កម្លាំងគណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ បើកប្រតិបត្តិការបង្ក្រាបទីតាំងឧក្រិដ្ឋកម្មអនឡាញ នៅកាស៉ីណូជិតច្រកត្រពាំងផ្លុង ចាប់ខ្លួនមនុស្ស៤៤៥នាក់
19-07-2025 12:44
(ត្បូងឃ្មុំ)៖ ទីតាំងជង្រុកឧក្រិដ្ឋកម្មអនឡាញមួយកន្លែង នៅកាស៉ីណូ XAMAT ភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជិតច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បើកប្រតិបត្តិការបង្ក្រាបនៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។
របាយការណ៍របស់លោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រតិបត្តិការបង្ក្រាបទីតាំងខាងលើ ក៏មានការចូលរួមសម្របសម្រួលនីតិវិធីពីលោក ងិន ពេជ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។
ជាលទ្ធផល រកឃើញបុគ្គលិកសរុបរួម៤៤៨នាក់ ស្រី១៤៤នាក់ ក្នុងនោះមាន ជនជាតិវៀតណាម សរុប៣៥០នាក់ ស្រី១០៤នាក់ និងជនជាតិខ្មែរសរុប៩៨នាក់ ស្រី៤០នាក់ ព្រមទាំងសម្ភារបម្រើបទល្មើស ឆបោកតាមអនឡាញ Online Scam។
ជាចំណាត់ការ បុគ្គលិកជាជនជាតិវៀតណាម និងជនជាតិខ្មែរ ត្រូវបានឃាត់ខ្លួនដោយកម្លាំងចម្រុះ ក្រោមសម្របសម្រួលពី ព្រះរាជអាជ្ញា បានធ្វើការសាកសួរ និងបន្តឃាត់ខ្លួនទុកនៅនឹងទីតាំងខាងលើតែម្តងដោយសាររបុគ្គលិកមានចំនួនច្រើន និងមានដាក់កម្លាំងចម្រុះដើម្បីការពារនៅជុំវិញទីតាំង។
លុះព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដឹកនាំសម្របសម្រួលកម្លាំងចម្រុះស្នងការដ្ឋាននគរបាល និងកងរាជអាវុធហត្ថខេត្ត បានបន្តអនុវត្តតាមនីតិវិធី រួមមានការសួរនាំ និងពិនិត្យសារធាតុញៀនលើជនជាតិវៀតណាម និងជនជាតិខ្មែរទាំងអស់៕