កម្ពុជា និងអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងដំណាក់ការរីកចម្រើនផ្នែកបញ្ញាសិប្បនិម្មិត (AI)
21-07-2025 18:08
(សៀមរាប)៖ ព្រះរាជាណាចក្រកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) ដោយប្រព្រឹត្តទៅ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។ សម្រាប់ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ មានប្រធានបទចំនួន៧បានដំណើរការក្នុងអង្គសិក្ខាសាលាក្នុងពេលតែមួយ ប៉ុន្តែកិច្ចពិភាក្សានៃប្រធានបទផ្សេងៗគ្នា បានចាប់ផ្តើមដំណើរការរៀងខ្លួន។
លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ បានអះអាងថា ក្នុងឋានៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ កម្ពុជានឹងអង្គុយរួមជាមួយអ្នកឯកទេសទាំងអស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងព័ត៌មានក្លែងក្លាយ ឱ្យកាន់តែមានប្រសិទ្ធភាព។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ លោក កឹម គុណវឌ្ឍន៍ បានញ្ជាក់ថា៖ «ព្រះរាជាណាចក្រកម្ពុជាយើង ពិតជាមានមោទនភាព និងកិត្តិយស ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ច ប្រជុំកំពូលលើវិស័យព័ត៌មាននេះ។ សម្រាប់ព្រឹកថ្ងៃទី២១ ខែកក្កដានេះ បានបើកដំណើរការព្រមៗគ្នានូវសិក្ខាសាលាចំនួន៧ ដោយផ្តោតកិច្ចពិភាក្សាទៅលើ យុគសម័យឌីជីថល»។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា សិក្ខាសាលាទាំងនេះ ពិតជាមានសារសំខាន់ណាស់ដោយវាគ្មិនមកពីតំបន់សំខាន់ៗ ជាសម្ព័ន្ធភាព និងដៃគូររបស់អង្គការAIBD និងចូលរួមធ្វើបទបង្ហាញក្នុងនោះក៏មានតំណាងវិស័យព័ត៌មានកម្ពុជាចូលរួមគ្រប់សិក្ខាសាលា។
លោក កឹម គុណវឌ្ឍន៍ បានលើកឡើងថា តាមរយៈការផ្តួចផ្តើមគំនិតរបស់លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កម្ពុជានឹងអង្គុយជាមួយអ្នកឯកទេសទាំងអស់ ដើម្បីរកវិធីនៃកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ។ មួយវិញទៀត កម្ពុជានឹងប្រើប្រាស់មធ្យោបាយការទូតព័ត៌មាន ដើម្បីធ្វើយ៉ាងណាលើកតម្កើងលើកកម្ពស់កិត្យានុភាពកម្ពុជាជាសំខាន់។
«យើងនឹងអង្គុយជាមួយជាមួយអ្នកឯកទេសទាំងអស់ ដើម្បីយើងរកវិធីនៃកិច្ចសហប្រតិបត្តិការ ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយនេះជារឿងសំខាន់ទី១។ រឿងសំខាន់ទី២ ឯកឧត្តមរដ្ឋមន្ត្រីលោកនឹងផ្តល់ឱកាសក្នុងព័ត៌មានការទូត មានន័យថាយើងប្រើប្រាស់ទំនាក់ទំនងអន្តរជាតិលើគ្រប់វិស័យ ទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយ ទាំងវិស័យនយោបាយការទូត តាមរយៈព័ត៌មាន ដើម្បីធ្វើយ៉ាងណាយើងរួមគ្នា លើកតម្កើង លើកកម្ពស់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជាជាសំខាន់ និងទី២៖ យើងជម្រាបទៅដល់ប្រព័ន្ធផ្សព្វផ្សាយបានដឹងថា យើងទាំងអស់គ្នាចូលទៅដល់ក្នុងយុគសម័យទំនើប យុគសម័យឌីជីថល យុគសម័យ (AI)។ ដូច្នេះ ប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជាយើងត្រូវតែមានលក្ខណៈសម្បត្តិជាមុន ដូច្នេះ ក្នុងកិច្ចប្រជុំប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០នេះ អ្នកជំនាញការបានផ្តល់នូវបទពិសោធន៍ទាំងនេះដល់ប្រព័ន្ធផ្សព្វផ្សាយ គ្រប់វេទិកានៃអង្គសិក្ខាសាលាជំនាញទាំង៧ សុទ្ធតែមានតំណាងវិស័យព័ត៌មានកម្ពុជាចូលរួម»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក កឹម គុណវឌ្ឍន៍។
សូមជម្រាបថា ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និង លើសពីនេះ» ដែលមានអ្នកសារព័ត៌មានចូលរួមមកពីប្រទេសជាសមាជិកចំនួន ៣៧ប្រទេស នៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយផងដែរ៕