Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកសាររំលែកទុក្ខរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនក្រុមគ្រួសារសពឧត្តមសេនីយ៍ទោ ឈុំ ខេង

19-07-2025 12:48

(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក នាំសាររំលែកទុក្ខ និងថវិកាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ចូលរួមរំលែកទុក្ខជាមួយលោកស្រី ភាវ សុខា និងក្រុមគ្រួសារ ចំពោះមរណៈភាពលោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ នៅគេដ្ឋានភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញក្ដីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយទទួលដំណឹងថា លោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ កងទ័ពជើងគោក បានទទួលមរណភាព នៅថៃ្ងព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៩៖៥៧នាទី ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត សូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក៏ដូចជានាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចអន្តរាគមន៍លេខ៦ និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត។

ការបាត់បង់ ឧត្តមសេនីយ៍ទោ ឈុំ ខេង គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅៗ ហើយក៏ជាការបាត់បង់មេបញ្ជាការដ៏អង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចអន្តរាគមន៍លេខ៦ និងជាឥស្សរជនឆ្នើមមួយរូប នៃកងយោធពលខេមរភូមិន្ទ ដោយបានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុបមី ជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីជារៀងរហូតមក។

សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ក៏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧត្ដមសេនីយ៍ទោ ឈុំ ខេង សូមឲ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕