Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គលេខាធិការអាស៊ាន ស្វាគមន៍រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី មកទស្សនកិច្ចផ្លូវការ នៅលេខាធិការដ្ឋានអាស៊ាន និងចូលរួមសកម្មភាពមួយចំនួនទៀត

19-07-2025 11:27

(ឥណ្ឌណេស៊ី)៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានស្វាគមន៍លោក Sugiono មកបំពេញទស្សនកិច្ចផ្លូវការ លើកដំបូងនៅលេខាធិការដ្ឋានអាស៊ាន។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានអញ្ជើញទស្សនាបរិវេនអគាររបស់លេខាធិការដ្ឋានអាស៊ាន ព្រមទាំងមានការទទួលស្វាគមន៍ ដោយតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន ឯកអគ្គរដ្ឋទូតទីម័រ ខាងកើតប្រចាំអាស៊ាន និងឯកអគ្គរដ្ឋ/រាជទូតនានាប្រចាំអាស៊ានផងដែរ។

លោករដ្ឋមន្ត្រី ក៏មានជំនួបដោយឡែកជាមួយលោកបណ្ឌិត កៅ គឹមហួន ដែលភាគីទាំងពីរ បានពិភាក្សាការងារតាមដានបន្តពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ និងកិច្ចប្រជុំពាក់ព័ន្ធដែលទើបបានបញ្ចប់កាលពីពេលថ្មីៗនេះ។

ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ឥណ្ឌូណេស៊ីដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់ការងាររបស់អាស៊ាន ហើយទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសលើកនេះ គូសបញ្ជាក់ពីការបន្ត ប្តេជ្ញាចិត្តរបស់ឥណ្ឌូណេស៊ី ចំពោះអាស៊ាន និងការកសាងស្ថាប័ន ក្នុងគោលបំណងជំរុញសមាហរណកម្មតំបន់ និងគោលបំណងរបស់ «អាស៊ានឆ្នាំ២០៤៥៖អនាគតរួមគ្នារបស់យើង»

នៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន ក៏បានបន្ដរៀបចំបាយការងារជូនលោកស្រី Hou Yanqi ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានធ្វើការពិភាក្សាអំពីការត្រៀមរៀបចំ សម្រាប់ទស្សនកិច្ចរបស់លោកអគ្គលេខាធិការអាស៊ានទៅប្រទេសចិន ពីថ្ងៃទី២៣ ដល់២៦ ខែកក្កដា ឆ្នាំ២០២៥ រួមទាំង ការអញ្ជើញចូលរួមក្នុងសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (WAIC) នៅទីក្រុងសៀងហៃផងដែរ។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈជុំវិញទំនាក់ទំនងអាស៊ាន-ចិន និងសមិទ្ធផលដែលអាចសម្រេចបាន ដើម្បីគាំទ្រដល់អាទិភាពនានារបស់ប្រធានអាស៊ាន នៅឆ្នាំនេះ។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានបន្ដជម្រាបជូនខ្លឹមសារសំខាន់ៗ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីថ្ងៃទី ៨-១១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី កន្លងទៅ ដល់ក្រុមអង្គទូត និងប្រព័ន្ធផ្សព្វផ្សាយប្រចាំទីក្រុងហ្សាការតា។

នៅក្នុងឱកាសនោះ តំណាងមកពីគណៈកម្មាធិការអាស៊ាននៅប្រទេសទី ៣ និងអង្គការអន្តរជាតិ (ACTCs) ក៏បានចូលរួមតាមរយៈអនឡាញផងដែរ។

លោកអគ្គលេខាធិការអាស៊ាន បានចែករំលែកពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំជាបន្តបន្ទាប់ ដោយបានសង្កត់ធ្ងន់ពីមជ្ឈភាពអាស៊ាន សារៈសំខាន់នៃយន្តការនានាដឹកនាំដោយអាស៊ាន ព្រមទាំងការគាំទ្រយ៉ាងខ្លាំងពីដៃគូខាងក្រៅសម្រាប់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន បន្ទាប់ពីការអនុម័តឯកសារ «អាស៊ានឆ្នាំ២០៤៥៖ អនាគតរួមគ្នារបស់យើង» ដោយប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានកាលពីខែឧសភា កន្លងទៅ។

ពិធីនេះ ក៏មានការផ្សាយបន្តផ្ទាល់ដល់សាធារណជន តាមរយៈ YouTube channel របស់លេខាធិការដ្ឋានអាស៊ានផងដែរ។

នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានរៀបចំអាហារពេលល្ងាចជូនលោក Kjell Tormod Pettersen ឯកអគ្គរដ្ឋទូតន័រវែសប្រចាំអាស៊ាន ក្នុងឱកាសដែលគាត់បញ្ចប់អាណត្តិ នៅទីក្រុងហ្សាការតា។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរទស្សនៈជុំវិញទំនាក់ទំនងអាស៊ាន-ន័រវែស ជាពិសេស ស្របពេលដែលអាស៊ាន និងន័រវែសប្រារព្ធខួបអនុស្សាវរីយ៍ ១០ ឆ្នាំនៃភាពជាដៃគូសន្ទនាតាមវិស័យ នៅឆ្នាំនេះ។

អគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណលោក Pettersen សម្រាប់ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-ន័រវែស នៅក្នុងអាណត្តិរបស់គាត់ រួមទាំង ការរៀបចំដោយជោគជ័យនូវទស្សនកិច្ចការងាររបស់អគ្គលេខាធិការអាស៊ាន ទៅប្រទេសន័រវែស កាលពីខែមិថុនា ឆ្នាំ២០២៥៕