Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ឃួន ឃុនឌី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្តដា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ

19-07-2025 15:37

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកគណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកំពង់ស្វាយ ខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំខែកក្តដាឆ្នាំ ២០២៥ និងលើកទិសដៅអនុវត្តបន្ត នៅថ្ងៃទី១៩ ខែ កក្តដា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជន ស្រុកកំពង់ស្វាយ។

លោកស្រី ឃួន ឃុនឌី បានថ្លែងការកោតសរសើរចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានចុះជាប់ជាមួយនឹងប្រជាជន និងបានបំពេញភារកិច្ចរបស់ខ្លួន ក្នុងការចូលរួមដោះស្រាយ បញ្ហាជីវភាពប្រជាជននៅមូលដ្ឋាន ក៏ដូចជាសំណូមពរ និងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានពិសេសរៀបចំ ផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដោយរួមទាំងគម្រោងវិនិយោគសាធារណៈ និងការងារជួសជុលថែទាំងផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្ត និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ពិសេសបានលះបង់កម្លាំងកាយ ចិត្ត សម្ភារៈ ថវិកា ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងខិតខំប្រឹងប្រែងបម្រើជូនគាត់តាមលទ្ធភាពដែលអាចធ្វើបានឲ្យបានលឿន។

លោកស្រីបានបន្ថែមថា គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីអាណត្តិទី៧ បានការពារយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលបានធានាដល់ការរស់នៅដ៏សុខសាន្តរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ។ សមិទ្ធផលថ្មីៗជាច្រើនអនេក រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្រ្ត បណ្តាញទឹកស្អាត អណ្តូងទឹក ភ្លើងអគ្គីសនី ប្រព័ន្ធពត៌មាន រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម ។ល។ ត្រូវបានកសាងពង្រីកទាំងនៅទីក្រុង ទាំងនៅជនបទ និងតំបន់ព្រំដែន។

លោកស្រី បានការណែនាំដល់ក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ បន្តរួមកម្លាំងគ្នាជាកម្លាំងសរុប ដើម្បីការកសាងនិងពង្រឹងគណបក្ស តាមរយៈការពង្រឹង ការដឹកនាំនៅគ្រប់ថ្នាក់, ការធ្វើជាគំរូល្អ និងការរៀបចំប្រព័ន្ធការងារ និងរបៀបរបបការងារ ទន្ទឹមនឹងការជំរុញកសាងសមាជិកគណបក្សបន្ថែម ទាំងបរិមាណនិងគុណភាព ដោយផ្តោតជាពិសេសលើយុវជន និងការទប់ស្កាត់រាល់ឧបាយកលទុច្ចរិត ដើម្បីរក្សាសន្តិភាព និងភាពសុខសាន្ត ជូនប្រជាជន ទន្ទឹមនឹងការធ្វើការងារសាធារណៈមតិ និងប្រតិកម្មរហ័សចំពោះការញុះញង់ និងការមួលបង្កាច់នានា។

លោកស្រី ឃួន ឃុនឌី បានណែនាំឱ្យរដ្ឋបាលស្រុក ឃុំ និងកម្លាំងសមត្ថកិច្ច បន្តពង្រឹងសន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសការបង្រាបក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់, បន្តយកចិត្តទុកដាក់ និងគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាជន, ការផ្តល់សេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាជន និងការផ្តល់នូវយុត្តិធម៌សង្គម ពិសេសការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងបន្តពិនិត្យ និងដោះស្រាយបញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពរចាំបាច់របស់ប្រជាជនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ៕