Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ករណីទាហានថៃផ្ទុះមីនដាច់ជើង, មេស៊ីម៉ាក់កម្ពុជា​ ប្រាប់ទៅថៃថា «ថៃគួរតែស៊ើបអង្កេតខ្លួនឯងជាមុនសិន មុននឹងចង់ប្តឹងកម្ពុជាទៅ UN» ! (Video inside)

19-07-2025 16:34

(ភ្នំពេញ)៖ បន្ទាប់កើតមានករណីទាហានថៃជាន់មីនផ្ទុះដាច់ជើងម្នាក់ និង២នាក់ទៀតរងរបួស បង្កើតឱ្យមានការផ្សព្វផ្សាយពត៌មានជាច្រើនពីសំណាក់ភាគីថៃ ដោយបានដកស្រង់សំដីច្របូកច្រលប់ចាប់ពីថ្នាក់ដឹកនាំក្រសួងការពារជាតិថៃ ក្រសួងការបរទេសថៃ មេទ័ពថៃ និងអង្គការដោះមីនរបស់ថៃ មិនដឹងច្បាស់លាស់មួយណាឱ្យពិតប្រាដក។

បន្ថែមពីនេះពួកគេថែមទាំងចោទកម្ពុជាទាំងងងើល និងចង់ប្តឹងកម្ពុជាទៅ UN ថារំលោភអនុញ្ញាមីនអន្តរជាតិ (អនុញ្ញាអូតាវ៉ា) ដែលប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សថែមទៀត, ឆ្លើយបតការលើកឡើងបែបត្រឡប់ត្រឡិនបែបនេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែកក្កដានេះ បានផ្ញើសារទៅកាន់ភាគីថៃ ដែលចង់ប្តឹងកម្ពុជាថា «សៀមគួរតែស៊ើបអង្កេតខ្លួនឯងជាមុនសិន មុននឹងចង់ប្តឹងកម្ពុជា»។

មេស៊ីម៉ាក់កម្ពុជា លោក ហេង រតនា បានលើកឡើងថា មានរូបភាពតាមប្រពន្ធ័សង្គមជាច្រើននៅស្រុកសៀម​ បានធ្វើការផ្សព្វផ្សាយរូបភាពសកម្មភាពទាហានសៀម សម្រុកដាក់គ្រាប់មីនថ្មីៗ តាមព្រំដែនខ្មែរ-សៀម​ តើរដ្ឋបាលសៀម និងអង្គការដោះមីននៅសៀម មានចាត់វិធានការស៊ើបអង្កេត ឬនៅ​ និងបានប្តឹងទៅថ្នាក់ដឹកនាំប្រទេសសៀម ឱ្យចាត់វិធានការទប់ស្កាត់ ឬនៅ?

លោកសង្កត់ធ្ងន់ថា ការលើកយកករណីផ្ទុះគ្រាប់មីននេះ ចង់ប្តឹងកម្ពុជាទៅ UN​ ពិតជាល្អ​ហើយ​ ដូចនេះគួរតែបបួលគ្នាដោយកាន់ដៃកម្ពុជា ទៅប្តឹងនៅ ICJ តែម្តង​ ព្រោះថា ICJ ជាតុលាការរបស់ UN នេះស្រាប់។

លោក ហេង រតនា បានបញ្ជាក់យ៉ាងដូច្នេះថា «យមានទាហានសៀមជាន់គ្រាប់មីន ដោយមានម្នាក់ដាច់ជើងម្ខាង និងរបួសស្រាលចំនួន២នាក់ (តាមរយៈសារព័ត៌មាន)​ ចុះផ្សាយលាបពណ៌មួលបង្កាច់កម្ពុជា​ រឿងគ្រាប់មីនចាស់​ និងគ្រាប់មីនដាក់ថ្មី! រដ្ឋមន្ត្រីការពារជាតិសៀមស្តីទី​ ស្នើសុំឱ្យកម្ពុជា​ដោះគ្រាប់មីនចាស់ៗចេញ​ មេទ័ពជួរមុខសៀមថា គ្រាប់មីនសល់ពីសង្គ្រាម​ ក្រុមអង្គការដោះមីន និងក្រសួងការបរទេសសៀមថា គ្រាប់មីនដាក់ថ្មី​ និងប្រុងប្រៀបប្តឹងកម្ពុជាទៅ UN​! ជាដើម.....​។​ ពិតជាច្របូកច្របល់មែន!!

មានអ្នកតាមសួរមតិយោបល់ខ្ញុំលើបញ្ហានេះ​ ខ្ញុំថាសូមពិនិត្យមើលទិដ្ឋភាពច្បាប់នៃអនុសញ្ញាមីនអន្តរជាតិនេះ​ ត្រង់មាត្រាទី៥​ មានចែងច្បាស់ថា​ បូរណភាពទឹកដីអ្នកណា អ្នកនោះទទួលខុសត្រូវ​។ ជាក់ស្តែងឃើញមានរូបភាពតាមប្រពន្ធ័សង្គមជាច្រើននៅស្រុកសៀម​ បានធ្វើការផ្សព្វផ្សាយរូបភាពសកម្មភាពទាហានសៀម សម្រុកដាក់គ្រាប់មីនថ្មីៗ តាមព្រំដែនខ្មែរ-សៀម​ តើរដ្ឋបាលសៀម និងអង្គការដោះមីននៅសៀម មានចាត់វិធានការស៊ើបអង្កេត ឬនៅ​ និងបានប្តឹងទៅថ្នាក់ដឹកនាំប្រទេសសៀម ឱ្យចាត់វិធានការទប់ស្កាត់ឬនៅ?

រឿងនេះករណីចង់ប្តឹងកម្ពុជាទៅ UN​ ពិតជាល្អ​ហើយ​ ដូចនេះគួរតែបបួលគ្នាដោយកាន់ដៃកម្ពុជា ទៅប្តឹងនៅ ICJ តែម្តង​ ព្រោះថា ICJ ជាតុលាការរបស់ UN នេះស្រាប់»