លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបើកសន្និសីទទន្តសាស្ត្ររបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ លើកទី១ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអនុវត្តទន្តសាស្ត្រឈានមុខ» (Video inside)
19-07-2025 13:57
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ (TYDA) លើកទី១ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអនុវត្តទន្តសាស្ត្រឈានមុខ» ។
ពិធីនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ ដែលមានការចូលរួមពីរដ្ឋលេខាធិការក្រសួងសុខាភិបាល នាយកមន្ទីរពេទ្យជាតិ មន្ដ្រីរាជការ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស និងទូទៅ ឱសថបណ្ឌិត ឱសថការី ទន្ដបណ្ឌិត បុគ្គលិកសុខាភិបាលក្នុងវិស័យឯកជន ព្រមទាំងនិស្សិតពេទ្យជាសមាជិក សមាជិករបស់សមាគម TYDA និងវាគ្មិនជាតិ និងអន្ដរជាតិ ល្បីៗជាច្រើនរូបទៀត សរុបប្រមាណជាង១ពាន់នាក់ ទាំងអ្នកចូលរួមផ្ទាល់ និងតាមប្រព័ន្ធឌីជីថល។
លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា សន្និសីទដែលមានរយៈពេលពីរថ្ងៃនេះទី១៩-២០ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីសិក្សាស្វែងយល់កាន់តែច្បាស់លើសកម្មភាពអនុវត្តទន្តសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗ និងការរីកចម្រើននៃបច្ចេកវិទ្យានៅក្នុងវិស័យសុខាភិបាលដល់មន្ត្រីសុខាភិបាលគ្រប់រូប និងគ្រប់មូលដ្ឋាន ដើម្បីបានជំនាញដ៏រឹងមាំ សម្រាប់ធ្វើបច្ចុប្បន្នភាព ទៅតាមមុខវិជ្ជាជីវៈជាប្រវត្ថិសាស្ដ្រក្នុងវិស័យសុខាភិបាល និងចាប់យកបទពិសោធន៍ល្អ ដើម្បីបំពេញការងារកាន់តែមានប្រសិទ្ធភាពប្រកបដោយមនសិការវិជ្ជាជីវៈ។
លោកជំទាវបណ្ឌិត បានគូសរម្លឹកថា កន្លមកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានរៀចំសន្និសីទវេជ្ជសាស្ដ្រចំនួន ២លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ដ្រីរាជការ វេជ្ជបណ្ឌិតឯកទេសវេជ្ជបណ្ឌិត ទូទៅ ឱសថបណ្ឌិត ឱសថការី ទន្ដបណ្ឌិត គិលានុបដ្ឋាក ឆ្មប អ្នកបច្ចេកទេស មន្ទីរពិសោធន៍ បុគ្គលិកសុខាភិបាលក្នុងវិស័យឯកជន ព្រមទាំងនិស្សិតពេទ្យជាសមាជិក សមាជិករបស់សមាគម TYDA ដែលមានវាគ្មិនជាតិ និងអន្ដរជាតិ ល្បីៗជាច្រើនរូប ដែលបានលើកយកនូវប្រធានបទសំខាន់ៗមកបង្ហាញ និងជជែកពិភាក្សាគ្នា យ៉ាងផុសផុល។ការរៀបចំសន្និសីទកន្លងមកនេះ គឺពិតជាបានចូលរួមចំណែកដ៏ធំធេង នៅក្នុងការបង្កើតឱកាសសម្រាប់ផ្លាស់ប្ដូរយោបល់ និងការចែករំលែកឱ្យគ្នាទៅវិញទៅមក និងពុទ្ធិ ដែលអាចយកបទពិសោធន៍ល្អៗដើម្បីយកទៅអនុវត្ដឱ្យកាន់តែមានប្រសិទ្ធភាពការងារ ការទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈ។
«ទន្ដសាស្ដ្រគឺជាការចូលរួមចំណែកដ៏សំខាន់នៅក្នុងវិស័យសុខាភិបាល។ជាក់ស្ដែងតាមរយៈក្រុមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ ដែលបានចុះព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេស ឃើញថាមានប្រជាពលរដ្ឋយើង មកទទួលសេវាផ្នែកមាត់ធ្មេញនេះជាច្រើនជាងគេ»។ ស្របស្ថានភាពបច្ចុប្បន្នភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានជំរុញឱ្យសមាគមខិតខំប្រឹងប្រែងអភិវឌ្ឍន៍ចំណេះជំនាញរបស់ខ្លួនជាបន្ដបន្ទាប់ជានិច្ច ដើម្បីដើរឱ្យទាន់សម័យបច្ចេកវិទ្យាទំនើបថ្មីៗ ស្របប្រភេទជំងឺថ្មីៗក៏កើតមានឡើង ។ពិសេសត្រូវបង្កើនទំនាក់ទំនង ត្រូវចេះចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ។នេះជាអ្វីដែល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែធ្វើអំពាវនាវលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យយើងកន្លងមក»។
លោកជំទាវបណ្ឌិត បានថ្លែងទៀតថា «រាជរដ្ឋាភិបាល ក្នុងអាណត្ដិទី៧នៃរដ្ឋសភា គឺនៅតែបន្ដចិត្ដទុកដាក់ខ្ពស់លើសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ យើងជាអាទិភាពមួយជាចម្បង និងតែងតែតម្កល់នូវគោលការណ៍លើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងជារៀងរាល់ឆ្នាំ ។តាមរយៈវឌ្ឍនភាពសុខភាពសាធារណៈវិស័យសុខភាពមាត់ធ្មេញ និងអាហារូបត្ថម្ភ បានធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសដែលមានសមត្ថភាពក្នុងការដោះស្រាយសុខភាពសាធារណៈនានា ព្រមទាំងមានលទ្ធភាពពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅកាន់ការគ្របដណ្ដប់សុខភាពជាសកល ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រឹងសមត្ថភាពផ្ដល់សេវាសុខាភិបាល -ល-។ក្នុងនោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ TYDA គឺបានចូលរួមចំណែកជាធាតុផ្សំដោយផ្ទាល់ និងប្រយោល ដើម្បីឱ្យសេវាសុខាភិបាល និងសុខភាពសាធារណៈមានភាពល្អប្រសើរឡើង»។
សូមជម្រាបថាសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបង្កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ក្រោមការផ្ដួចផ្ដើមគំនិតដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សមាគមបានដាក់ចេញនូវគោលការណ៍ សកម្មភាពច្បាស់លាស់ជាប្រចាំ ដោយបានផ្ដោតទៅលើការពិនិត្យ និងព្យាបាលជំងឺដោយគិតឥតគិតថ្លៃដល់ប្រជាជនក្រីក្រទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា និងពណ៌សម្បុលនោះឡើយ ។
ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ សមាគមគ្រូពេទ្យ TYDA បានចុះពិនិត្យព្យាបាលជំងឺដោយឥតថ្លៃជូនប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេសបានចំនួនជាង ៦៥៩លើក និងព្យាបាលជំងឺចំនួន ៦២២,២១៦ករណី ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរចំនួន ១៣,៨២៥នាក់ ។ក្នុងនោះក៏បានបញ្ជូនអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរ ទៅព្យាបាលបន្ដនៅរាជធានីភ្នំពេញផងដែរ និងទទួលបានព្យាបាលយ៉ាងជោគជ័យ ។ ដោយឡែកក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ១៩កន្លងមក សមាគមគ្រូពេទ្យយុវជនសម្ដេចតេជោ ក៏បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមរយៈបេសកកម្មចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាង៩៧ម៉ឺននាក់ ការឆ្លើយតបបន្ទាន់ និងយកសំណាកបានជាង៧៤ម៉ឺនករណី និងបេសកកម្មព្យាបាលជូនអ្នកជំងឺកូវីដ១៩ ជាង២ម៉ឺននាក់៕