មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ប្រារព្ធទិវាអភិវឌ្ឍន៍វិជ្ជាជីវៈ វេជ្ជសាស្ត្របន្តលើកទី១៤ នៅខេត្តស្វាយរៀង
19-07-2025 16:06
(ស្វាយរៀង)៖ លោកសាស្ត្រាចារ្យ ឈា ឆវណ្ណ ទីប្រឹក្សាក្រសួងសុខាភិបាល នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងជាអគ្គលេខាធិការរងក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ តំណាងលោកសាស្រ្ដាចារ្យ ឡឹម តារា ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ និងលោកវេជ្ជបណ្ឌិត គុជ សុីថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រារព្ធទិវាអភិវឌ្ឍន៍វិជ្ជាជីវៈ វេជ្ជសាស្ត្របន្តលើកទី១៤ នៅខេត្តស្វាយរៀង។
ពិធីនេះមានការចូលរួមពីលោកសាស្ត្រាចារ្យ ផ្នែកវះកាត់ នៃមន្ទីរពេទ្យមណ្ឌលព្រះសីហនុ នៃក្ដីសង្ឃឹម, លោកសាស្ត្រាចារ្យផ្នែកសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញាណ, សាស្ត្រាចារ្យផ្នែកវះកាត់មន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសមៈ លោក លោកស្រី ប្រធានគណៈវិជ្ជាជីវៈទាំង៥, លោកវេជ្ជបណ្ឌិត លោកគ្រូពេទ្យ សហភាតរៈជាច្រើនរូបទៀតផងដែរ។
លោកវេជ្ជបណ្ឌិត គុជ សុីថា បានលើកឡើងអំពី វឌ្ឍនភាពវិស័យសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ដោយបានបញ្ជាក់ថា ចំពោះសេវាសាធារណៈខេត្តស្វាយរៀង មានមន្ទីរពេទ្យខេត្ត១ មន្ទីរពេទ្យបង្អែកស្រុកចំនួន៥ និងមណ្ឌលសុខភាពចំនួន៤៩ ហើយមានប៉ុស្ដិ៍សុខភាពចំនួន៤ ក្នុងនោះមាន២ កំពុងស្នើសុំប្រកាសជាមណ្ឌលសុខភាព។ រីឯសេវាសុខាភិបាលឯកជនខេត្តស្វាយរៀងមានសរុបចំនួន៨២៣ទីតាំង។ គិតមកដល់ត្រឹមខែមិថុនា ឆ្នាំ២០២៥ នេះមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង មានមន្រ្ដីសរុបចំនួន ៨៨២រូប ស្រី៤៦៤រូប ក្នុងនោះមានវេជ្ជបណ្ឌិតចំនួន៨៥នាក់ ស្រី១៣នាក់ និងគ្រូពេទ្យមធ្យមចំនួន២០នាក់ ស្រី៣នាក់។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា កត្តាគន្លឹះនាំឲ្យសម្រេចបានសមិទ្ធផលនេះ គឺការគាំទ្រដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ពង្រឹងការគ្របដណ្តប់នៃការផ្តល់សេវាមានគុណភាព។ វឌ្ឍនភាព នៃវិស័យផ្សេងទៀត ក៏បានរួមចំណែកយ៉ាងសំខាន់ ដល់វឌ្ឍនភាពក្នុងវិស័យសុខាភិបាល។
កត្តាចម្បងដទៃទៀតរួមមាន ស្មារតីនៃការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ-បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ បានខិតខំបំពេញភារកិច្ចរបស់ខ្លួន ការឧបត្ថម្ភគាំទ្រ និងកិច្ចសហការល្អពីរដ្ឋបាលមូលដ្ឋាន និងស្ថាប័នពាក់ពន្ធ័ ការចូលរួមពីសហគមន៍ និងផ្នែកឯកជនការគាំទ្រថវិកា និងបច្ចេកទេសពីរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិតគុជ សុីថា បានសំណូមពរដល់លោក លោកស្រីជាវេជ្ជបណ្ឌិត និងគ្រូពេទ្យទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមពង្រឹង និងបង្កើនចំណេះដឹងបច្ចេកទេសបន្តជាប្រចាំដើម្បីសន្សំក្រេឌីដ ក្នុងការបន្តអាជ្ញាប័ណ្ណវិជ្ជាជីវៈដើម្បីមានសិទ្ធស្របច្បាប់ក្នុងការប្រើប្រាស់វិជ្ជាជីវៈ។ ដូច្នេះ ការរៀបចំទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៤ នៅខេត្តស្វាយរៀង ថ្ងៃនេះមានសារសំខាន់ខ្លាំងណាស់ សម្រាប់លោកគ្រូ អ្នកគ្រូ ជាសមាជិកគណៈគ្រូពេទ្យទាំងអស់។
ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ឈា ឆវណ្ណ ទីប្រឹក្សាក្រសួងសុខាភិបាល បានថ្លែងថា ការបង្កើនសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្ត្រ ពិតជាកត្តាដែលមិនអាចខ្វះបានដែលគ្រូពេទ្យត្រូវតែបំពេញ ដើម្បីធ្វើការពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
លោកសាស្ត្រាចារ្យបានផ្តាំផ្ញើដល់គ្រូពេទ្យទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងបង្កើនសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្ត្រ ដើម្បីអាចឈានទៅព្យាបាលសុខ ភាពប្រជាពលរដ្ឋ ប្រកបដោយគុណភាពខ្ពស់ ក៏ដូចជា ការផ្ដល់ទំនុកចិត្តដល់ពួកគាត់ និងលើកកិត្តិយសគ្រូពេទ្យទាំងអស់គ្នា ក៏ដូចជាកិត្តិយសប្រទេសជាតិរបស់យើងទាំងមូលផងដែរ។
បន្ថែមលើសពីនេះ លោកសាស្ត្រាចារ្យបានណែនាំលោក លោកស្រីជាគ្រូពេទ្យទាំងអស់ ត្រូវប្រកាន់ខ្ជាប់៦ចំណុចសំខាន់រួមមាន៖ ទី១៖ លើកតម្កើងតម្កល់ផលប្រយោជន៍អ្នកជំងឺឲ្យខ្ពស់ជាងយើង, ទី២៖ មានទំនួលខុសត្រូវ, ទី៣៖ បង្ហាញអ្នកជំងឺថាយើង គឺជាមនុស្សដែលយកចិត្តទុកដាក់, ទី៤៖ រក្សាភាពថ្លៃថ្នូររបស់ខ្លួនយើងដល់អ្នកជំងឺ, ទី៥៖ ផ្ដល់ការគោរពដល់អ្នកជំងឺ និងទី៦៖ អភិវឌ្ឍន៍សមត្ថភាពខ្លួនឯងឲ្យកាន់តែខ្លាំងបន្ថែមទៀត៕