កម្លាំងសមត្ថកិច្ចខេត្តស្ទឹងត្រែង បង្ក្រាបទីតាំងរុករករ៉ែមាសខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ១០នាក់ និងរឹបអូសវត្ថុតាង សម្ភារប្រព្រឹត្តបទល្មើសបានជាច្រើន
19-07-2025 15:44
(ស្ទឹងត្រែង)៖ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានរួមសហការរួមគ្នាជាមួយ កម្លាំងសហគមន៍តំបន់ការពារធម្មជាតិអូរចាយ និងកម្លាំងសហគមន៍តំបន់ការពារធម្មជាតិអូរកាពីន ចុះល្បាត និងបង្ក្រាបទីតាំងរុករករ៉ែមាស ឃាត់ខ្លួនមនុស្ស១០នាក់ ដកហូតឧបករណ៍ សម្ភារ រួមទាំងមធ្យោបាយបម្រើការប្រព្រឹត្តបទល្មើសធនធានធម្មជាតិខុសច្បាប់។
នៅក្នុងប្រតិបត្តិការដែលបានធ្វើឡើងអស់រយៈពេលជាច្រើនថ្ងៃ នាដើមខែកក្កដា ឆ្នាំ២០២៥មកនេះ ខណៈប្រទះឃើញសកម្មភាពបទល្មើសជាក់ស្តែងនៅចំណុចភ្នំ-អូរកាពីន ក្នុងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្ថិតក្នុងភូមិសាស្រ្ត ភូមិគីរីវង្សាក្រោម ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ប្រធានការិយាល័យឧទ្យានជាតិវើនសៃ-សៀមប៉ាង នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស៊ឹម ប៉ូលីន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងរុករករ៉ែមាស នៅក្នុងតំបន់ឧទ្យានជាតិ វើនសៃ-សៀមប៉ាង ដែលគ្រប់គ្រងដោយមន្ត្រីឧទ្យានជាតិ នៅពេលនោះ កម្លាំងសហការបានឃាត់ខ្លួនជនសង្ស័យ១០នាក់ ក្នុងនោះ២នាក់ ត្រូវបានដោះលែងទៅវិញ រីឯ ៨នាក់ទៀត ត្រូវបាននាំមកកាន់មន្ទីរបរិស្ថានខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ហើយតុលាការកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក៏បានសម្រេចឃុំខ្លួនជនត្រូវចោទទាំង៨នាក់នោះ នៅក្នុងពន្ធធនាគារខេត្តស្ទឹងត្រែង រួចហើយដែរ។
លោក ស៊ឹម ប៉ូលីន បានបន្តថា នៅក្នុងប្រតិបត្តិការនោះ កម្លាំងសហការបានចុះល្បាត សិក្សាស្រាវជ្រាវ តាមដានទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្ថិតក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយក៏បានប្រទះឃើញជនសង្ស័យ៣នាក់ កំពុងធ្វើសកម្មភាពរុករករ៉ែមាសល្មើសច្បាប់ និងបន្ទាប់មកក៏ឃើញជនសង្ស័យ៧នាក់ទៀត បានដើរចេញពីជម្រកស្នាក់នៅក្បែរនោះ ដែលជាកម្មរ៉ែមាស ហើយក្រុមការងារក៏បានរកឃើញជម្រកស្នាក់នៅប្រក់តង់២កន្លែង ម៉ាស៊ីនម៉ាស៊ូត ៤គ្រឿង ឧបករណ៍សម្ភារធ្វើសកម្មភាពរុករករ៉ែមាសមួយចំនួនទៀត និងបានឃាត់ខ្លួនជនសង្ស័យទាំង ១០នាក់ នាំមកសាកសួរបន្ថែមនៅមន្ទីរបរិស្ថានខេត្ត ក្រោមការអនុញ្ញាតពី លោក នាង គឹមលី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាសាលាដំបូងខេត្តស្ទឹងត្រែង។
ចំណែកវត្ថុតាងដែលរឹបអូសបាន រួមមាន៖ ម៉ាស៊ីនម៉ាក់យ៉ាដុង ២២សេស ២គ្រឿង, ម៉ាស៊ីនម៉ាក់យ៉ាដុង ៣៥សេស ១គ្រឿង, ម៉ាស៊ីនម៉ាក់យ៉ាដុង ៣៨សេស ១គ្រឿង, ក្បាលបូម២, គូថខ្យង២, ទុយយោក្រណាត់២ដុំ ប្រវែង ៥០ម៉ែត្រ, ទុយយោបាញ់ដី ៣ដុំ ប្រវែង២០ម៉ែត្រ, ទុយយោរឹងធំ ២ដុំ ប្រវែង ២០ម៉ែត្រ, សូឡាផ្ទាំងធំ ១ផ្ទាំង, រណាយន្តតូច ១គ្រឿង, ម៉ូទ័របូម១, ឧបករណ៍សម្រាប់រ៉ែងមាស (ឆាងម៉ាង) ៤, ម៉ូតូម៉ាក់វេវ ៤គ្រឿង (ពណ៌ខ្មៅ២ ពណ៌១ និងពណ៌ទឹកសមុទ្រ១) សុទ្ធតែគ្មានស្លាកលេខ។
ក្រោយការបង្ក្រាប ជនសង្ស័យទាំង១០នាក់ រួមទាំងវត្ថុតាងបទល្មើស និងមធ្យោបាយបម្រើឲ្យការប្រព្រឹត្តបទល្មើស ត្រូវបានបញ្ជូនមកកាន់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ដើម្បីបន្តការសាកសួរ និងរក្សាទុក។ ក្រោយការសាកសួរ មន្ត្រីជំនាញបានដោះលែងកុមារា ២នាក់ បន្ទាប់ពីរកឃើញមូលហេតុដែលពួកគេទាំងពីរមិនមែនជាអ្នកប្រព្រឹត្តបទល្មើសនោះទេ គ្រាន់តែមកលេងតាមបងប្អូនតែប៉ុណ្ណោះ៕