អនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា, ស្នងការនគរបាលខេត្តកំពត រៀបចំទីបញ្ជាការស្រាលចំនួន ៦គោលដៅ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ
19-07-2025 15:32
(កំពត)៖ តបតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ, លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបង្កើតទីបញ្ជាការស្រាលលើផ្លូវជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។
លោកឧត្តមសេនីយ៍ទោស្នងការខេត្តកំពត នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានប្រាប់បណ្ដាញអង្គភាព Fresh News ថា លោកបានបង្កើតទីបញ្ជាការស្រាលចំនួន ៦គោលដៅនៅលើផ្លូវជាតិលេខ ៤១, ផ្លូវជាតិលេខ ៣, ផ្លូវជាតិលេខ ៣៣ និងច្រកផ្លូវឡើងភ្នំបូកគោ ដើម្បីទប់ស្កាត់ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសទាំងនេះ។
លោកបានបញ្ជាក់ថា «កម្លាំងប្រចាំការនេះ គឺ២៤ម៉ោង/២៤ម៉ោង ដើម្បីទប់ស្កាត់ ត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន ការធ្វើអន្តោប្រវេសន៍ និងការត្រួតពិនិត្យលើបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ឬ Online scam»។
សូមជម្រាបថា នៅពេលនេះកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចទូទាំងប្រទេស បាននិងកំពុងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត ចំពោះបទល្មើសអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ តាមបទបញ្ជារបស់នាយករដ្ឋមន្រ្តី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៕