Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការងារ និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស បន្តកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១,៥ លាននាក់

19-07-2025 14:35

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jean-Gabriel Duss នាយកប្រចាំតំបន់នៃកិច្ចសហប្រតិបត្តិការសម្រាប់តំបន់មេគង្គ នៃទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស (SDC) នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

ថ្លែងក្នុងជំនួបនោះ លោក ហេង សួរ បានកោតសរសើរចំពោះ SDC ដែលតែងតែជួយដល់កម្ពុជា ជាពិសេស លើគម្រោងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ តាំងពីដំណាក់កាលទី១ ដំណាក់កាលទី២ និងបន្តអនុវត្តរួមគ្នាថែមទៀតសម្រាប់ដំណាក់កាលទី៣ ឆ្នាំ២០២៤ - ២០២៨។

លោករដ្ឋមន្ត្រី បានសម្ដែងក្ដីរីករាយក្នុងការធ្វើការងាររួមគ្នាជាត្រីភាគីរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស (SDC) និងអង្គការអន្តរជាតិខាងការងារ (ILO) ដើម្បីពង្រឹងការបណ្ដុះបណ្ដាលកម្លាំងពលកម្មជំនាញ សំដៅរួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជា កម្លាំងពលកម្មជំនាញចល័តក្នុងតំបន់ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសេចក្តីថ្លៃថ្នូរ។

លោក Jean-Gabriel Duss នាយកប្រចាំតំបន់នៃកិច្ចសហប្រតិបត្តិការសម្រាប់តំបន់មេគង្គ នៃទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស (SDC) បានបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការគាំទ្រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការអនុវត្តគម្រោងដំណាក់កាលបន្ទាប់នៃកម្មវិធី TVET ១,៥លាននាក់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាងកម្លាំងពលកម្មជំនាញដែលមានការប្រកួតប្រជែង និងត្រៀមខ្លួនជាស្រេចសម្រាប់ពេលអនាគត៕