នាយឧត្តមសេនីយ៍ ស ថេត ចាត់តាំងក្រុមការងារចុះស្រាវជ្រាវករណីបង្ក្រាបបទល្មើសនៅស្រុកគិរីសាគរ ខេត្តកោះកុង ដែលបាត់ទូរស័ព្ទ និងកុំព្យួរទ័រ៣៥គ្រឿង, ម្ចាស់ករណី និងចូលទៅស្រាវជ្រាវជាកម្លាំងនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ (Video inside)
19-07-2025 14:39
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានចាត់តាំងក្រុមការងារចុះស្រាវជ្រាវករណីបង្ក្រាបបទល្មើសមួយនៅសហគ្រាស LYP ក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដែលនាំឲ្យបាត់ទូរស័ព្ទ និងកុំព្យួរទ័រ៣៥គ្រឿង។
សម្រាប់ប្រតិបត្តិការបង្ក្រាបបទល្មើសមួយនេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដែលម្ចាស់ករណីជាកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ដឹកនាំដោយស្នងការរងនគរបាលរាជធានីភ្នំពេញម្នាក់ ហើយកម្លាំង នគរបាលខេត្តកោះកុង គ្រាន់តែចូលរួមសហការប៉ុណ្ណោះ។
យោងតាមសេចក្តីសម្រេចរបស់នាយឧត្តមសេនីយ៍ ស ថេត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្រុមការងារដែលត្រូវបានចាត់តាំងចុះទៅស្រាវជ្រាវករណីបង្ក្រាបបទ ល្មើសមួយនេះ ដែលនាំឲ្យកើតមានភាពមិនប្រក្រតី រហូតលួចយកទូរស័ព្ទ និងកុំព្យួរទ័រនោះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អមដោយអនុប្រធាន និងសមាជិកសរុបចំនួន១២នាក់។
សេចក្តីសម្រេចនេះ បានបញ្ជាក់ថា ក្រុមការងារចុះស្រាវជ្រាវករណីបង្ក្រាបបទល្មើសនៅក្នុងសហគ្រាស LYP ស្ថិតនៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង មានតួនាទី ភារកិច្ចដូចខាងក្រោម៖
* ធ្វើការស្រាវជ្រាវអំពីដំណើររឿង មូលហេតុ និងលទ្ធផល នៃការចុះបង្ក្រាបឱ្យបានច្បាស់លាស់
* តម្លើងបញ្ជីសមាសភាពក្រុមការងារ ដែលចុះបង្ក្រាបបទល្មើសនៅក្នុងភូមិសាស្ត្រសហគ្រាស LYP
* ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតអំពីដំណើរការ នៃកិច្ចប្រតិបត្តិការរបស់ក្រុមការងារដែលចុះបង្ក្រាបបទ ល្មើសនៅក្នុងសហគ្រាស LYP (ទាំងក្នុងពេល និងក្រោយពេលប្រតិបត្តិការរួច)
* ធ្វើរបាយការណ៍លំអិតអំពីលទ្ធផល នៃការស្រាវជ្រាវ ស៊ើបអង្កេត រាយការណ៍ជូនអគ្គស្នងការនគរបាល ជាតិ ដើម្បីមានវិធានការបន្ត
* បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពីអគ្គស្នងការដ្ឋាននគរបាលជាតិ។
ដោយឡែកកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចេញមកធ្វើការបំភ្លឺចំពោះករណីនេះថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកោះកុង សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើការស្រាវជ្រាវជនសង្ស័យករណីរឿងឃាតកម្ម នៅស្រុកគិរីសាគរ តែមិនមែនជាទីតាំងល្បែងអនឡាញណាឡើយ។
តាមសេចក្តីរាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, ក្រោយកម្លាំងនគរបាលដែលចូលទៅស្រាវជ្រាវ និងបង្ក្រាបបទល្មើសឃាតកម្មនេះ លួចយកទូរស័ព្ទ និងកុំព្យួរទ័រ ដឹងដល់ថ្នាក់ដឹកនាំអង្គភាពនោះ ស្រាប់តែនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានយកទូរស័ព្ទ និងកុំព្យួរទ័រខ្លះទៅប្រគល់ជូនម្ចាស់ទីតាំងវិញ តែមិនទាំងអស់នោះទេ។
ករណីនេះបើសិនក្រុមការងាររកឃើញភាពមិនប្រក្រតី នៃការលួចយកទ្រព្យសម្បត្តិក្នុងប្រតិបត្តិការរបស់ខ្លួន កម្លាំងនគរបាលទាំងនោះ ត្រូវទទួលការចាត់ការយ៉ាងម៉ឺងម៉ាត់ជាក់ជាមិនខាន។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផល នៃកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ស ថេត បានស្ដីបន្ទោសដល់ស្នងការនគរបាលខេត្តកោះកុង លោកឧត្តមសេនីយ៍ទោ គង់ មនោ ពាក់ព័ន្ធការចុះស្រាវជ្រាវ ស៉ើបអង្កេត និងបង្ក្រាបបទល្មើស នូវទីតាំងមួយនៅស្រុកគិរីសាគរ ហើយមានការបាត់បង់ទូរស័ព្ទ និងកុំព្យូទ័រនៅទីតាំងនោះ រហូតដល់៣៥គ្រឿង ប៉ុន្តែក្រោយការសួរនាំទើបដឹងថា កម្លាំងនគរបាលខេត្តកោះកុង គ្រាន់តែចូលរួមសហការជាមួយ ដោយឡែកកម្លាំង នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាម្ចាស់ករណី និងជាកម្លាំងចូលទៅស្រាវជ្រាវ និងបង្ក្រាបនៅទីតាំងខាងក្នុង។
សម្រាប់ករណីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងខ្លីថា បើសិនរកឃើញកម្លាំងនគរបាលព្រហ្មទណ្ឌរបស់លោក ដែលបានប្រព្រឹត្ត បទល្មើសមួយនេះ នឹងត្រូវចាត់ការតាមច្បាប់មិនលើកលែងឲ្យឡើយ ដែលវាជាគំរូអាក្រក់បំផុតសម្រាប់កងនគរបាលជាតិ ហើយលោកតែងតែដាក់បទបញ្ជាឲ្យកម្លាំងនគរបាល ត្រូវប្រកាន់ខ្ជាប់វិន័យ និងតួនាទីឲ្យបានត្រឹមត្រូវបំផុត ជាពិសេសពេលចុះបង្ក្រាបបទល្មើសម្តងៗ៕
នេះជាទូរស័ព្ទ និងកុំព្យួរទ័រខ្លះ ដែលកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ យកទៅប្រគល់ជូនម្ចាស់ទីតាំងវិញ