Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនលោកស្រី ភាវ សុខា និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦

19-07-2025 11:00

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនលោកស្រី ភាវ សុខា ចំពោះមរណភាពរបស់ឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំអន្តរាគមន៍លេខ២ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។

តាមរយៈសារលិខិតសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោកស្តាយជាពន់ពេក ដោយបានទទួលដំណឹងមរណភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ ចំណុះ កងពលធំអន្តរាគមន៍លេខ២ បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ២០:០១នាទី ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយ រោគាពាធ។

ក្នុងវេលាពោរពេញដោយមហាទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ និងក្រុមគ្រួសារ ចំពោះការបាត់បង់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈុំ ខេង ដែលត្រូវជាស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ដ៏ប្រពៃសម្រាប់គ្រួសារ ជាពិសេសគឺជាការបាត់បង់ឥស្សរជន ដែលបានរួមចំណែកបំពេញករណីយកិច្ច ប្រកបដោយស្មារតីស្នេហាជាតិ មាតុភូមិ និងបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។

យើងខ្ញុំ សូមឧទ្ទិសកុសល និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈុំ ខេង ទទួលបានភាពត្រជាក់ត្រជំនៃតេជះបារមីព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងឆាប់បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕