រាស់មីនប្រឆាំងមនុស្ស
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ច្រានចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ដែលមានចំណងជើងថា "ការតវ៉ាប្រឆាំងនឹងការប្រើប្រាស់មីនប្រឆាំងមនុស្ស” ដែលចោទប្រកាន់កម្ពុជាថា បានដាក់មីនថ្មីប្រឆាំងមនុស្ស ដោយរំលោភលើអនុសញ្ញាស្ដីពីការហាមឃាត់មីនប្រឆាំង
មនុស្ស (អនុសញ្ញាទីក្រុង អូតាវ៉ា) ដែលបានបណ្ដាលឲ្យទាហានថៃរងរបួសនាពេលថ្មីៗនេះ។
រាជរដ្ឋាភិបាលកម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងនេះ។ ក្នុងនាមជារដ្ឋភាគីមួយ ដែលមានការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះខ្លឹមសារស្មារតីនៃអនុសញ្ញាទីក្រុងអូតាវ៉ា កម្ពុជាសូមបដិសេធយ៉ាងដាច់អហង្ការនូវរាល់ការលើកឡើងថាកម្ពុជាបានរំលោភចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញានេះ។ កិច្ចខិតខំប្រឹងប្រែងជាប់ជាប្រចាំ និងសមិទ្ធផល ដែលកម្ពុជាសម្រេចបានក្នុង សកម្មភាពកម្ចាត់មីន ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់យ៉ាងទូលំទូលាយ ក្នុងនោះរួមមាន់ទាំងវឌ្ឍនភាពយ៉ាងធំក្នុងការបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមនៅលើទឹកដីរបស់កម្ពុជា ក៏ដូចការរួមចំណែករបស់កម្ពុជាក្នុងប្រតិបត្តិការដោះមីនរបស់អង្គការសហប្រជាជាតិ
នៅតាមប្រទេសនានាដែលបានបញ្ចប់ជម្លោះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចាំបាច់ត្រូវតែបញ្ជាក់ជាថ្មីថា ហេតុការណ៍ពាក់ព័ន្ធនឹងការចោទប្រកាន់គឺបានកើតឡើងនៅក្នុងភូមិតេជោមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់មួយស្ថិតនៅក្នុងដែនដីកម្ពុជាដែលមានការទទួលស្គាល់ជាអន្តរជាតិ។ ដែនដីនេះត្រូវបានកំណត់ដោយផែនទីខ្នាត ១:២០០០០០ ដែលផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម អនុលោមតាម អនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ ផែនទីទាំងនេះត្រូវបានរដ្ឋាភិបាលកម្ពុជា និងទទួលស្គាល់ជាយូរមកហើយថាជាមូលដ្ឋានសម្រាប់ការងារវាស់វែងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ។
ផែនទីទាំងនេះក៏ជាឯកសារយោងសម្រាប់តុលាការយុត្តិធម៌អន្តរជាតិ សម្រេចចេញសាលក្រមឆ្នាំ១៩៦២
ពាក់ព័ន្ធនឹងករណីប្រាសាទព្រះវិហារ និងការបកស្រាយសាលក្រមនេះក្នុងឆ្នាំ ២០១៣។
វាជាការសោកស្ដាយយ៉ាងខ្លាំង ដែលកម្លាំងយោធាថៃបានចូលទៅក្នុងតំបន់នេះដោយរំលោភលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ដែលមានចែងយ៉ាងច្បាស់អំពីការងារខណ្ឌសីមាព្រំដែនរួមគ្នា និងការហាមឃាត់មិនឲ្យមានសកម្មភាពឯកតោភាគីនៅក្នុងតំបន់ដែលមិនទាន់បានកំណត់ខ្សែព្រំដែនរួច។ ទោះបីជាកម្ពុជាបានព្រមានអំពីគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយគ្រាប់មីនមិនទាន់ផ្ទុះបន្សល់ពីជម្លោះប្រដាប់អាវុធរាប់ទសវត្សរ៍ក៏ដោយ ក៏ទាហានថៃបានងាកចេញពីផ្លូវល្បាតដែលប្រទេសទាំងពីរ បានសម្របសម្រួលគ្នាកន្លងមក ហើយបានបង្កើតផ្លូវថ្មីមួយឆ្លងចូលកាត់មកលើទឹកដីកម្ពុជា។
សកម្មភាពមិនទទួលខុសត្រូវនេះបានរំលោភលើការយោគយល់គ្នាជាទ្វេភាគី រំលោភលើទឹកដីក្រោមអធិបតេយ្យរបស់កម្ពុជា បង្កហានិភ័យដល់អាយុជីវិតមនុស្ស និងបំផ្លាញការទុកចិត្តគ្នាទៅវិញទៅមក។ នេះនៅមិនទាន់លើកផងទេអំពីបំណងខុសច្បាប់ និងមិនស្របតាមច្បាប់ ក្នុងការដាក់ចេញបទបញ្ញត្តិសម្រាប់ភ្ញៀវទេសចរ និងអ្នកធ្វើធម្មយាត្រាចូលទៅក្នុងប្រាសាទតាមាន់ធំ ដូចដែលយោធាថៃបានប្រកាស
ដោយសារតែគេអះអាងអធិបតេយ្យរបស់ថៃលើតំបន់ប្រាសាទនេះ។
ទោះបីជាការពិតច្បាស់លាស់ និងមិនអាចប្រកែកបានក៏ដោយ ក៏ប្រទេសថៃនៅតែបន្តចេញសេចក្តីថ្លែងការណ៍ដែលមិនមានការទទួលខុសត្រូវ និងបំភ័ន្តមតិ ដោយអះអាងថាខ្លួនបានបោសសម្អាតមីននៅតំបន់ដែលទាហានថៃរងរបួសដោយសារការផ្ទុះមីន។ តាមការពិត ទាហានកម្ពុជានៅត
ឈរជើងក្នុងតំបន់នោះដដែល ហើយក៏មិនដែលមានសកម្មភាពដោះមីនកើតឡើងដូចការអះអាងរបស់ថៃនោះទេ ព្រោះថាតំបន់នេះស្ថិតនៅក្នុងទឹកដីកម្ពុជា។ ជាជាងទទួលស្គាល់ការពិត និងទទួលយកការទទួលខុសត្រូវ ថៃនៅតែបន្តផ្សព្វផ្សាយព័ត៌មានមិនពិតដល់សាធារណជន និងសហគមន៍អន្តរជាតិ។ កម្ពុជាជំរុញឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នេះ ហើយចាត់វិធានការឱ្យបានសមស្របដើម្បី
កែតម្រូវការនិយាយមិនពិតរបស់ខ្លួន។
ឧប្បត្តិហេតុខាងលើនេះបង្ហាញយ៉ាងច្បាស់អំពីភាពចាំបាច់ឲ្យប្រទេសទាំងពីររកដំណោះស្រាយជាបន្ទាន់ដោយសន្តិវិធី និងមានចំណងកាតព្វកិច្ចច្បាប់ តាមរយៈយន្តការអន្តរជាតិសមស្រប។ ដូច្នេះហើយកម្ពុជាសូមបញ្ជាក់ជាថ្មីនូវជំហរយូរអង្វែងរបស់ខ្លួនថា តុលាការយុត្តិធម៌អន្តរជាតិ ដែលជាស្ថាប័នតុលាការដ៏សំខាន់របស់អង្គការសហប្រជាជាតិ គឺជាវេទិកាដ៏គួរឱ្យទុកចិត្តបំផុត និងមិនលំអៀងបំផុតសម្រាប់ការដោះស្រាយជម្លោះព្រំដែនដែលនៅសេសសល់រវាងប្រទេសទាំងពីរ។ កម្ពុជាសូមជំរុញឱ្យប្រទេសថៃទទួលយកយុត្ថាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិលើបញ្ហានេះដោយស្មោះត្រង់ ក្នុងការបំពេញនូវកាតព្វកិច្ចរបស់ខ្លួនក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ និងការប្តេជ្ញាចិត្តយ៉ាងស្មោះស្ម័គ្រចំពោះការដោះស្រាយ
ជម្លោះព្រំដែនដោយត្រឹមត្រូវ យុត្តិធម៌ និងតាមសន្តិវិធី ដើម្បីធានាបាននូវសន្តិភាពយូរអង្វែង ទប់ស្កាត់កុំឲ្យមានឧប្បត្តិហេតុអកុសលកើតឡើងទៀត និងរួមចំណែកដល់ស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ និងតំបន់ទាំងមូលផងដែរ។
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥