Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក កែ គឹមយ៉ាន៖ ក្រោមការដឹកនាំប្រកបដោយថាមពល និងទស្សនៈវិស័យច្បាស់លាស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជាបន្តរក្សាការពារបានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ អធិបតេយ្យភាពទឹកដី និងការអភិវឌ្ឍគ្រប់វិស័យ

19-07-2025 15:07

(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩​ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារដឹកនាំរបស់គណបក្សប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តដោយមានការចូលរួមពីក្រុមការងារ និងសមាជិកគ្រប់ថ្នាក់ក្នុងខេត្តបន្ទាយមានជ័យ។

ក្រោយពីស្តាប់ការអានរបាយការណ៍ការងារ របស់គណបក្សប្រជាជនខេត្តបន្ទាយមានជ័យរួចមក, លោក កែ គឹមយ៉ាន បានផ្តាំផ្ញើនូវការនឹករលឹកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអនុប្រធានគណបក្សទាំង៥ ជូនចំពោះក្រុមការងារ សមាជិកសមាជិកា គណបក្សប្រជាជនទាំងអស់។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា, លោក បានថ្លែងអំណរគុណ គោរពដឹងគុណ និងសេចក្តីស្រលាញ់ដ៍ជ្រាលជ្រៅបំផុតចំពោះក្រុមការងារក៏ដូចជាសមាជិក ប្រជាពលរដ្ឋទាំងអស់ដែលតែងតែផ្តល់នូវជំនឿជាក់គាំទ្រ ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល ហើយក៏សូមសម្តែងនូវការគោរពដឹងគុណចំពោះកម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានធ្វើពលិកម្មក្នុងបុព្វហេតុឯករាជ្យ​ សន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដី និងវឌ្ឍនភាពនៃមាតុភូមិកម្ពុជា។

ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំពីគ្រប់សមាសភាពទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើវិស័យអាទិភាពទាំង៥ «មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា» កសាងបាននូវជីវភាពរស់នៅសុខដុមរមនានៅក្នុងគ្រួសារ និងអភិវឌ្ឍសង្គមជាតិរីកចម្រើនឥតឈប់ឈរ។

ជាមួយគ្នានេះ លោក បានថ្លែងបន្តថា «កម្ពុជា» ក្រោមការដឹកនាំប្រកបដោយថាមពល និងទស្សនៈវិស័យច្បាស់លាស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហើយកម្ពុជាបន្តរក្សាការពារបានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ អធិបតេយ្យភាពទឹកដី និងការអភិវឌ្ឍគ្រប់វិស័យ ពិសេសមានភាពចាស់ទុំខាងនយោបាយ ក្នុងការដោះស្រាយបញ្ហាដោយប្រើប្រាស់គ្រប់យន្តការទាំងអស់ ដើម្បីបន្តរក្សាបាននូវសុខសន្តិភាពសុវត្ថិភាពជូនប្រជាពលរដ្ឋ។

បន្ថែមពីនេះ លោក កែ គឹមយ៉ាន បានអំពាវនាវដល់គ្រប់សមាសភាពបន្តរួមគ្នាជាធ្លុងមួយ អនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តការពារដាច់ខាតនូវសន្តិភាព ឯករាជ្យ និងអធិបតេយ្យភាពទឹកដី និងបន្តរួមគ្នាគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលពិសេសលើបញ្ហាព្រំដែនកម្ពុជា ថៃ ជាពិសេសគាំទ្រការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរ ពីជនដែលគប់គិតជាមួយបរទេសបំផ្លាញខ្មែរ ដោយបំផុសស្មារតីស្រឡាញ់សន្តិភាព សុខដុមនីយ៍កម្ម ហើយបំផុសយុវជនចូលរៀនជំនាញបច្ចេកទេស បង្កើនគុណភាពផ្តល់សេវាសាធារណៈ គោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព លើកកម្ពស់វិស័យទេសចរណ៍ អប់រំ សុខាភិបាល កសិកម្មជាអាទិ៍ និងត្រូវបន្តដោះស្រាយរាល់សំណើ សំណូមពរ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ បង្កើនការងារផ្សព្វផ្សាយអប់រំ បណ្ដុះបណ្ដាល ចលនាលើកសរសើរឲ្យមហាជនបន្តស្រឡាញ់ គាំទ្រនិងចូលរួមការងារគណបក្ស៕