មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ខិតខំស្រាវជ្រាវ និងបង្ក្រាបបទល្មើសអនឡាញ
19-07-2025 15:56
(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» រយៈពេល៦ខែ ដើមឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោក ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
ដើម្បីឲ្យការអនុវត្តនូវគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពឲ្យកាន់តែភាពប្រសិទ្ធភាព លោក អ៊ុំ រាត្រី អភិបាលខេត្ត បានធ្វើការប្ដេជ្ញាចិត្ត ក្នុងការចូលរួមបង្ក្រាបរាល់បទល្មើសផ្សេងៗ នៅក្នុងភូមិសាស្រ្តខេត្តទាំងមូល អនុវត្តទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាវរបធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបង្ក្រាបនូវល្បែងអនឡាញគ្រប់ប្រភេទ។
លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវបទបញ្ជារដ្ឋបាលខេត្ត រួមជាមួយកងកម្លាំងពាក់ព័ន្ធបានធ្វើការបង្ក្រាបដល់ទីតាំងឆបោកតាមអនឡាញ និងល្បែងអនឡាញ នៅក្នុងក្រុងប៉ោយប៉ែត បានជាបន្តបន្ទាប់ និងបានឃាត់ខ្លួនជនសង្ស័យក្នុងការបេីកល្បែងអនឡាញបានជាច្រេីននាក់។ លោកបន្ថែមថា យុទ្ធនាការនឹងបន្ដដូចភ្លៀងរលឹម បង្ក្រាបករណីឆបោកតាមអនឡាញ និងល្បែលអនឡាញ ឲ្យអស់ក្នុងទឹកដី នៃខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ រាត្រី បានលើកឡើងថា គណៈបញ្ជាការឯកភាពខេត្ត ក៏បានធ្វើការដាក់ចេញនូវបទបញ្ជាទៅដល់សមត្ថកិច្ចគ្រប់ក្រុង-ស្រុក បន្តអនុវត្តត្រួតពិនិត្យនៅតាមដងផ្លូវ ក៏ដូចជាទីតាំងសំខាន់ៗ ដើម្បីពង្រឹងការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព នៅពេលយប់ផងដែរ។
ក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណទៅដល់រដ្ឋបាលខេត្ត ក៏ដូចជា កងកម្លាំងពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ប្រកបដោយភាពជោគជ័យនិងផ្លែផ្កា។
លោកក៏បានណែនាំទៅដល់រដ្ឋបាលខេត្ត ក៏ដូចជាកងកម្លាំងពាក់ព័ន្ធគ្រប់ស្ថាប័នទាំងអស់បន្តពង្រឹងអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ឲ្យបានល្អប្រសើរ ពិសេសដោយផ្តោតសំខាន់ត្រូវមានទំនាក់ទំនង ល្អប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការចូលរួមផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីឱ្យពួកគាត់ចូលរួមសហការជាមួយសមត្ថកិច្ចរាយការណ៍ ដើម្បីធ្វើការបង្ក្រាបរាល់បទល្មើសផ្សេងៗ ដូចជាក្មេងទំនើង ល្បែងស៊ីសង ជាពិសេសករណីគ្រឿងញៀន៕