នវានុវត្តន៍ឌីជីថល! ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក និងត្រាអេឡិចត្រូនិក លើឯកសារទម្រង់ឌីជីថល ជួយសម្រួលអ្នកវិនិយោគក្នុងការដាក់ឯកសារនានា
19-07-2025 11:29
(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការលើការងារវិនិយោគរបស់រាជរដ្ឋាភិបាល ប្រកាសការដាក់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក (e-Signature) និងត្រាអេឡិចត្រូនិក (e-Stamp) លើឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)។ ការដាក់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក និងត្រាអេឡិចត្រូនិកនេះ នឹងជួយសម្រួលអ្នកវិនិយោគក្នុងការដាក់ឯកសារនានា ក្នុងការស្នើសុំសិទ្ធិវិនិយោគ។
ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការជាងមួយឆមាសហើយ សម្រាប់ការ ផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)។ ការដាក់ចេញនូវយន្តការបច្ចេកវិទ្យាឌីជីថលនេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីចូលរួមជំរុញការធ្វើបរិវត្តកម្មឌីជីថល កសាងម៉ូដែលថ្មីនៃកំណើន សំដៅពន្លឿននីតិវិធី កាត់បន្ថយ ពេលវេលាផ្តល់សេវាសាធារណៈ និងបង្កើនទំនុកចិត្តជូនវិនិយោគិនដែលមានបំណងមកបណ្តាក់ទុនវិនិយោគ នៅកម្ពុជា។
ដោយទទួលបានការអនុញ្ញាតពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅពេលនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកំណត់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក និងត្រាអេឡិចត្រូនិក ដោយមានភា្ជប់ QR Code ទៅដែនជាតិ .gov.kh ដើម្បីផ្ទៀងផ្ទាត់។ រាល់ឯកសារទម្រង់ឌីជីថល ដែលមានកាលបរិច្ឆេទចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ អាចត្រូវបានទាញយកពីប្រព័ន្ធ cdcIPM ទៅប្រើប្រាស់ និងមានតម្លៃជាឯកសារច្បាប់ដើម ដោយអនុលោមទៅតាមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
តាមរយៈការដាក់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក និងត្រាអេឡិចត្រូនិក នឹងបង្កភាពងាយស្រួលសម្រាប់អ្នកវិនិយោគក្នុងការដាក់ឯកសារស្នើសុំការវិនិយោគ។ អ្នកដាក់ពាក្យស្នើសុំ ឬវិនិយោគិនដែលអនុវត្តគម្រោងវិនិយោគ មិនតម្រូវឱ្យផ្តល់ឯកសារនានាដែលមានស្រាប់នៅក្នុង QR Code នៃឯកសារទម្រង់ឌីជីថលខាងលើនេះ ទៅក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាពដែលពាក់ព័ន្ធនឹងការចុះបញ្ជីពាក់ព័ន្ធ និងការពិនិត្យអនុលោមភាពនៃការអនុវត្តគម្រោង វិនិយោគសោះឡើយ។
រយៈពេលមិនដល់ពីរឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលថ្មី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការលើការងារវិនិយោគរបស់រាជរដ្ឋាភិបាល មានលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាអនុប្រធានដឹកនាំប្រតិបត្តិផ្ទាល់ បានប្រឹងប្រែងធ្វើនវានុវត្តន៍ប្រព័ន្ធឌីជីថុលលើការងារផ្តល់សេវាផ្នែកវិនិយោគ ដើម្បីជួយសម្រួល និងកាត់បន្ថយភាពស្មុគស្មាញលើការស្នើសុំវិនិយោគនៅកម្ពុជា។
ឆ្នាំ២០២៤ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ ហើយត្រូវបានធ្វើបច្ចុប្បន្នភាពប្រព័ន្ធជាបន្តបន្ទាប់ រហូតឈានដល់ការដាក់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក និងត្រាអេឡិចត្រូនិក បង្កភាពកាន់តែងាយស្រួលសម្រាប់ការដាក់ពាក្យស្នើសុំសិទ្ធិវិនិយោគ។
ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM ជួយឱ្យអ្នកវិនិយោគដាក់ពាក្យស្នើសុំសិទ្ធិវិនិយោគនៅកម្ពុជា គ្រប់ទីកន្លែងដែលមានអ៊ីនធើណេត គេមិនបាច់វេចឯកសារមកកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៀតនោះឡើយ។ ប្រព័ន្ធនេះ ក៏ជួយឱ្យថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យ និងតាមដាន ហើយឈានទៅអនុម័តលើគម្រោងវិនិយោគនានាពីគ្រប់ទីកន្លែង សូម្បីតែលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាប់បំពេញភារកិច្ចនៅក្រៅប្រទេស ក៏អាចពិនិត្យ និងសម្រេចលើគម្រោងវិនិយោគនានាបានផងដែរ៕