Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដើម្បីអបអរទិវាមច្ឆាជាតិ ១ កក្កដា ២០២៥ រដ្ឋបាលខេត្តប៉ៃលិន បានលែងកូនត្រីចម្រុះ និងមេពូជជាង ២០,០០០ក្បាល នៅសំណង់បង្ហៀរទឹកថ្នល់បទ

19-07-2025 14:52

(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងលោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត បានរៀបចំប្រារព្ធពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៤ ព្រមទាំងបានលែងកូនត្រីចម្រុះ និងមេពូជចំនួនជាង ២០,០០០ក្បាល នៅសំណង់បង្ហៀរទឹកថ្នល់បទ ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្នុងពិធីនេះដែរ ក៍មានការអញ្ជើញចូលរូមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន-អនុប្រធានមន្ទីរអង្គភាព មន្រ្តីរាជការ ព្រះសង្ឃ អង្កការជាតិ-អន្តរជាតិ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ចំពោះមុខអង្គពិធី លោកស្រីបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ថា ក្នុងស្ថានភាពនៃកំណើនតម្រូវការស្បៀងអាហារ ដោយរត់តាមកំណើនសេដ្ឋកិច្ចនិងកំណើនប្រជាជន នាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យកសិកម្មជាវិស័យអទិភាពមួយ ក្នុងនោះអនុវិស័យជលផលនៅតែដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការចូលរួមចំណែករក្សានិរន្តរភាពនៃកំណើនសេដ្ឋកិច្ចធានាសមធម៌ ធានាសុវត្ថិភាពសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ហើយក៍ជាបណ្តាញមួយនៃសុវត្ថិភាពសង្គម ដោយសារត្រី និងវារីជាតិផ្សេងៗទៀត នៅតែជាអាហារយ៉ាងសំខាន់មិនអាចខ្វះបានរបស់ប្រជាជនខ្មែរយើង បន្ទាប់ពីស្រូវ-អង្ករ។

លោកស្រីអភិបាលខេត្ត បានបន្តថារាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានគាំទ្រសកម្មភាពរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាននឹងកំពុងអនុវត្តដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ និងបំផុសស្មារតីចូលរួមតាមរយៈទិវាមច្ឆជាតិ ១កក្កដា រៀងរាល់ឆ្នាំ ព្រមទាំងផ្តល់អនុសាសន៍ដល់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវបង្កើនកិច្ចសហការចិត្តទុកដាក់ និងពង្រឹងការគ្រប់គ្រងការពារនិងអភិរក្សធនធានជលផល ដើម្បីធានាបាននិរន្តរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងទេសចរណ៍ធម្មជាតិ។

ជាមួយគ្នានេះ លោកស្រី បាន ស្រីមុំ បានថ្លែងពីការជំរុញដល់ខណ្ឌរដ្ឋបាលជលផល ត្រូវរៀបចំដាក់ស្លាកកន្លែងអភិរក្សជលផលឱ្យបានច្បាស់លាស់ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងធ្វើសកម្មភាពគ្រប់គ្រងកន្លែងអភិរក្សជលផលឱ្យប្រកបដោយសុវត្ថិភាព ជាពិសេសរួមសហការគ្នាបង្ក្រាបបទល្មើសជលផល និងទប់ស្កាត់រាល់ការប្រើប្រាស់ឧបករណ៍នេសាទ ដែលបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ធនធានធម្មជាតិរបស់យើងឱ្យមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះ ត្រូវខិតខំបំផុស និងគាំទ្រឱ្យប្រជាពលរដ្ឋធ្វើការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ និងលើកទឹកចិត្តដល់វិស័យឯកជនឱ្យវិនិយោគលើការងារចិញ្ចឹមត្រី ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ព្រមទាំងធ្វើការកែច្នៃរផលិតផលជលផលដើម្បីនាំចេញ។

សូមបញ្ជាក់ថា ក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា ២០២៥នេះ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងក្រុមការងារបានប្រលែងកូនត្រីពូជ ដូចជាត្រីឆ្ពិន ត្រីកន្ធរ ត្រីក្រាញ់ និងត្រីចម្រុះ ប្រមាណជាង ២០,០០០ក្បាល ចូលទៅក្នុងនៅសំណង់បង្ហៀរទឹកថ្នល់បទ ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលត្រូវបានសាងសង់ឡើងដោយក្រសួងធនធានទឹក និងឧតុនិយមក្នុងឆ្នាំ១៩៩៩ និងជួសជុលឡើងវិញក្នុងឆ្នាំ២០១៣។

សំណង់នេះមានបណ្តោយ ៦៣,៥ម៉ែត្រ ទទឹង ៨ម៉ែត្រ សាងសង់ក្នុងគោលបំណងស្ទាក់ និងបង្វែរទឹកពីស្ទឹងចូលប្រឡាយមេ ដើម្បីស្រោចស្រពដំណាំកសិកម្ម ពិសេសដំណាំស្រូវ ហើយបច្ចុប្បន្នសំណង់នេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែរដូវវស្សាចំនួន ២,៩៥៦ហិកតា រដូវប្រាំងចំនួន ៥០០ហិកតា និងដំណាំរួមផ្សំជាង ៣៥០ហិកតា ដែលមានចំនួន ៤ភូមិ រួមមាន៖ ភូមិទំនប់ ឃុំស្ទឹងត្រង់ ភូមិភ្នំស្ពង់ ភូមិភ្នំកុយសំបូរ និងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ៕