Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីន អញ្ជើញបិទបញ្ចប់វគ្គហ្វឹកហ្វឺនជំនាញស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការផ្លាស់ប្តូរបទពិសោធន៍ជំនាញសង្គ្រោះគ្រោះបាក់រលំអគារ ដល់សិក្ខាកាមយោធិនកម្ពុជា ជាង១០០នាក់

19-07-2025 12:12

(កំពង់ស្ពឺ)៖ កងយោធពលខេមរភូមិន្ទ ចំនួន១១៩នាក់ ក្នុងនោះមានយោធិនជានារីចំនួន ២៤នាក់ នៃកងពលតូចលេខ៧០ បានបញ្ចប់ដោយជោគជ័យលើវគ្គហ្វឹកហ្វឺនជំនាញស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការផ្លាស់ប្តូរបទពិសោធន៍ជំនាញសង្គ្រោះគ្រោះបាក់រលំអគារ ដែលហ្វឹកហ្វឺនពីសំណាក់យោធាចារ្យកងទ័ពជើងគោករបស់ប្រទេសហ្វីលីពីន។

វគ្គហ្វឹកហ្វឺនជំនាញស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការផ្លាស់ប្តូរបទពិសោធន៍ជំនាញសង្គ្រោះគ្រោះបាក់រលំអគារ នេះបានធ្វើឡើងរយៈពេល១៧ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។

ការបណ្តុះបណ្តាលលើជំនាញស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការផ្លាស់ប្តូរបទពិសោធន៍ជំនាញសង្គ្រោះគ្រោះបាក់រលំអគារ ពីយោធាចារ្យកងទ័ពជើងគោកហ្វីលីពីន ដល់កងទ័ពកម្ពុជា គឺស្របនឹងកងទ័ពកម្ពុជា និងថៃ កំពុងប្រឈមមុខដាក់គ្នា នៅតាមបន្ទាត់ព្រំដែន ដែលស្ទើរតែបង្កឱ្យមានការផ្ទុះអាវុធ ជាច្រើនលើកច្រើនសារ។

ពិធីបិទវគ្គហ្វឹកហ្វឺននេះបានធ្វើឡើងនៅថ្ងៃទៅ១៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពភាពនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងលោកឧត្តមសេនីយ៍ឯក ROY M GALIDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំម្រះព្រៅ ខេត្តកំពង់ស្ពឺ។

បើយោងតាមរបាយការណ៍បានឱ្យដឹងថា វគ្គហ្វឹកហ្វឺនជំនាញស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការផ្លាស់ប្តូរបទពិសោធន៍ជំនាញសង្គ្រោះគ្រោះបាក់រលំអគារ មានយោធាចារ្យកងទ័ពហ្វីលីពីន ចំនួន៣០នាក់ បានអញ្ជើញមកបណ្តុះបណ្តាលដោយផ្ទាល់នៅលើទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនបានចាក់ឫសយ៉ាងជ្រៅដោយប្រទេសទាំងពីរតែងតែងបានគោរព និងផ្តល់តម្លៃគ្នាទៅវិញទៅមក និងសហការគ្នាយ៉ាងជិតស្និទក្នុងការកិច្ចការពារស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។ ប្រជាជាតិទាំងពីរបានរីករាយនឹងភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងដែលកំណត់ដោយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមានទាំងពាណិជ្ជកម្ម ការអប់រំ វប្បធម៌ និងជាពិសេស គឺវិស័យការពារជាតិ និងសន្តិសុខ។

នាយឧត្តមសេនីយ៍ សូមវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវគ្គហ្វឹកហ្វឺនដែលបានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់យោធាចារ្យ សាមគ្គីភាពរវាងគ្រប់ភាគីពាក់ព័ន្ធដែលមិនត្រឹមតែបានពង្រឹងជំនាញបច្ចេកទេស និងសមត្ថភាពប្រតិបត្តិការរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងចំណងមិត្តភាព និងពិតជាបានបង្ហាញនូវភាពជាដៃគូរបស់កងទ័ពជើងគោកទាំងពីរកម្ពុជា-ហ្វីលីពីន។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបន្តថា វគ្គហ្វឹកហ្វឺនរួមគ្នា កងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន មិនត្រឹមតែបានបង្ហាញអំពីកិច្ចការទូតយោធានោះទេ ប៉ុន្តែ ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នាចំពោះការថែរក្សា ការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៃប្រទេសជាតិទាំងពីរ កម្ពុជា-ហ្វីលីពីន។ ចំណេះដឹង និងជំនាញដែលទទួលបានក្នុងអំឡុងពេលនៃវគ្គបណ្តុះបណ្តាលនេះនឹងរួមចំណែកដល់ការក្សាបាននូវសុខសុវត្ថិភាព និងសន្តិសុខនៃតំបន់ដែលធ្វើឱ្យយើងរៀបចំខ្លួនបានប្រសើរក្នុងការប្រឈមមុខនឹងបញ្ហាដែលអាចកើតមានឡើង។

លោកឧត្តមសេនីយ៍ឯក ROY M GALIDO បានលើកឡើងថា នៅថ្ងៃនេះជាពេលវេលាដ៏មានមោទនភាពសម្រាប់ប្រទេសទាំងពីរខណៈដែលការបញ្ចប់សកម្មភាពហ្វឹកហាត់មួយនេះមិនត្រឹមតែជួយបង្កើនជំនាញ និងសមត្ថភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងទំនាក់ទំនងសហប្រតិបត្តិការយោធា និងមិត្តភាពរវាងកងទ័ពជើងគោកហ្វីលីពីន និងកងទ័ពជើងគោកព្រះរាជាណាចក្រកម្ពុជា។

លោកឧត្តមសេនីយ៍ឯក ROY M GALIDO បានបន្ថែមថា ក្នុងរយៈពេល ១៨ថ្ងៃកន្លងមកនេះកងទ័ពទាំងពីរបានធ្វើការជាមួយគ្នាជាមួយគោលបំណងរួមមួយគឺ ការលើកកម្ពស់ ចំណេះដឹង ជំនាញ និងការអនុវត្តក្នុងវិស័យសំខាន់ៗដូចជា៖ ជំនាញប្រុយទ្ធក្នុងទីក្រុងរបស់ទាហានជើងគោក ជំនាញស្រាវជ្រាវ ការស្វែងរក និងជួយសង្គ្រោះនៅក្នុងអគារដែលរលំ។ តាមរយៈសកម្មភាពហ្វឹកហាត់នេះមិនត្រឹមតែក្លាយជាទាហានដែលមានសម្ថភាពជាងមុនទេ ប៉ុន្តែ ក៏បានស្វែងយល់ពីវិធីធ្វើការជាដៃគូមិត្តភាពដើម្បីបង្កើតសន្តិភាព និងសុវត្ថិភាពនៅក្នុងតំបន់។

«ភាពជោគជ័យនៃការខិតខំប្រឹងប្រែងនេះបង្ហាញអំពីការពិតដ៏សំខាន់មួយថា មិនមានប្រទេសណាដែលអាចឈរឯកឯងក្នុងការស្វែងរកសន្តិភាព និងសុវត្ថិភាពបានទេ។ យើងត្រូវហ្វឹកហាត់រួមគ្នា សិក្សារួមគ្នា និងអភិវឌ្ឍរួមគ្នាដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសហការ និងការធ្វើការជាមួយគ្នានៅក្នុងតំបន់ដែលជាគន្លងសំខាន់នៃស្ថិរភាពនៅតំបន់អាស៊ីអាគ្នេយ៍»។ នេះជាការលើកឡើងបន្ថែម៤បស់លោកឧត្តមសេនីយ៍ឯក ROY M GALIDO៕