Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសតែងតាំងអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈចាត់តាំង សមាជិកគណៈអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង

19-07-2025 16:03

(បាត់ដំបង)៖ លោក សុខ លូ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈចាត់តាំង សមាជិកគណៈអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការគណបក្សខេត្ត ដែលមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សក្រុង ស្រុក ជាច្រើនរូប នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង។

ក្នុងឱកាសនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សម្រេចតែងតាំង លោក សឿម ប៊ុនរិទ្ធ ជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ,តែងតាំង លោក យ៉ូវ សេងគុណ ជាប្រធានគណៈចាត់តាំង គណបក្សខេត្ត, តែងតាំង លោក ជា ណាង ជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត, តែងតាំង លោក ប្រាក់ បូ រាណ ជាសមាជិកគណៈកម្មាធិការគណបក្សខេត្ត, តែងតាំង លោក សុវណ្ណ វិទិត្យា ជាសមាជិកគណៈកម្មាធិការគណបក្សខេត្ត, តែងតាំង លោក ឌុក ឆវេទ ជាសមាជិកគណៈកម្មាធិការគណបក្សខេត្ត ជាផ្លូវការ។

លោក សុខ លូ បានថ្លែងផ្តាំផ្ញើដល់អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈចាត់តាំង សមាជិកគណៈអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការគណបក្សខេត្ត ដែលទើបទទួលបានការតែងតាំងនាពេលនេះ បន្តខិតខំបំពេញតួនាទីភារកិច្ចទ្វេរដង រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់។

ជាមួយគ្នានេះ លោក សឿម ប៊ុនរិទ្ធ ដែលបានតែងតាំងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តថ្មី បានថ្លែងប្តេជ្ញាចិត្តអនុវត្តខ្ជាប់ខ្លួននូវលក្ខន្តិកៈបក្ស និងគោរពអនុវត្តនូវគោលការណ៍ និងសេចក្តីសម្រេចនានារបស់គណបក្ស ឱ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ដោយយកអស់កម្លាំងកាយ បញ្ញាស្មារតី សមត្ថភាពនិងលទ្ធភាពគ្រប់បែបយ៉ាង អនុវត្តយ៉ាងសកម្មមោះមុតរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយគណបក្ស និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងយន្តការគណបក្សខេត្តឲ្យបានល្អប្រសើថែមទៀត៕