Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វរសេនីយ៍ទោ ជឿន សារួន អធិការរងខណ្ឌព្រែកព្នៅ ដែលលក់ដីឡូត៍ខ្យល់ឲ្យពលរដ្ឋជាច្រើនគ្រួសារនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ ត្រូវស្នងការនគរបាលរាជធានីភ្នំពេញ ស្នើបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ

21-07-2025 15:06

(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ជឿន សារួន អធិការរងនគរបាលខណ្ឌព្រែកព្នៅ ដែលរងការចោទប្រកាន់ថា លក់ដីឡូត៍ខ្យល់ឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រជុំក្រុមប្រឹក្សាវិន័យ និងសម្រេចស្នើសុំការសម្រេចពីអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា វរសេនីយ៍ទោ ជឿន សារួន អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ អត្តលេខ៨៣៨១២ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានស្នើសុំគោលការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តទណ្ឌកម្មវិន័យក្រោមរូបភាពបណ្តេញចេញពីក្របខ័ណ្ឌ នគរបាលជាតិ ពាក់ព័ន្ធនឹងមន្រ្តីរូបនេះបានល្មើសវិន័យកងកម្លាំងនគរបាលជាតិ អវត្តមានបាត់មុខគ្មានមូលហេតុ ដោយមិនបានមកបំពេញភារកិច្ចនៅអង្គភាពជាច្រើនថ្ងៃមកហើយ មិនទទួលខុសត្រវចំពោះតួនាទីភារកិច្ច ជានគរបាលជាតិ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រជុំក្រុមប្រឹក្សាវិន័យ ហើយបានសម្រេចសុំគោលការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។ ករណីអធិការរងខណ្ឌព្រែកព្នៅ លោកវរសេនីយ៍ទោ ជឿន សារួន ដែលបានធ្វើសកម្មភាពបង្កបញ្ហា ពាក់ព័ន្ធនិងរឿងរ៉ាវដីធ្លីជាមួយប្រជាពលរដ្ឋ ជារឿងបុគ្គល មិនជាប់ពាក់ព័ន្ធជាមួយអង្គភាពនោះឡើយ។

សូមជម្រាបថា ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ បាននាំគ្នាប្រមូលផ្ដុំតវ៉ានៅទីតាំងដីឡូត៍ដែលពួកគាត់ទិញពីម្ចាស់គម្រោង លោកវរសេនីយ៍ទោ ជឿន សារួន អធិការរងនគរបាលខណ្ឌព្រែកព្នៅ តែមិនបានប្លង់រឹង និងមិនបានដី ពោលមានតែគម្រោងបើទោះបីបង់លុយរួចយ៉ាងណាក្ដី។ ទីតាំងគម្រោងដីឡូត៍នេះ ស្ថិតនៅភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ពលរដ្ឋរងគ្រោះខ្លះនៅខេត្តព្រៃវែង ជាកម្មការិនីកាត់ដេរ បានអះអាងថា ពួកគាត់សន្សំលុយមិនហ៊ានចាយ ដើម្បីមកបង់រំលោះ, ខ្លះនៅខេត្តកណ្តាល ដោយយកលុយដែលកូនជូន មកបង់រំលោះ និងខ្លះជាកម្មករសំណង់ បានសន្សំលុយមកបង់តែចុងក្រោយអស់រលីង ជាមួយដីមួយឡូត៍តម្លៃ៣,៨០០ដុល្លារ។

ប្រភពព័ត៌មាន បានបញ្ជាក់ថា ម្ចាស់គម្រោងដីឡូត៍ក្រុមហ៊ុន អិល ឌី លែន ខូអិលធីឌី គឺលោកវរសេនីយ៍ទោ ជឿន សារួន ដែលជាអធិការរងនគរបាលខណ្ឌព្រែកព្នៅ បានរត់គេចខ្លួនទៅក្រៅប្រទេសបាត់ហើយ។

ប្រជាពលរដ្ឋរងគ្រោះ ក៏សូមអំពាវនាវឲ្យអាជ្ញាធរនៅតាមមូលដ្ឋាន ត្រូវពិនិត្យមើលឲ្យបានខ្លាំង និងច្បាស់លាស់សម្រាប់គម្រោងពុះលក់ដីឡូត៍ ដើម្បីចូលរួមទប់ស្កាត់ការចាញ់បោក និងប៉ះពាល់ជីវភាពរបស់ពលរដ្ឋ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋត្រូវមានការប្រយ័ត្នខ្ពស់ពេលសម្រេចចិត្តបង់រំលោះដីឡូត៍ទាំងនោះ បារម្ភចុងក្រោយបានតែក្រដាសកិច្ចសន្យា តែមិនបានដី និងប្លង់៕