Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈបញ្ជារការឯកភាពខេត្តព្រះសីហនុ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកសំដៅកាត់បន្ថយគ្រោះថ្នាក់ ខណៈឆមាសទី១ ឆ្នាំ២០២៥ ស្លាប់មនុស្ស៦២នាក់ដោយសារគ្រោះថ្នាក់ (Video inside)

19-07-2025 15:21

(ព្រះសីហនុ)៖ កម្លាំងគណៈបញ្ជារការឯកភាពខេត្តព្រះសីហនុ បានផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងកាត់បន្ថយករណីគ្រោះថ្នាក់ និងពង្រឹងស្មារតីស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ខណៈឆមាសទី១ ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់កើតឡើងចំនួន៨៥ករណី ធ្វើឱ្យបាត់បង់ជីវិតចំនួន៦២នាក់។

យុទ្ធនាការនេះធ្វើឡើងនាថ្ងៃទី១៨ ខែក្កដា ឆ្នាំ២០២៥ នៅបរិវេណរង្វង់មូលតោពីរ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ម៉ោង ស៊ីណេត អភិបាលខេត្ត ដោយចាត់ឲ្យលោក មីន កុម្ភៈ អភិបាលរងចុះដឹកនាំ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ក្នុងយុទ្ធនាការនេះលោក មីន កុម្ភៈ បានអំពាវនាវប្រជាពលរដ្ឋបង្កើនការគោរពច្បាប់ចរាចរណ៍ព្រោះគ្រោះថ្នាក់ចរាចរណ៍ ផ្តើមពីយើងទាំងអស់គ្នា។

លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា បានអប់រំផ្សព្វផ្សាយបន្ថែម តម្រង់ទិសដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ឲ្យគោរពច្បាប់ចរាចរណ៍ជាចាំបាច់ ដើម្បីការពារបង្ការពីគ្រោះថ្នាក់ លើដងផ្លូវ ដោយសារបច្ចុប្បន្នមានជនរងគ្រោះ ស្លាប់ និងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ស្ទើរជារៀងរាល់ថ្ងៃ។

បើតាមរបាយការណ៍សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា គិតត្រឹមឆមាសទី១ នៅឆ្នាំ២០២៥ សម្រាប់ខេត្តព្រះសីហនុមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៨៥ករណី ធ្វើឱ្យបាត់បង់ជីវិតចំនួន ៦២នាក់។

ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៨៥ករណី គឺបណ្ដាលមកពីកក្តាល្បឿនមានចំនួន៣៦ករណី, ករណីការបត់ចំណុចផ្លូវប្រសប់មិនប្រយ័ត្នមានចំនួន១១ករណី, ការបើកបរក្នុងស្ថានភាពស្រវឹងមានចំនួន៧ ករណី។ ដូចនេះថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ បានជំរុញឲ្យផែនការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះអនុវត្តច្បាប់ចរាចរណ៍ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ ញឹកញាប់ ដើម្បីបញ្ជ្រាបការយល់ដឹងអំពី ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែលជាឃាតកលាក់មុខដ៏សាហាវ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

នាឱកាសនោះ លោក មីន កុម្ភៈ ផ្ដាំផ្ញើ និងអំពាវនាវប្រជាពលរដ្ឋសូមបង្កើនការគោរពច្បាប់ចរាចរណ៍ព្រោះគ្រោះថ្នាក់ចរាចរណ៍ ផ្តើមពីយើងទាំងអស់គ្នា និងការបើកបរដោយការយោគយល់និងអនុគ្រោះប្រុងប្រយ័ត្ន គ្រប់ពេលវេលា។

ចំពោះការបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពមានស្លាកលេខ មានកញ្ចក់ បើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ កុំបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរកុំប្រើប្រាស់គ្រឿងស្រវឹង ប្រើប្រាស់គ្រឿងញៀន គោរពស្លាកសញ្ញាចរាចរណ៍ ទាំងអស់នេះគឺជាការចូលរួមគោរពច្បាប់ចរាចរណ៍ ដែលពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវត្រូវតែអនុវត្តជាចាំបាច់ព្រោះអ្វីៗផ្ដើមចេញពីយើងទាំងអស់គ្នាទើបទទួលបានសុខសុវត្ថិភាពក្នុងការធ្វើដំណើរ៕