អតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា ទទួលស្គាល់ថា លោក ថាក់ស៊ីន ពិតជាលួចទម្លាយឯកសាររដ្ឋាភិបាលជូនសម្តេចតេជោ ហ៊ុន សែន និងអះអាងថា សម្តេចតេជោពិតជាដឹងរឿងច្រើនពីប្រទេសថៃមែន ! (Video isnide)
19-07-2025 11:38
(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក អាប់ភីស៊ីត វេចាជីវ៉ា ទទួលស្គាល់ថា លោក ថាក់ស៊ីន ពិតជាលួចទម្លាយឯកសាររដ្ឋាភិបាលជូនសម្តេចតេជោ ហ៊ុន សែន និងបានអះអាងបញ្ជាក់ថា សម្តេចតេជោពិតជាដឹងរឿងច្រើនពីប្រទេសថៃមែន !
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយនៅទីក្រុងបាងកក ប្រទេសថៃ អតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា បាននិយាយរៀបរាប់ ដោយបកប្រែពីភាសាថៃ មានខ្លឹមសារទាំងស្រុងដូច្នេះខាងក្រោម៖
«ដូច្នេះនៅពេលនោះអ្វីដែលលោក ហ៊ុន សែន និយាយទាំងអស់ពាក់ព័ន្ធនឹងរូបខ្ញុំ ខ្ញុំត្រូវតែប្រាប់ថា គឺជាការពិត ប៉ុន្តែលោក ហ៊ុន សែន គ្មានភស្តុតាងណាមកបង្ហាញថា តើព័ត៌មានដែលលោកដឹងនោះ បានមកពីលោក ថាក់ស៉ីន ឬយ៉ាងណានោះទេ ប៉ុន្តែលោក ហ៊ុន សែន ប្រាប់ថា បានពីលោក ថាក់ស៉ីន ខ្ញុំគ្រាន់តែកត់សំគាល់ថា ឯកសារ ឬអាថ៌កំបាំង ដែលបែកធ្លាយដល់លោក ហ៊ុន សែន នោះ ប្រហែលជាឯកសារតែមួយដូចគ្នា នឹងឯកសារដែលលោក ចតុផន ព្រុំផាន់ បានយកមកលាតត្រដាង ហើយក៏ត្រូវបានចាត់ការតាមនីតិវិធីច្បាប់ ពីបទបញ្ចេញឯកសារសម្ងាត់របស់រដ្ឋាភិបាល ហើយឥឡូវសំណុំរឿងនេះ កំពុងស្ថិតនៅក្នុងដៃតុលាការ ដូច្នេះបើនិយាយពាក់ព័ន្ធនឹងរូបខ្ញុំ ខ្ញុំសូមប្រាប់ថាលោក ហ៊ុន សែន និយាយពិតមែន ប៉ុន្តែដែលពាក់ព័ន្ធជាមួយលោក ថាក់ស៉ីន ត្រង់នេះ ត្រូវមើលថា តើភស្តុតាងយ៉ាងដូចម្តេច? ប៉ុន្តែការពិត បើមើលទៅគឺបែបនេះឯង
ហើយខ្ញុំក៏ចង់និយាយរឿងមួយ និយាយពីភាពស្និទស្នាលរបស់មនុស្សពីរនាក់នេះ (ហ៊ុន សែន ថាក់ស៉ីន) ស្និទស្នាលនឹងគ្នាខ្លាំងណាស់ នៅឆ្នាំ២០០៩ មានហេតុការណ៍ នៅពេលមានកិច្ចប្រជុំអាស៊ាននៅប៉ាតាយ៉ា មានក្រុមបាតុករបានព្យាយាមធ្វើឱ្យកិច្ចប្រជុំនេះបរាជ័យ ហើយអ្វីដែលពួកគេធ្វើបានសម្រេចនោះគឺបិទផ្លូវ រហូតដល់ធ្វើឱ្យមេដឹកនាំប្រទេសមួយចំនួនមិនអាចមកចូលរួមកិច្ចប្រជុំអាស៊ាននាពេលនោះបាន ពេលមានហេតុការណ៍បែបនេះកើតឡើង នៅទីបំផុតខ្ញុំត្រូវតែធ្វើការសម្រេចចិត្តលុបចោលកិច្ចប្រជុំនេះ ខ្ញុំនៅចាំបានច្បាស់ថា ខ្ញុំបាននិយាយថា យើងបើកកិច្ចប្រជុំមិនបានទេ ពេលនោះប្រហែលជាម៉ោង១០-១១ ថ្ងៃត្រង់ទេដឹង ខ្ញុំចាំមិនបានកិច្ចប្រជុំមិនអាចធ្វើឡើងបាន ប៉ុន្តែវាមិនជាអ្វីទេ សម្រាប់អ្នកដែលបានអញ្ជើញមកដល់ហើយ យើងនឹងទៅទទួលទានអាហារជាមួយគ្នា ប៉ុន្តែលោក ហ៊ុន សែន ជាអ្នកប្រាប់ថា កុំចាំបាច់ទៅទទួលទានអាហារអី យើងបែកផ្លូវគ្នារៀងៗខ្លួនទៅ បន្ទាប់ពីនោះបានប៉ុន្មាននាទីក្រោយមក ក្រុមបាតុករក៏បានសម្រុកចូលមកដល់សណ្ឋាគារ (កិច្ចប្រជុំអាស៊ាន) តែម្តង ខ្ញុំគ្រាន់តែចង់ប្រាប់ថា ខ្ញុំបានកត់សម្គាល់តាំងពីពេលនោះមកថា លោក ហ៊ុន សែន ពិតជាដឹងច្រើនពិតមែន»៕