Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីន ប្តេជ្ញារួមគ្នារក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់

19-07-2025 13:50

(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងលោកឧត្តមសេនីយ៍ឯក ROY M GALIDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានបញ្ជាក់ជំហរពីការប្តេជ្ញាចិត្តរួមគ្នាដើម្បីថែក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ការធ្វើការជាមួយគ្នានៅក្នុងតំបន់ដែលជាគន្លងសំខាន់នៃស្ថិរភាពនៅតំបន់អាស៊ីអាគ្នេយ៍។

ការបញ្ជាក់ពីជំហររក្សាសន្តិភាពពីសំណាក់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីន បានធ្វើឡើងនៅចំពោះសេនានុព័ន្ធ អនុព័ន្ធយោធាប្រទេសជាមិត្ត ព្រមទាំងយោធាចារ្យកងទ័ពជើងគោកហ្វីលីពីន និងសិក្ខាកាមយោធាកម្ពុជា ជាង១០០នាក់ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការផ្លាស់ប្តូរបទពិសោធន៍ជំនាញសង្គ្រោះគ្រោះបាក់រលំអគារ នៅថ្ងៃទី៣ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំម្រះព្រៅ ខេត្តកំពង់ស្ពឺ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងថា វគ្គហ្វឹកហ្វឺនរួមគ្នា កងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន មិនត្រឹមតែបានបង្ហាញអំពីកិច្ចការទូតយោធានោះទេ ប៉ុន្តែ ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នាចំពោះការថែរក្សា ការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៃប្រទេសជាតិទាំងពីរ កម្ពុជា-ហ្វីលីពីន។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងថា៖ «វគ្គហ្វឹកហ្វឺនរួមគ្នាកងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន មិនត្រឹមតែបានបង្ហាញអំពីកិច្ចការទូតយោធានោះទេ ប៉ុន្តែក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះការថែរក្សា ការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃប្រទេសជាតិទាំងពីរ កម្ពុជា-ហ្វីលីពីន។ ចំណេះដឹង និងជំនាញដែលទទួលបានក្នុងអំឡុងពេលនៃវគ្គបណ្តុះបណ្តាលនេះនឹងរួមចំណែក ដល់ការក្សាបាននូវសុខសុវត្ថិភាព និងសន្តិសុខនៃតំបន់របស់យើង ដែលធ្វើឱ្យយើងរៀបចំខ្លួនបានប្រសើរក្នុងការប្រឈមមុខ នឹងបញ្ហាដែលអាចកើតមានឡើង»

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខគឺបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃទំនាក់ទំនងទ្វេភាគី ក្នុងរយៈកាលកន្លងមក ជាពិសេសការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំ ទាំងនៅក្នុងអង្គនីតិប្បញ្ញត្តិ អង្គនីតិប្រតិបត្តិ និងក្នុងក្របខណ្ឌកងទ័ព។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងថា ការកើនឡើងនៃឧក្រិដ្ឋកម្មតាមអ៉ីនធឺណិត ដែលបានក្លាយជាការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះសន្តិសុខជាតិ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងស្ថិរភាពសង្គម បានកំពុងបង្កការរំខានដល់ប្រព័ន្ធយោធា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងគោលដៅសំខាន់ៗផ្សេងទៀត ព្រោះសមរភូមិបច្ចុប្បន្ន បានប្រែប្រួលមិនត្រឹមតែនៅលើដី អាកាស និងសមុទ្រទៀតហើយ ប៉ុន្តែពង្រីកទៅក្នុងដែនឌីជីថល ដែលទាមទារឱ្យយើងត្រូវរៀបចំការឆ្លើយតបរួម។

លោកឧត្តមសេនីយ៍ឯក ROY M GALIDO បានលើកឡើងថា តាមរយៈសកម្មភាពហ្វឹកហាត់នេះមិនត្រឹមតែក្លាយជាទាហានដែលមានសម្ថភាពជាងមុនទេ ប៉ុន្តែ ក៏បានស្វែងយល់ពីវិធីធ្វើការជាដៃគូមិត្តភាពដើម្បីបង្កើតសន្តិភាព និងសុវត្ថិភាពនៅក្នុងតំបន់។ ការបញ្ចប់សកម្មភាពហ្វឹកហាត់មួយនេះមិនត្រឹមតែជួយបង្កើនជំនាញ និងសមត្ថភាពរបស់កងទ័ពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងទំនាក់ទំនងសហប្រតិបត្តិការយោធា និងមិត្តភាពរវាងកងទ័ពជើងគោកហ្វីលីពីន និងកង ទ័ពជើងគោកព្រះរាជាណាចក្រកម្ពុជា។

«ភាពជោគជ័យនៃការខិតខំប្រឹងប្រែងនេះបង្ហាញអំពីការពិតដ៏សំខាន់មួយថា មិនមានប្រទេសណាដែលអាចឈរឯកឯងក្នុងការស្វែងរកសន្តិភាព និងសុវត្ថិភាពបានទេ។ យើងត្រូវហ្វឹកហាត់រួមគ្នា សិក្សារួមគ្នា និងអភិវឌ្ឍរួមគ្នាដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសហការ និងការធ្វើការជាមួយគ្នានៅក្នុងតំបន់ដែលជាគន្លងសំខាន់នៃស្ថិរភាពនៅតំបន់អាស៊ីអាគ្នេយ៍»។ នេះជាការលើកឡើងបន្ថែមរបស់លោកឧត្តមសេនីយ៍ឯក ROY M GALIDO។

ឧត្តមសេនីយ៍ឯក ROY M GALIDO បានថ្លែងថាបបទពិសោធន៍ដែលទទួលបាននាពេលនេះ នឹងធ្វើឱ្យកងទ័ពទាំងពីរដឹងលើសពីអ្វីដែលមានក្នុងបន្ទាយ ឬថ្នាក់រៀន។ បទពិសោធន៍មេរៀននេះនឹងជួយសង្គ្រោះជីវិត ការពារសហគមហ៍ ហើយនឹងបម្រើជាតិ មាតុភូមិនៅក្នុងពេលវេលា ដែលមានសង្គ្រាម និងវិបត្តម្មវិធីហ្វឹកហាត់នេះ មិនមែនត្រឹមតែជាសវនកម្ម ដើម្បីបង្កើនសមត្ថភាពនោះទេ ប៉ុន្តែវាជាវេទិកាសម្រាប់សហការណ៍ ស្ម័គ្រចិត្ត និងការគោរពគ្នាទៅវិញទៅ មករវាងកងទ័ពទាំងពីរ៕