Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត យង់ ពៅ៖ សៀម-ថៃ វង្វេងជាន់មីនដីឡាវ ឬជាល្បិចឈឺសាច់? (Video inside)

19-07-2025 16:09

(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា យោងតាម ផែនទីនៃសន្ធិសញ្ញា បារាំង-សៀម ១៩០៤-១៩០៧ នៅតំបន់ចំណុចកំពូលភ្នំ ៤៨១ ដែលទាហានសៀម ៣នាក់ បានដើរជាន់មីនរងរបូសធ្ងន់និងស្រាល កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ជាដែនអធិបតេយ្យឡាវ។

ខណៈនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមបាតុករថៃ ដែលមានមេទ័ពថៃ បានចូលរួមធ្វើបាតុកម្មទាមទារឱ្យកម្ពុជាឆ្លើយបំភ្លឺ ករណីដែលថៃខ្លួនឯងចោទមកកម្ពុជា អំពីការដាក់មីននៅតំបន់ភ្នំ៤៨១ (ទឹកដីឡាវ) ដែលពួកគេអះអាងថាជាទឹកដីថៃ ហើយបណ្តាលឱ្យទាហានថៃ ៣នាក់រងរបួស។

ដូចបានលើកឡើងខាងលើ ផ្អែកតាមផែនទីនៃសន្ធិសញ្ញា បារាំង-សៀម ១៩០៤-១៩០៧ នៅតំបន់ជុំវិញចំណុច៤៨១ នោះ គឺជាការការពារអធិបតេយ្យភាពដោយស្របច្បាប់របស់ឡាវ ចំណែកឯថៃ ជាអ្នកឈ្លានពាន។ ត្រង់វគ្គនេះលោកបណ្ឌិតមើលឃើញថា ថៃព្យាយាមឈ្លានពានទាំងដីឡាវ និងដីកម្ពុជា។

អ្នកជំនាញវិទ្យាសាស្រ្តនយោបាយខាងលើបានបង្ហាញការយល់ឃើញថា៖ «ខ្ញុំយល់ថា ថៃបានប្រើប្រាស់ល្បិចឈឺសាច់ និងកំរោលនយោបាយ ផ្ដើមចេញពីឯកសារផែនទីព្រំដែនមិនច្បាស់លាស់ (grey-zone tactics) ដើម្បីចូលកាន់កាប់តំបន់ជម្លោះ ហើយព្យាយាមប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងចលនាបាតុកម្មអ្នកជាតិនិយម ដើម្បីបង្កើតសារនយោបាយភាន់ច្រឡំ។ ដែលនេះជាឥរិយាបថដដែលជាដដែល ហើយវានឹងនាំសាសន៍ថៃកាន់តែផុងជ្រៅក្នុងវិបត្តិប្រព័ន្ធច្បាប់អន្តរជាតិ»។

លោកបណ្ឌិត យង់ ពៅ បានចោទជាសំណួរថា «តើអារម្មណ៍សហគមន៍អន្តរជាតិ ជឿថៃម្តេចកើត ខណៈប្រទេសនេះ មិនទទួលស្គាល់ច្បាប់អន្តរជាតិស្តីព្រំដែនមិនកែប្រែ បំពានកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំប្រើកំរោលនយោបាយ ប្រឆាំងប្រទេសក្បែរខាងជុំវិញ?

កំរោលនយោបាយថៃ បង្កើតស្ថានការសប្បនិម្មិត ឱ្យទាហានរងរបួសដោយជាន់មីន ដែលខ្លួនរៀបចំដោយចេតនា (staged incident) ដើម្បីទាញមូលហេតុបង្កើតចំណាប់អារម្មណ៍សហគមន៍អន្តរជាតិប្រឆាំងកម្ពុជា។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា៕