Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកតាំងគោកប្រចាំខែកក្កដា, ទេសរដ្ឋមន្រ្តី ថោង ខុន ណែនាំឱ្យយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសឆបោកតាមអនឡាញ (Online Scams) ក្នុងករណីដែលកើតមាននៅមូលដ្ឋាន

19-07-2025 13:29

(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកតាំងគោក ប្រចាំខែកក្កដា ឆ្នាំ២០២៥ និងបានដាក់ចេញទិសដៅអនុវត្តបន្តមួយចំនួន សំដៅធ្វើយ៉ាងណាក្តាប់ឱ្យជាប់នូវសភាពការណ៍កើតឡើងនៅមូលដ្ឋាន និងគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងគ្រាដែលប្រទេសកម្ពុជាកំពុងប្រឈមនឹងបញ្ហាផ្សេងៗ។

កិច្ចប្រជុំនេះដែរក៏មានការចូលរួមពីលោក ឈាង វណ្ណារិទ្ធ អនុប្រធានទី១, លោក ជា បូរ៉ា អនុប្រធានទី២, អនុប្រធាន សមាជិកក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក លោក លោកស្រី ជាប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង០៨ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងមានអនុប្រធានគណបក្សស្រុក, ប្រធានគណបក្សឃុំទាំង០៨, ក្រុមការងារថ្នាក់ស្រុក-ថ្នាក់ឃុំជាច្រើរូបទៀតផងដែរ។

ជាកិច្ចចាប់ផ្តើមនាឱកាសនោះលោកទេសរដ្ឋមន្ត្រី ថោង ខុន ក៏បានលើកឡើងពីបញ្ហាជម្លោះនៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជា-ថៃ និងបានណែនាំដល់ក្រុមការងារ រួមគ្នាគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើមូលដ្ឋានច្បាប់ តាមយន្តការការទូត និងច្បាប់អន្តរជាតិ។ រួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយជួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធក្នុងការការពារបូរណភាពទឹកដី, សមរភូមិក្រោយ ជួយសមរភូមិមុខ។

លោកទេសរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ទៀតថា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក សូមគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ក្នុងការធ្វើវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនៃកម្ពុជា ដើម្បីដកសញ្ជាតិខ្មែរចំពោះពលរដ្ឋខ្មែរណាដែលឃុបឃិតជាមួយនឹងបរទេសប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពប៉ះពាល់ដល់វិស័យសន្តិសុខជាតិធ្ងន់ធ្ងរ សេចក្តីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រជាជាតិ។ ជាមួយគ្នានោះ អង្គប្រជុំក៏បានគាំទ្រផងដែរលើការកែសម្រួល និងអនុវត្តន៍ច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលនឹងអនុវត្តនៅឆ្នាំ២០២៦ខាងមុខនេះ ដើម្បីពង្រឹងកងទ័ពឱ្យកាន់តែរឹងមាំ។

នាឱកាសនេះដែរ បន្ទាប់ពីបានស្តាប់របាយការណ៍មូលដ្ឋានពីលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក រួចមក, លោកបណ្ឌិត ថោង ខុន ក៏បានឯកភាពលើរបាយការណ៍គណបក្សស្រុកតាំងគោកប្រចាំខែកក្កដា ឆ្នាំ២០២៥ ទាំងស្រុង។ ក្រៅពីនេះក៏បានណែនាំឱ្យក្រុមការងារអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ក្នុងការចុះត្រួតពិនិត្យ និងចុះបង្រ្កាបទីតាំងបទល្មើសឆបោកតាមអនឡាញ ក្នុងករណីដែលកើតមាននៅក្នុងភូមិសាស្រ្តរបស់ខ្លួន។ រដ្ឋបាលស្រុក ឃុំ ភូមិ និងកម្លាំងសមត្ថកិច្ចក៏ត្រូវបន្តពង្រឹងសន្តិសុខ សុវត្តិភាព ពិសេសការបង្រាបក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់។

លោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យសមាជិក និងក្រុមការងារទាំងអស់បន្តគាំទ្រដល់ការជំរុញសេដ្ឋកិច្ចផ្ទៃក្នុង នៅក្នុងស្ថានភាពនៃការដាក់ពន្ធបដិការរបស់សហរដ្ឋអាមេរិកមកលើទំនិញកម្ពុជា ខណៈដែលបញ្ហានេះភាគីកម្ពុជាកំពុងធ្វើការចរចារបន្ថែមដើម្បីបន្ធូរបន្ថយពន្ធ ដែលជាការឆ្លើយតប នៅដើមខែសីហាឆាប់ៗនេះ សហរដ្ឋអាមេរិក នឹងបញ្ជាក់ពីពន្ធបដិកាថ្មីសម្រាប់កម្ពុជា។

ដោយឡែកចំពោះបញ្ហាសំណង់ និងការសាងសង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ, លោកបណ្ឌិត ក៏បានណែនាំឱ្យរដ្ឋបាលស្រុក និងការិយាល័យសូរិយោដីស្រុក ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងច្បាស់ពីច្បាប់សំណង់ ដីចំណីផ្លូវ និងការស្នើសុំច្បាប់អនុញ្ញាតសាង់សង់ផ្ទះផងដែរ។ រដ្ឋបាលស្រុក ឃុំ ភូមិ ត្រូវបន្តផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ។ ព្រមជាមួយនេះ សូមឲ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក និងរដ្ឋបាលស្រុក ឃុំ បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីធ្វើការផ្សព្វផ្សាយពីកម្មវិធី គោលនយោបាយ វិធានគន្លឹះ និងកម្មវិធីអាទិភាព នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ជូនប្រជាពលរដ្ឋ ឲ្យបានយល់ច្បាស់ ជឿជាក់ គាំទ្រ និងចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាព។

ចំពោះការងារគណបក្សវិញ, លោកបណ្ឌិត ថោង ខុន បានកោតសរសើរដល់ក្រុមការងារ និងគណបក្សស្រុក ឃុំ ដែលបានខិតខំជំរុញការកសាងសមាជិកបក្ស ដែលមកដល់ពេលនេះ គ្រប់ឃុំ សម្រេចបាន ៨២% ធៀបនឹងប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងសូមឲ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតទាំងបរិមាណ និងគុណភាព ដោយខិតខំសម្រេចឲ្យបាន ៨៥% នៅចុងឆ្នាំ២០២៥។

លោកបណ្ឌិតក៏បានណែនាំឱ្យក្រុមការងារ និងមន្រ្តីបក្សគ្រប់លំដាប់ថ្នាក់ បន្តក្តាប់ជាប់នូវសភាពការណ៍កើតឡើងនៅមូលដ្ឋាន ការងារសតិអារម្មណ៍នយោបាយ និងការគ្រប់គ្រងសាធារណៈមតិ សំដៅធ្វើការឆ្លើយតប និងវាយបកឱ្យបានទាល់ពេលវេលា។ បន្តចុះជាប់មូលដ្ឋាន និងមានរបបប្រជុំជីវភាពបក្សឲ្យបានទៀងទាត់។ បន្តការកសាងហេដ្ឋារចនាសម្ព័ន្ធតូចៗនៅមូលដ្ឋាន និងជំរុញការសាងសង់ទីស្នាក់ការគណបក្សស្រុកតាំងគោក ដោយខិងខំស្វែងរកប្រភពថវិកាពីក្រុមការងារ និងសប្បុរសជននានា ធ្វើយ៉ាងណាឱ្យបានរួចរាល់មុនការបោះឆ្នោត ឃុំ សង្កាត់ នាឆ្នាំ២០២៧ខាងមុខ៕