Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារគម្រោងការពារច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល

19-07-2025 14:26

(កណ្តាល)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលមានការអមដំណើរ លោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល រួមជាមួយលោក គួច ចំរើន អភិបាលខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារគម្រោងការពារច្រាំងទន្លេបាសាក់ប្រវែង៥០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានណែនាំបន្ថែមដល់ក្រុមការងារសាងសង់ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់លើគុណភាព សោភ័ណភាព ស្របតាមបទដ្ឋានបច្ចេកទេស និងបន្តនូវកិច្ចសហការល្អជាមួយអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអាចសម្រេចកិច្ចការការពារច្រាំងទន្លេបាសាក់នេះតាមផែនការដែលបានគ្រោងទុកប្រកបដោយប្រសិទ្ធភាពខ្ពស់។

គម្រោងការពារច្រាំងទន្លេបាសាក់ ដែលមានប្រវែង៥០០ម៉ែត្រនេះ បានចាប់ផ្ដើមអនុវត្តនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ គឺបន្ថែមបន្តពីច្រាំងទន្លេដែលបានសាងសង់រួចប្រវែង១,២០០ម៉ែត្រ ក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល ដើម្បីការពារការបាក់ស្រុតច្រាំងទន្លេបាសាក់ ការពារទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសាបាក់។

សូមបញ្ជាក់ថា ការប្រែប្រួលនៃចរន្តទឹក និងជម្រាបទឹកពីក្រោមដីបានបណ្តាលឱ្យមានការបាក់ស្រុតច្រាំងទន្លេជាបន្តបន្ទាប់។ នៅអំឡុងខែសីហា ឆ្នាំ២០១៩ ច្រាំងទន្លេបាសាក់នៅបរិវេណបង្គោលព្រំដែនលេខ២៤៥/៤(១)ត្រូវបានចរន្តទឹកហូរច្រោះបណ្តាលឱ្យបាក់ស្រុតខ្លាំង។ ក្នុងគោលបំណង ដើម្បីការពារបង្គោលព្រំដែន និងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងតំបន់ ក្រសួងធនធានទឹក និងឧតុនិយម ដោយមានការឯកភាពពីគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានអនុវត្ដវិធានការបន្ទាន់ដោះស្រាយបញ្ហាទៅតាមផែនការកាត់បន្ថយការបាក់ច្រាំងទន្លេឱ្យបានជាអតិបរមា ដើម្បីការពារច្រាំងទន្លេ ដោយធ្វើការសាងសង់ច្រាំងទន្លេជាសំណង់បេតុងអាមេ ប្រវែង១,២០០ម៉ែត្រ ហើយបានបញ្ចប់ការងារដោយជោគជ័យកាលពីខែកក្កដា ឆ្នាំ២០២៤៕